ប្រែសម្រួលៈវាសនា/មូស្គូ៖សារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់កាំជ្រួចចម្ងាយឆ្ងាយជាច្រើនជាផ្នែកនៃសមយុទ្ធយោធាប្រចាំឆ្នាំ ដោយអាចហោះទៅដល់គោលដៅចម្ងាយ១.៦០០គីឡូម៉ែត្រ។
ប្រភពព័ត៌មានបាននិយាយថា កាំជ្រួចរបស់អ៊ីរ៉ង់បានធ្លាក់នៅចម្ងាយ១០០ម៉ៃល៍(១៦០គីឡូម៉ែត្រ)ពីនាវាផ្ទុកយន្តហោះអាម៉េរិកUSS Nimitzនិងនៅចម្ងាយប្រមាណតែ៣០គីឡូម៉ែត្រពីនាវាពាណិជ្ជកម្មមួយ។
មន្ត្រីអាម៉េរិកសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានFox Newsថា «គ្រាប់រ៉ុក្កែត២បានផ្ទុះនៅពេលវាប៉ះទឹកនៅមហាសមុទ្រឥណ្ឌានៅចម្ងាយ៣០គីឡូម៉ែត្រពីនាវាពាណិជ្ជកម្មមួយ តែមិនឃើញមានការគំរាមណាមួយដល់យោធាអាម៉េរិកទេ»។
ក្នុងពេលជាមួយគ្នា បណ្តាផ្កាយរណបឈ្លបយកការណ៍អាម៉េរិកបានតាមដានការបាញ់កាំជ្រួចចេញពីអ៊ីរ៉ង់ផងដែរ ។
កាលពីថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា អ៊ីរ៉ង់បានបាញ់កាំជ្រួចជាផ្នែកនៃសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួន ដោយធ្លាក់ចំគោលដៅនៅចម្ងាយជាង១.៦០០គីឡូម៉ែត្រ។មុននេះមួយថ្ងៃ គេថានាវាមុជទឹកអ៊ីរ៉ង់ក៏បានបាញ់កាំជ្រួចបណ្តែតនៅឈូងសមុទ្រអូម៉ង់៕
អ៊ីរ៉ង់បាញ់ហ្វឹកហាត់បាញ់កាំជ្រួចនិងប្រើដ្រូនកាលពីថ្ងៃសុក្រ ក្នុងសមយុទ្ធយោធាលើកទី៣ក្នុងរយៈពេលមិនដល់២សប្តាហ៍
នាវា USS Nimitzត្រូវបានបញ្ជូនទៅកាន់ឈូងសមុទ្រកាលពីខែមេសាឆ្នាំ២០២០ និងត្រូវបានបញ្ជាអោយបន្តស្ថិតនៅទីនោះចំពេលមានការបារម្ភខ្លាចក្រែងអ៊ីរ៉ង់វាយប្រហារសងសឹកការសម្លាប់ឧត្តមសេនីយ៍របស់ខ្លួនម្នាក់កាលពីមួយឆ្នាំមុន