ដោយៈសុផានីតា/កោះកុងៈ ពលករខ្មែរចំនួន២០នាក់ ដែលឆ្លងដែនពីប្រទេសថៃមកកម្ពុជាតាមច្រកព្រំដែននានាក្នុងភូមិសាស្ត្រខេត្តកោះកុង នៅថ្ងៃទី១៧ មករា ២០២១ គឺត្រូវបានអាជ្ញាធរខេត្តអនុញ្ញាតឱ្យពួកគេចាកចេញពីមណ្ឌលចត្តាឡីស័កវិលទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារហើយ បន្ទាប់ពីពួកគេបានស្ម័គ្រចិត្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃកន្លងទៅមក ដោយមានការតាមដានពិនិត្យយ៉ាងល្អិតចត់។
លោកស្រីអភិបាលខេត្តបានឱ្យដឹងថា ទោះបីក្រុមពលករទាំងនេះត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះជួបជុំគ្រួសារក៏ដោយ ក៏ លោកស្រីនៅតែទាមទារឱ្យពួកគាត់បន្តធ្វើអនាម័យសុខភាពញឹកញប់អំឡុងពេលទៅដល់លំនៅដ្ឋាន ករណីមានរោគសញ្ញាសង្ស័យណាមួយ គប្បីប្រញាប់ទៅមន្ទីរពេទ្យនៅក្បែរមូលដ្ឋានរស់នៅ។
សូមជម្រាបថា ពលករដែលវិលត្រឡប់ទៅស្រុកកំណើតវិញមាន៖ ខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង ដែលតេស្តពុំឃើញវីរុសកូវីដ-១៩ឡើយ។ ពួកគេត្រូវបានសមត្ថកិច្ចទទួលយកពីព្រំដែនអន្តរជាតិចាំយាម និងច្រករបៀងមួយចំនួនតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ពលករដែលធ្វើចត្តាឡីស័ក បានអះអាងថា ពួកគេទទួលបានអាហារបរិភោគ៣ពេល មានពិនិត្យសុខភាពជាប្រចាំ និងកន្លែងស្នាក់នៅល្អគួរសម។ នៅពេលធ្វើដំណើរដល់សហគមន៍ ពួកគេនឹងអនុវត្តវិធានការអនាម័យសុខភាពតាមការណែនាំរបស់អាជ្ញាធរ និងក្រុមគ្រូពេទ្យ។
ទាំងអាជ្ញាធររដ្ឋបាលខេត្ត ស្រុក មន្ត្រីសុខាភិបាល និងកងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងមូលដ្ឋានខេត្តកោះកុង កំពុងបង្កើនការតាមដានពិនិត្យលំហូចំនួនពលករខ្មែរគ្រប់ច្រកចេញចូលនៃព្រំដែនគោក-ទឹក ជាពិសេសច្រករបៀង ត្រៀមទទួលពលករមកធ្វើចត្តាឡីស័ក២៤ម៉ោងលើ២៤ម៉ោង៕