យុទ្ធនាការ «​រត់​ជាមួយ​សាយ​» ទទួលបានថវិកា១​ម៉ឺន​ដុល្លារពីស្មាត

​ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញ​: សិល្បករ Pleng រួមជាមួយ​តារា​តាម​បណ្តាញ​សង្គម​ដទៃទៀត​បាន​ចូលរួម​ជាមួយ​លោក អួន បឋម ដែល​ត្រូវបាន​គេ​ស្គាល់​ថា «​សាយ​» កាលពី​ថ្ងៃអាទិត្យ​ក្នុង​ព្រឹត្តិការណ៍​រត់​ចម្ងាយ ១០ គីឡូម៉ែត្រ​នៅ​កោះ​ពេជ្រ ដែលជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍ «​រត់​ជាមួយ​សាយ​» ដែលជា​យុទ្ធនាការ​រៃអង្គាស​ថវិកា​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។​

​ក្រុមហ៊ុន Smart Axiata បាន​បរិច្ចាគ​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ ដល់​យុទ្ធនាការ​រៃអង្គាស​ថវិកា របស់ សាយ ដែល​ឥឡូវនេះ​ថវិកា​ដែល​បាន​រៃអង្គាស​មាន​ចំនួន​លើសពី ៤៨​ម៉ី​ន​ដុល្លារ បន្ទាប់ពី​គាត់​បាន​រត់​ចម្ងាយ​ជាង ២.៤០៨​គីឡូម៉ែត្រ ឆ្លងកាត់​ខេត្ត​ចំនួន ២១ ក្នុង​រយៈពេល ៩៧ ថ្ងៃ​។​

​ថ្លែង​អំពី​មូលហេតុ​ដែល​គាត់​ផ្តើម​យុទ្ធនាការ «​រត់​ជាមួយ​សាយ​» នេះ​ឡើង លោក សាយ បាន​និយាយថា​៖ «​ខ្ញុំ​គោរព និង​កោត​ស​សើរ​ការងារ ដែល​មន្ទីរពេទ្យ​កុមារ​អង្គរ​កំពុង​ធ្វើ ដើម្បី​ផ្ដល់​ការព្យាបាល​ដល់​កុមារ​កម្ពុជា ហើយ​ខ្ញុំ​បាន​ជួយ​ពួកគេ​តាមរយៈ​មធ្យោបាយ​ដែល​ខ្ញុំ​អាចធ្វើ​ទៅបាន​។ ឆ្នាំ ២០២០ គឺជា​ឆ្នាំ​ដ៏​លំបាក​មួយ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ណាស់​ចំពោះ​ការគាំទ្រ និង​សប្បុរសធម៌​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​បុព្វហេតុ​ដ៏​គួរឱ្យ​ស្ងើចសរសើរ​នេះ​។​»

​លោក​បាន​បន្តទៀតថា ៖«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់ ដែល​ក្រុមហ៊ុន​ធំៗ​នៅ​កម្ពុជា ដូចជា​ក្រុមហ៊ុន Smart បាន​ចូលរួម​គាំទ្រ​កម្មវិធី​សប្បុរសធម៌​របស់ខ្ញុំ ក្នុង​ការជួយ​ប្រជាជន​កម្ពុជា​ឲ្យ​ចេះ​ជួយ​យកអាសារ​គ្នា ជាពិសេស​ដល់​អ្នក​ដែល​មិនមាន​សំណាង​ជាង​ខ្លួន ជាពិសេស​ក្មេងៗ​។​»


​លោក សាយ ក៏​ទទួលបាន​ការតែងតាំង​ជាច្រើន​ពី​ពលរដ្ឋ​កម្ពុជា ដើម្បី​ក្លាយជា​ជ័យលាភី​ពានរង្វាន់​ពលរដ្ឋ​គំរូ​របស់​ក្រុមហ៊ុន Smart ផងដែរ ដែលជា​ផ្នែក​មួយ​ផ្សេងទៀត​នៃ​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» របស់​ក្រុមហ៊ុន Smart Axiata ដើម្បី​ជ្រើសរើស​ពលរដ្ឋ​កម្ពុជា​ដែល​បាន​នាំមក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ដល់​សហគមន៍​របស់​ពួកគេ​ទោះបីជា​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ក៏ដោយ​។​

​លោក Feiruz Ikhwan នាយក​ផ្នែក​ហិរញ្ញវត្ថុ ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសា​នស៍​ថា​៖ «​លោក សាយ បាន​លើកទឹកចិត្ត​ដល់​ពួក យើងទាំងអស់គ្នា ហើយ​ពួកយើង​នៅ​ក្រុមហ៊ុន Smart មាន​មោទនភាព​ក្នុងការ​រួមចំណែក​ដល់​សមិទ្ធិផល​ដ៏​អស្ចារ្យ​របស់គាត់​ក្នុងការ​រៃអង្គាស​ថវិការ​ជាច្រើន​តាមរយៈ​គំនិត​ផ្តួចផ្តើម ការខិតខំ និង​ការលះបង់​ផ្ទាល់ខ្លួន​។ យើង​សង្ឃឹមថា​ការបរិច្ចាគ​របស់​ក្រុមហ៊ុន​ទៅកាន់​យុទ្ធនាការ «​រត់​ជាមួយ​សាយ​» នៅថ្ងៃនេះ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» របស់​យើង​នឹង​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​កម្ពុជា​ឲ្យ​ចេះ​រួមគ្នា និង​ចេះ​ជួយ​គ្នា​ទៅវិញទៅមក ជាពិសេស​ជួយ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត ក្នុងអំឡុងពេល​ដ៏​លំបាក​ទាំងនេះ​។​»

​នៅពេល​ចុះ​បញ្ចប់​នៃ​ការរត់​ចម្ងាយ ១០ គីឡូម៉ែត្រ ក្រុមហ៊ុន Smart ក៏បាន​ប្រកាស​ឲ្យ​ដឹងថា​ក្រុមហ៊ុន​នឹង​ពង្រីក​ការគាំទ្រ​ដល់​សេវា​ថែទាំ​សុខភាព​កុមារ​ឥតគិតថ្លៃ តាមរយៈ​ការរៀបចំ​ការប្រគំ​តន្ត្រី​សប្បុរសធម៌ និង​បរិច្ចាគ​ថវិកា​របស់​ក្រុមហ៊ុន​ឲ្យ​គ្រប់​ចំនួន​១០​ម៉ឺន​ដុល្លារ​។ ការប្រគុំ​តន្ត្រី Smile Charity Concert នឹងធ្វើ​ការផ្សាយ​ផ្ទាល់​តាម​អន​ឡាញ នឹងមាន​ការសម្ដែង​ពី​តារា​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនរូប​ផងដែរ​។​

​ថវិកា​ទាំងអស់​នឹងត្រូវ​បា​នប​រិ​ច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ ដែលជា​មន្ទីរពេទ្យ​កុមារ​ឈានមុខ​គេ​ខាង​ផ្នែក​ផ្តល់​សេវា​ថែទាំ​សុខភាព​ឥតគិតថ្លៃ​ដល់​កុមារ​កម្ពុជា​រាប់លាន​នាក់​។​

​លោក Feiruz បាន​បន្ថែមទៀតថា​៖ «​ការធានា​ឲ្យ​បាន​ថា​ពលរដ្ឋ​កម្ពុជា ជាពិសេស​កុមារ ទទួលបាន​ការថែទាំ​សុខភាព​ប្រកបដោយ​គុណភាព គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Smart ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ជាតិ​ក្នុង​រាល់​មធ្យោបាយ​ដែល​អាចធ្វើ​ទៅបាន​។​

​លោក ប្រុស​ឡា តារា​ម្នាក់​ក្នុងចំណោម​តារា​ល្បីៗ​ដ៏ទៃទៀត ដែល​បាន​ចូលរួម​ក្នុង​ព្រឹ​តិ្ត​ការណ៍​រត់​នេះ បាន​និយាយថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​កម្មវិធី​យុទ្ធនាការ​របស់​សាយ ដើម្បី​រៃអង្គាស​ថវិការ​សម្រាប់​មន្ទីរពេទ្យ​កុមារ​អង្គរ​។ នៅពេលដែល​ខ្ញុំ​បាន​ចូលរួម​រត់​ជាមួយ​គាត់ ពិតជា​ជំរុញ​ឱ្យ​ខ្ញុំ​ជួយ​ធ្វើ​ការងារ​ផ្សេងទៀត​សម្រាប់​សហគមន៍ និង​ប្រទេសជាតិ​របស់ខ្ញុំ​។ ខ្ញុំ​ពេញចិត្ត​ក្នុងការ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន Smart ដែល​ក្រុមហ៊ុន​បាន​ចំណាយ​ពេលវេលា​ជាច្រើន​រាប់មិនអស់ ជាមួយនិង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យមាន​សុខុមាល​ភាពល្អ​ផងដែរ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ចូលរួម​ការប្រគុំ តន្ត្រី Smile Charity Concert នាពេល​ខាងមុខនេះ​ផងដែរ​។​»

​នាពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Smart បាន​ផ្ដើម​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» ដែលមាន គោល បំណង លើក ស្ទួយ សាមគ្គី ភាព រវាង​ប្រជាពលរដ្ឋ កម្ពុជា ទាំង អស់ នៅ ទូទាំង ប្រទេស​។ យុទ្ធនាការ​នេះ​ក៏មាន​វីដេអូ​ដ៏​គួរ​ឲ្យ​រំជួលចិត្ត​មួយ​ក៏​នឹងមាន​បទ​ចម្រៀង​មួយ​ផងដែរ ដែល​ត្រូវបាន​បង្កើតឡើង​យ៉ាង​ពិសេស ដោយមាន​ការចូលរួម​របស់​អ្នកចំរៀង​លើ Pleng by Smart App សកម្មភាព ទំនួល ខុស ត្រូវ សង្គម ផ្សេងៗ ទៀត និង យុទ្ធនាការ ពលរដ្ឋ គំរូ ដែល​ផ្តោត លើ​ការស្វែងរក ប្រជាពលរដ្ឋ កម្ពុជា​ដែល​បានធ្វើការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ក្នុង​សហគមន៍​របស់​ពួកគាត់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular