ប្រែសម្រួលៈវាសនា/បាងកក៖ថៃកាលពីថ្ងៃអាទិត្យទី១៧មករាបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៣៧៤នាក់ទៀត ដែនាំអោយប្រទេសនេះមានអ្នកឆ្លងជំងឺនេះសរុប១២.០៥៤នាក់ តែមិនមានអ្នកស្លាប់ថ្មីទេគឺនៅ៧០នាក់ដដែល។
ក្នុងចំណោមអ្នកឆ្លងថ្មី ភាគច្រើនជាកម្មករមីយ៉ាន់ម៉ានៅក្នុងខេត្តសាមុត សាខនហើយខេត្តថៃដែលឆ្លងវីរុសកូរ៉ូណាឥឡូវកើនដល់៦១ ក្រោយការឆ្លងបីករណីត្រូវបានរកឃើញនៅខេត្ត ផាតតាលុងដោយ២នាក់ជាកម្មករមីយ៉ាន់ម៉ា និងម្នាក់ទៀតជាពលករឡាវ។
នៅខេត្តត្រាង ជនជាតិមីយ៉ាន់ម៉ា២នាក់ធ្វើការនៅរោងចក្រកែច្នៃជ័រកៅស៊ូ ត្រូវបានរកឃើញមានកូវីដ១៩។
ក្នុងពេលជាមួយគ្នា អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ថៃ បាននិយាយថា កម្មករចំណាកស្រុកមិនទាន់ចុះបញ្ជីប្រមាណ៥០.០០០នាក់ អាចបង្កការឆ្លងរាលដាលវីរុសកូរ៉ូណា បើពួកគេឬនិយោជករបស់គេគេមិនព្រមធ្វើតេស្តិ៍រកវីរុស ដោយសារខ្លាចមានបញ្ហាផ្លូវច្បាប់នោះ។
លោកបានអំពាវនាវអោយពួកគេមកចុះឈ្មោះនៅនាយកដ្ឋានការងារនៃក្រសួងការងារ ឬនិយោជករបស់គេចាត់ចែងធ្វើរឿងនេះ មុនការលើកលែងទោសបច្ចុប្បន្នផុតកំណត់ពេល។
សូមបញ្ជាក់ថា រដ្ឋាភិបាលថៃអនុញ្ញាតអោយកម្មករខុសច្បាប់ទៅពីកម្ពុជា មីយ៉ាន់ម៉ានិងឡាវ ចុះឈ្មោះតាមអនឡាញនៅនាយកដ្ឋានការងារចាប់ពីថ្ងៃ១៥មករាដល់១៣កុម្ភៈដោយមិនយកទោសពៃរ៍អ្វីទេ។កម្មវិធីលើកលែងទោសនេះមានបំណងអនុញ្ញាតអោយអាជ្ញាធរតាមដានត្រួតពិនិត្យសុខភាពរបស់ពួកគេ។
ក្រោយចុះឈ្មោះហើយ ពួកគេអាចរស់នៅធ្វើការនៅថៃបាន២ឆ្នាំ ជាមួយមនុស្សក្នុងបន្ទុកម្នាក់ដែលរស់នៅថៃស្រាប់និងមានអាយុក្រោម១៨ឆ្នាំ៕
បុរសម្នាក់បាញ់ថ្នាំសម្លាប់មេរោគនៅសង្កាត់មួយក្នុងក្រុងបាងកកកាលពីថ្ងៃ១៤មករា