ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ នេះ លោក ឃ្លាំង ហួត ជំនួយការ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាល ខណ្ឌជ្រោយចង្វារ បានចុះជួបសំណេះ សំណាល និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌជ្រោយចង្វារ ចែកជូនប្រជាពលរដ្ឋ ចំនួន ៥០ គ្រួសារ ក្នុងនោះចាស់ជរា ២៤គ្រួសារ ជនពិការ ១៦គ្រួសារ និងពលរដ្ឋក្រីក្រខ្វះខាត ១០គ្រួសារ រស់នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ។
ក្នុងឱកាសនោះ លោក ឃ្លាំង ហួត បាននាំពាក្យផ្តាំផ្ញើ នូវការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាល លោកតែងតែគិតគូរ ពីសុខទុក្ខលំបាក របស់ប្រជាពលរដ្ឋ និងបានជួយឧបត្ថម្ភ គាំទ្រទាំងថវិកា សម្ភារៈ និងស្បៀងអាហារ ជាដើម។
ក្នុងឱកាសនោះ លោក ឃ្លាំង ហួត បានណែនាំដល់ប្រជាពលរដ្ឋ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះករណីជំងឺកូវីដ១៩ មិនត្រូវធ្វេសប្រហែសនោះទេ។ ត្រូវបន្តធ្វើអនាម័យ សម្អាត និងលាងដៃដោយសាប៊ូ ប្រើ ប្រាស់អាល់កុល ឬជែលសម្លាប់មេរោគ និងត្រូវប្រើម៉ាស់ ជាប់ជាប្រចាំ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គលឱ្យបានខ្ចាប់ខ្ជួន ជាពិសេសត្រូវចូលរួមអនុវត្ត រាល់វិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិ បាល ដើម្បីរួមចំណែកការពារ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។
មន្ត្រីសាលាខណ្ឌ បានបញ្ជាក់ថាៈ អំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកអភិបាលខណ្ឌជ្រោយចង្វា នាំយកទៅចែកជូនប្រជាពលរដ្ឋ នាពេលនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៣០ គីឡូក្រាម មី, ភេសជ្ជៈប៉ូវកម្លាំង, ទឹកស៊ីអ៊ីវ , ទឹកត្រី, ស្ករស, ត្រីខ , ទឹកក្រូច , ទឹកដោះខាប់ , តែ និងថវិកា ៧ម៉ឺនរៀល៕/V