Home ព័ត៌មានអន្តរជាតិ សេដ្ឋកិច្ច​ចិ...

សេដ្ឋកិច្ច​ចិន​ស្ទុះ​ងើប​ខ្លាំង​នៅ​ត្រីមាស​ទី​៤​ឆ្នាំមុន និង​ជួយ​ឱ្យមាន​កំណើន​ខ្លាំង​ក្នុង​ឆ្នាំ​២០២១

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង ៖ ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ចិន​បាន​ស្ទុះ​ងើប​ខ្លាំង​នៅ​ត្រីមាស​ទី ៤ ឆ្នាំ​មុន​ដែល​ជំរុញ​ដោយ​តម្រូវការ​កាន់តែ​ខ្លាំង​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​និង​គោលនយោបាយ​​ជំរុញ​សេដ្ឋកិច្ច ដែល​គេ​រំពឹងថា​នឹង​ផ្តល់​នូវ​កំណើន​ដ៏​រឹងមាំ​ក្នុង​ឆ្នាំ ២០២១​។​

​គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ​តទៅ ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​នានា​នឹង​ត្រូវ​ឃ្លាំមើល​យ៉ាង​ដិតដល់​នៅ​ជុំវិញ​ពិភពលោក​ជា​ពិសេស​ក្នុងពេល​ដែល​ប្រទេស​ជាច្រើន​នៅ​តែ​បន្ត​ដោះស្រាយ​ជា​​មួយ​នឹង​ជំងឺ​រាតត្បាត​កូវី​ដ​១៩ និង​ចិន​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ករណី​ឆ្លង​រាលដាល​នៅតាម​តំបន់​មួយចំនួន​នៃ​ប្រទេស​។​

​ការវិភាគ​ដែល​ស្ទាបស្ទង់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័របាន​ព្យាករណ៍​ថា GDP របស់​ចិន​បាន​កើនឡើង ៦,១ ភាគរយ​កាលពី​ខែតុលា​ដល់​ខែ​ធ្នូ​ធៀប​នឹង​កំណើន​នៅ​រយៈពេល​ដូច​គ្នា​កាលពី​​ឆ្នាំ​២០១៩ ដោយ​កើន​ពី​អត្រា ៤,៩​ភាគរយ​នៅក្នុង​ត្រីមាស​ទី ៣​។​

​នោះ​អាច​នឹង​ធ្វើឱ្យ​ចិន​មួយឆ្នាំ​ពេញ​មាន​កំណើន GDP ២,១ ភាគរយ ដែល​ទំនងជា​ធ្វើឱ្យ​ចិន​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ធំ​តែមួយគត់​ដែល​ឃើញ​កំណើន​កាលពី​ឆ្នាំមុន​ប៉ុន្តែ​នៅតែ​ជា​ល្បឿនខ្សោយ​​បំផុត​របស់​ប្រទេស​នេះ​ក្នុង​រយៈពេល​ជាង​បួន​ទសវត្សរ៍​។​

​ដោយមាន​វិធានការ​ទប់ស្កាត់​វីរុស​យ៉ាង​តឹងរ៉ឹង​និង​ជំនួយ​សង្គ្រោះបន្ទាន់​សម្រាប់​អាជីវកម្ម សេដ្ឋកិច្ច​ចិន​បាន​ស្ទុះ​ងើប​ឡើងវិញ​ជា​បណ្តើរៗ ពី​ការធ្លាក់ចុះ​យ៉ាងខ្លាំង ៦,៨ ភាគរយ​ក្នុង​រយៈពេល ៣ ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ នៅពេល​ដែល​ជំងឺ​កូវី​ដ​១៩ បាន​ផ្ទុះឡើង​ដំបូង​នៅ​ទីក្រុង​វូ​ហាន​ហើយ​រីក​រាលដាល​ពេញទំហឹង​លើ​ពិភពលោក​។​

​ការស្ទង់មតិ​បានបង្ហាញ​ថា​ផ្អែកលើ​មូលដ្ឋាន​ប្រចាំ​ត្រីមាស កំណើន​ទំនងជា​កើនឡើង​ដល់ ៣,២ ភាគរយ​នៅក្នុង​ខែតុលា​ដល់​ខែ​ធ្នូ​ឆ្នាំ​២០២០ ពី​កំណើន ២,៧ ភាគរយ​នៅក្នុង​ត្រីមាស​មុន​នោះ​។​

​ចិន​នឹង​ចេញផ្សាយ​ទិន្នន័យ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ត្រីមាស​ទី ៤ និង GDP ឆ្នាំ​២០២០ នៅ​ថ្ងៃ​ចន្ទ​នេះ រួម​ជាមួយ​ទិន្នផល​រោងចក្រ ការ​លក់រាយ និង ការវិនិយោគ​ទ្រព្យសកម្ម​ថេរ​សម្រាប់​ខែ​ធ្នូ​។

​ទិន្នន័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​បាន​បង្ហាញថា​ការនាំចេញ​របស់​ចិន​បាន​កើនឡើង​ច្រើន​ជាង​ការរំពឹងទុក​កាលពី​ខែ​ធ្នូ ខណៈ​ការរំខាន​ដោយ​វីរុស​កូរ៉ូ​ណា​នៅ​ជុំវិញ​ពិភពលោក​បាន​ធ្វើឱ្យ​តម្រូវការ​ទំនិញ​ចិន​កើនឡើង​ខណៈ​ដែល​ប្រាក់​យ័ន​កាន់តែ​ខ្លាំង​ធ្វើឱ្យ​ការនាំ​ចេញ​មាន​តម្លៃ​ថ្លៃ​សម្រាប់​អ្នកទិញ​នៅ​បរទេស​។​

​ចិន​ក៏​បាន​ទិញ​ចូល​នូវ​ប្រេង​ឆៅ ទង់​ដែង រ៉ែ​ដែក និង ធ្យូងថ្ម​ក្នុង​បរិមាណ​ដ៏​ច្រើន​ក្នុង​ឆ្នាំ ២០២០ ផងដែរ​។​

​ក្រុមអ្នកវិភាគ​រំពឹងថា​កំណើន​សេដ្ឋកិច្ច​ចិន​នឹង​ស្ទុះ​ងើប​ឡើងដល់ ៨,៤ ភាគរយ​ក្នុង​ឆ្នាំ ២០២១ មុន​ពេល​ធ្លាក់ចុះ​មក​នៅត្រឹម ៥,៥ ភាគរយ​ក្នុង​ឆ្នាំ ២០២២ ៕

​ក្រុមអ្នកវិភាគ​រំពឹងថា​កំណើន​សេដ្ឋកិច្ច​ចិន​នឹង​ស្ទុះ​ងើប​ឡើងដល់ ៨,៤ ភាគរយ​ក្នុង​ឆ្នាំ ២០២១

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular