ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​បង្ក្រាប​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល​មិន​គោរព​ច្បាប់​

1739
ចែករម្លែក

ដោយ​: សេង​ឃួន / ក្រចេះ​: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​ដឹកជញ្ជូន​ណា​ដែល​មិន​គោរព​ច្បាប់ អាច​ប្រឈម​នឹង​ការបិត​ក្រុមហ៊ុន​តែម្តង និង​បង្ក្រាប​រថយន្ត​ផ្ទុកទំនិញ​លើស​ទម្ងន់ និង​ការកែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​យានយន្ត​ត្រូវតែ​បន្ត​អនុវត្តន៍​ឲ្យ​បានជា​ប្រចាំ គឺ​ត្រូវ​ប្រើ​យន្តការ​ច្បាប់ រក​ប្រភពដើម​ឱ្យឃើញ និង​បិទ​ក្រុមហ៊ុន​ណា​ដែល​មិន​គោរព​ច្បាប់​។​

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង សាធារណការ​និង​ដឹកជញ្ជូន​បាន​ថ្លែង​បែបនេះ នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ ក្នុងឱកាស រួមជាមួយ​លោក ធុន គ្រី អនុប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក សរ ចំរុង អភិបាលខេត្ត​ក្រចេះ បាន​ចុះ​សំណេះសំណាល​ជាមួយ​មន្ត្រី បុគ្គលិក និង​កម្មករ​ទាំងអស់ បំរើ​ការងារ​ក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ​។​

​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ និង​ដក​ជញ្ជូន​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ដែល​មន្ទីរ​ខេត្ត​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៧ មានដូចជា សាងសង់​ស្ពាន​សរសៃដែក ២​កន្លែង ប្រវែង ៧៨​ម៉ែត្រ និង​ដាក់លូ ១​កន្លែង ប្រវែង ៨​ម៉ែត្រ ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ DBST ប្រវែង ១០,១២​គីឡូម៉ែត្រ ជួសជុល​ស្ពាន​បេ​ឡេ​ត៍​ដោយ​ជើង​ទម្រ​បេតុង ចំនួន ៣​កន្លែង ប្រវែង​សរុប​៦៣​ម៉ែត្រ សាងសង់​រង្វង់​មូល​ក្នុង​ទីរួមស្រុក​ស្នួល និង​ការងារ​ថែទាំ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ក្នុង​ក្រុង ចំនួន​២៥​ខ្សែ ប្រវែង​សរុប ៤៦៦,៩១​គីឡូម៉ែត្រ និង​ការងារ​ផ្សេងៗ​ទៀត​ក្រោម​ឱវាទ​សាលាខេត្ត ដូចជា​ជួសជុល​កែលំអរ​ការ៉ូ​ការី​ឡា តាម​ទីសាធារណៈ គូស​គំនូសចរាច​ណ៍​គ្រប់​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង សាងសង់​លូ​ជុំវិញ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ក្រចេះ និង​ការងារ​បោសសំអាត​តាម​ទីសាធារណៈ​។​

​លោក​ប្រធាន​មន្ទីរ បាន​បន្តទៀតថា ជាក់ស្តែង​នៅក្នុង​ឆ្នាំ​២០១៨​នេះ មន្ទីរ​បានទទួល​គម្រោង​ជួសជុល​ផ្លូវ​ប្រភេទ DBST ប្រវែង ២,២​គីឡូម៉ែត្រ ផ្លូវ​ក្រាល​គ្រួស​ក្រហម ប្រវែង​១,១​គីឡូម៉ែត្រ និង​ថែទាំ​ផ្លូវ ២៥​ខ្សែ សរុប​ប្រវែង ៤៦៦,៩១​គីឡូម៉ែត្រ​។ ទន្ទឹមនឹងនោះ ខេត្តក្រចេះ ទទួលបាន​គម្រោង​អន្តរជាតិ​ធំៗ​ដែល​ជួយ​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព និង​ការអភិវឌ្ឍ​ដូចជា គម្រោង​ស្តារឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្រចេះ​/​ស្ទឹងត្រែង កម្រាល​បេ​តុ​កៅស៊ូ​AC និង​បំពាក់គ្រឿងសង្ហារឹម​គ្រប់​គ្រាន់​ប្រវែង ៩៣,៥៦៥​គីឡូម៉ែត្រ និង​រង្វង់​មូល​ខ្លា​ស្ទុះ អនុវត្តន៍​ដោយ​ក្រុមហ៊ុន​ស៊ា​ង​ហៃ​គ្រុប​របស់​ប្រទេស​ចិន ។ គម្រោង​លើ​កម្រិត​ផ្លូវជាតិ​លេខ​៧ ពី​ថ្នល់ទទឹង​មកដល់​ក្រុង​ក្រចេះ ជា​ប្រភេទ​AC ដោយ​គម្រោង​គ្រប់គ្រង​សម្បត្តិ៍​ផ្លូវថ្នល់​ទី​២ ក្រោម​ប្រាក់កម្ចី​របស់​ធនាគា​ពិភពលោក​។ គម្រោង​សាងសង់​ស្ពាន​បេ​តុ ៥​កន្លែង លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៣ ដែលជា​ជំនួយឥតសំណង​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JICA ។ គម្រោង​របៀង​ក្រុង​៤ អាង​ចម្រោះ​សម្អាត​ទឹក​កាកសំណល់ និង​ផ្លូវ​វាង​ក្រុង​ក្រចេះ របស់​ធនាគា​អាស៊ី ADB ដែល​បានបញ្ចប់​កា​សិក្សា​រួចរាល់​។

​ដោយឡែក​ការងារ​ផ្ដល់​សេវា​លើ​វិស័យ​ដឹកជញ្ជូន លោក​ប្រធាន​មន្ទីរ បាន​បញ្ជាក់ថា មន្ទីរ​អនុវត្តន៍​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដែលមាន​ភាពងាយស្រួល និង​មាន​តម្លាភាព សម្រេចបាន​ការចុះបញ្ជី​យានយន្ត​សរុប​បាន​ចំនួន ៥,២៦៨​គ្រឿង ក្នុងនោះ​រថយន្ត​ចំនួន​១៨៤​គ្រឿង ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​សរុប ១,៧៣៥​គ្រឿង ផ្ដល់​លិខិត​អនុញ្ញាតិ​ឲ្យ​យានយន្ត​ធ្វើ​អាជីវកម្ម​សរុប ១,១៨៣​គ្រឿង និង​ផ្ដល់​ប័ណ្ណបើកបរ​យានយន្ត​សរុប​ចំនួន ៤,៦៥៨​ប័ណ្ណ​។​

​នាឱកាស​នោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានលើកឡើង​ពី​ការត្រួតពិនិត្យ​យានយន្ត​ផ្ទុកទំនិញ​លើស​ទំងន់​កម្រិត​កំណត់ និង​ការកែច្នៃ​ខុស​លក្ខណៈ បច្ចេកទេស​យានយន្ត ត្រូវតែ​បន្ត​អនុវត្ត​ឱ្យបាន​ជាប្រចាំ និង​ម៉ឺងម៉ាត់​បំផុត​ព្រោះ​ថាបើ​រថយន្ត​តែមួយ​គ្រឿង​ដឹក​លើស​ទម្ងន់ កម្រិត​កំណត់​២០​តោន គឺ​ស្មើនឹង​រថយន្ត ១៦០ ០០០​គ្រឿង​ធ្វើចរាចរ​នៅលើ​ផ្លូវ​នោះ ដែល​ធ្វើឱ្យ​ផ្លូវ​ឆាប់​ទ្រុឌទ្រោម និង​ដូច​ខាត​។ ករណីនេះ​ធ្វើឱ្យ​ខាតបង់​ថវិកាជាតិ​រាប់រយ​លាន​ដុល្លារ សម្រាប់​ជួសជុល​ផ្លូវ​ឡើងវិញ​ក្នុង​មួយឆ្នាំៗ​។ ហើយក៏​គម្រោង​ថ្មីៗ​ដែល​ត្រូវអនុវត្ត​បន្ត​រួមមាន​៖ ការសាងសង់​ស្ពានបេតុង ៥​កន្លែង លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៣ ការ​ព​ង្រី​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៣ ពី​២​គន្លង​ទៅ​៤​គន្លង ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ការពង្រីក​កំពង់ផែ​ទឹក​ជ្រៅ​ខេត្ត​ព្រះសីហនុ ការពង្រីក​ការដឹកជញ្ជូន​អ្នកដំណើរ តាមផ្លូវ​ទឹក ការសិក្សា​គម្រោង​សាងសង់​ផ្លូវជាតិ​ពី​បាត់ដំបង ទៅ​ខេត្តកោះកុង និង​គម្រោង​ផ្សេងៗ​ទៀត​ជាច្រើន​។​ហើយ សមិទ្ធផល​ដ៏​ឧត្ដុ​ង​ឧត្ដម​ទាំងនេះ​កើតចេញពី​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ដ៏​រឹងមាំ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។ ក៏បាន​ផ្ដាំ​ផ្ញើឱ្យ​មន្ត្រី​ទាំងអស់​រួបរួម​សា​គ្គី​សហការគ្នា​ឱ្យបាន​រឹងមាំ ហើយ​សូមកុំ​ឱ្យមាន​ការបែងចែក​ជា​ក្រុម ជា​បក្សពួក ពោលគឺ​មានតែ​ក្រុម​មួយគត់​គឺ ក្រុម​មហា​គ្រួសារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​រួមគ្នា​កសាង​ជាតិ​មាតុ​ភូម​របស់​យើង ឱ្យមាន​ការរីកចម្រើន​តាម​ក្ដី​ស្រ​ម៉ៃ​របស់​យើង​ម្នាក់ៗ ដែល​ចង់ឃើញ​ប្រទេស​កម្ពុជា​រីកចម្រើន​ដូច​ប្រទេស​អភិវឌ្ឍន៍​ក្នុង​សកលលោក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម