ប្រែសម្រួលៈវាសនា/ព្រុយសែល,វ៉ាស៊ីនតោន៖ ការចាប់ខ្លួនមេដឹកនាំប្រឆាំងរុស្ស៊ីលោក អាឡេស៊ី ណាវ៉ានី អ្នករិះគន់ប្រធានាធិបតីរុស្ស៊ីកំពូលត្រូវបានចាប់ខ្លួនភ្លាមក្រោយចុះពីយន្តហោះកាលពីថ្ងៃអាទិត្យតែវាក៏បានបង្កការរិះគន់បន្ទាន់ផងដែរពីប្រធានក្រុមប្រឹក្សាអឺរ៉ុបលោកសាល មីសែលដែលទទូចអោយអាជ្ញាធររុស្ស៊ីដោះលែងគាត់។
លោកណាវ៉ានី ត្រូវបានចាប់ខ្លួននៅក្រុងមូស្គូ ក្នុងដំណើរវិលមកពីនៅអាឡឺម៉ង់ក្រោយការព្យាបាលអ្វីដែលមេដឹកនាំប្រឆាំងរូបនេះអះអាងថាការត្រូវគេបំពុលថ្នាំនៅរុស្ស៊ី។
លោកមីសែលបាននិយាយបង្ហោះតាមបណ្តាញសង្គមទ្វីតធឺថា «ការចាប់ខ្លួនលោកអាឡេស៊ី ណាវ៉ានី ពេលទៅដល់ក្រុងមូស្គូ ជាការមិនអាចទទួលយកបាន។ខ្ញុំអំពាវនាវអោយអាជ្ញាធររុស្ស៊ីដោះលែងគាត់ភ្លាម»។
ចំណែកប្រធានគោលនយោបាយសហភាពអឺរ៉ុប លោក ចូសេប ប័ររ៉ែល បានបន្ទរការអំពាវនាវអោយដោះលែងលោកណាវ៉ានី ក្រោយការចាប់ខ្លួនលោក។លោកបានសរសេរបង្ហោះថា«អាជ្ញាធររុស្ស៊ីត្រូវតែគោរពសិទ្ធិរបស់អាឡេស៊ី ណាវ៉ានី និងដោះលែងគាត់ជាបន្ទាន់។ការធ្វើរឿងផ្លូវច្បាប់ទៅជារឿងនយោបាយជាការមិនអាចទទួលយកបាន»។
មេដឹកនាំអឺរ៉ុបដទៃទៀតរួមមានបារាំង ប៉ូឡូញនិងអ៊ីតាលី ក៏បានប្រតិកម្មស្រដៀងៗគ្នា។
ក្នុងពេលជាមួយគ្នា ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាម៉េរិកជិតចូលកាន់តំណែងចូ បៃដិន បានថ្កោលទោសការចាប់ខ្លួនលោកណាវ៉ានីនិងទាមទារអោយដោះលែងលោកជាបន្ទាន់ផងដែរ។
លោកអាឡេស៊ី ណាវ៉ានី បានមកដល់អាកាសយានដ្ឋានក្រុងមូស្គូកាលពីថ្ងៃអាទិត្យទី១៧មករា និងត្រូវចាប់ឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍ប៉ូលិសនៅក្បែរនោះ៕
ប៉ូលិសបានចាប់ខ្លួនលោកណាវ៉ានីកាលពីថ្ងៃអាទិត្យ ក្រោយលោកធ្វើដំណើរមកពីអាឡឺម៉ង់ជាលើកដំបូងបន្ទាប់ពីសម្រាកព្យាបាលការពុលថ្នាំនៅទីនោះ