ប្រែសម្រួល : កញ្ញាដាលីស ៖ យន្តហោះរបស់ក្រុមហ៊ុន Virgin Orbit របស់លោករីឆាត ប្រេនសុនកាលពីថ្ងៃអាទិត្យទី១៧មករាបានដឹករ៉ុក្កែតមួយចូលទៅទីអវកាសដោយជោគជ័យពីស្លាបយន្តហោះ Boeing 747 កែច្នៃរបស់ខ្លួន ដែលនេះនឹងត្រួសត្រាយផ្លូវសម្រាប់វិធីសាស្ត្រថ្មីនៃការបាញ់បង្ហោះផ្កាយរណបក្នុងតម្លៃទាប។
នេះគឺជាការប៉ុនប៉ងលើកទី ២ របស់ក្រុមហ៊ុននេះ បន្ទាប់ពីការសាកល្បងបរាជ័យកាលពីខែឧសភា។
ក្រុមហ៊ុនបានបង្ហោះសារពីគណនី Twitter របស់ខ្លួននៅម៉ោង ២៖៤៩ រសៀល ថា “រ៉ុក្កែត LauncherOne បានទៅដល់គន្លងគោចរហើយ! គ្រប់គ្នានៅក្នុងក្រុមគ្រប់គ្រងបញ្ជាបេសកកម្ម កំពុងរំភើបរីករាយយ៉ាងខ្លាំងបំផុត”។
យន្ដហោះបានហោះចេញពីកំពង់ផែអាកាសនិងអវកាសម៉ូចេវនៅតំបន់វាលខ្សាច់ភាគខាងជើងនៃទីក្រុងឡូសអេនជេឡេសនិងបាញ់បង្ហោះរ៉ុក្កែតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។
បង្កើតឡើងដោយមហាសេដ្ឋីអង់គ្លេស រីឆាត ប្រេនសុន ក្នុងឆ្នាំ ២០១២ ក្រុមហ៊ុន Virgin Orbit ចង់ផ្តល់ជូននូវសេវាកម្មរហ័សនិងបត់បែនបានសម្រាប់ប្រតិបត្តិករផ្កាយរណបតូចៗដែលមានទម្ងន់ពី ៣០០ ទៅ ៥០០ គីឡូក្រាម ដែលជាទីផ្សារកំពុងត្រូវប៉ាន់។
រ៉ុក្កែតរបស់ក្រុមហ៊ុន Virgin Orbit ដែលមានប្រវែង ២១ ម៉ែតឈ្មោះថា LauncherOne ត្រូវបានដាក់នៅពីក្រោមស្លាបយន្តហោះកែច្នៃ Boeing 747 ដែលមានឈ្មោះថា Cosmic Girl ។
នៅពេលវាឈានដល់កម្ពស់ចាំបាច់ហើយនោះ យន្តហោះនឹងព្រលែងរ៉ុក្កែត ដែលម៉ាស៊ីនរបស់វានឹងបញ្ឆេះឡើងដើម្បីរុញវាចូលទៅគន្លងផែនដី និង យកទំនិញរបស់វាទៅផ្ទុកនៅក្នុងលំហ។
ការបាញ់បង្ហោះរ៉ុក្កែតពីយន្ដហោះគឺមានភាពបត់បែនជាងការបាញ់បង្ហោះជាលក្ខណៈបញ្ឈរពីផ្ទៃដី ពីព្រោះតាមទ្រឹស្តីអ្វីដែលក្រុមហ៊ុនទាំងអស់ត្រូវការគឺមានផ្លូវហោះស្រាប់ៗជាជាងបង្កើតស្ថានីយបាញ់បង្ហោះយានអវកាស។
លោក រីឆាត ប្រេនសុន បានបង្កើតក្រុមហ៊ុនអវកាសមួយទៀតឈ្មោះថា Virgin Galactic ដែលកំពុងប្រើគំនិតស្រដៀងគ្នានេះដើម្បីនាំអ្នកទេសចរទៅលំហអាកាសដើម្បីសាកល្បងនូវបទពិសោធន៍ “គ្មានទម្ងន់សោះ” នៅសុញ្ញអាកាសនៅកម្ពស់ ៨០ គីឡូម៉ែត្រពីលើផ្ទៃផែនដី៕
រ៉ុក្កែត LauncherOne ត្រូវបានបង្ហោះទៅទីអវកាសដោយជោគជ័យកាលពីថ្ងៃអាទិត្យ ក្រោមស្លាបយន្តហោះកែច្នៃ Boeing 747 ដែលមានឈ្មោះថា Cosmic Girl