កសិករ ដាំ​បន្លែ​លើ​ផ្ទៃដី មួយ​ហិកតា ទទួលបាន​ប្រាក់ចំណូល ១ ឆ្នាំ ជាង ២០ លាន​រៀល

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិហារៈ លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ បាន​ប្រាប់​ឱ្យដឹងថាៈ ពលរដ្ឋ​មួយ​គ្រួសារ រស់នៅ​ភូមិ​ពោធិ​ទៀប ឃុំ ម្លូរ​ព្រៃ​មួយ ស្រុក​ឆែប បាន​កែប្រែ​ផ្ទៃដី ទំហំ ១ ហិកតា ដាំ​ដុះ​ដំណាំ​បន្លែ​ផ្សេងៗ ដោយ បាន​ផ្ដល់នូវ​ប្រាក់ចំណូល ក្នុង ១ ឆ្នាំ ជាង ២០ លាន​រៀល ។ កសិករ​មួយ​គ្រួសារ​នោះ ប្តី​ឈ្មោះ ច​ន គឹម​ស្រស់ អាយុ ៣៧ ឆ្នាំ ប្រពន្ធ​ឈ្មោះ យឹ​ង ថា​វី អាយុ ៣៨ ឆ្នាំ​មានកូន​ក្នុងបន្ទុកចំនួន ២នាក់​។

​លោក ច​ន គឹម​ស្រស់ បានឱ្យដឹងថាៈ គាត់​មាន​ផ្ទៃដី ទំហំ ១ ហិកតា និង​បាន​ដាំ​ដុះ​ដំណាំ​បន្លែ ផ្សេងៗ ។ ដំណាំ​បន្លែ​ដែល​គាត់​បាន​ដាំ រួមមាន ដើម​ខ្ទឹម ដែល​រយៈពេល​ដាំ គឺ​ជាង ១ ខែ ទទួលបាន​ផល ហើយ​ជា​មធ្យម ក្នុង​រយៈពេល​ជាង​១​ខែ គាត់​អាច​លក់​ដើម​ខ្ទឹម បាន​ប្រហែល ជិត ២ តោន ដោយ​ក្នុង ១ គីឡូក្រាម មានតម្លៃ​ចាប់ពី ៣.៥០០ រៀល ទៅ ៤.០០០ រៀល ។

​កសិករ​រូបនេះ បាន​បន្តទៀតថាៈ ចំណែក​ដំណាំ​ត្រសក់ គាត់​ដាំ ក្នុង​រយៈពេល​ជាង មួយខែ ដូចគ្នា ទទួលបាន​ផល​ជិត ២ តោន ដោយ​លក់បាន​តម្លៃ ៨០០ រៀល ក្នុង​មួយ​គីឡូក្រាម ។ ក្រៅពីនោះ គាត់​ដាំ​បន្លែ​បន្ទាប់បន្សំ មួយចំនួនទៀត ដូចជា ត្រប់ , ម្ទេស ជាដើម​។​

​លោក​បាន​អះអាងថាៈ សរុប​ក្នុង​មួយឆ្នាំ គាត់​អាច​ទទួលបាន​ប្រាក់ចំណូល ពី​ផលដំណាំ ទាំងនេះ ដោយ​គិត​ជា​មធ្យម បាន​ជាង ២០ លាន​រៀល​។​

​កសិករ ច​ន គឹម​ស្រស់ បានឱ្យដឹង​ទៀតថាៈ ចំពោះ វិធីសាស្ត្រ និង​បច្ចេកទេស ក្នុង​ការដាំដុះ បន្លែ​នេះ គឺ​គាត់​មើល​តាម​យូ​ធូប និង​មានការ​បង្រៀន ពី​មន្ត្រី​កសិកម្ម ផងដែរ ។ កន្លងមក គាត់​ទទួលបាន​សម្ភារ​ជាច្រើន ពី​មន្ទីរ​កសិកម្ម​ខេត្ត សម្រាប់​យកមកប្រើ​ប្រាស់ លើ​ការដាំ បន្លែ​របស់គាត់​។ ក្នុងនោះ គាត់​ក៏​សំណូមពរ​ទៅ​មន្ទីរ កសិកម្ម​ខេត្ត ជួយ​ព​ន្លឿ​ន ការស្តារ​ស្រះ និង​ឧបត្ថម្ភ​ម៉ាស៊ីនបូមទឹក សម្រាប់​គាត់​ផង ព្រោះ​ខែ​នេះ ទឹក​ចាប់ផ្តើម​រីង បណ្តើរៗ​ហើយ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular