ដោយៈ សរិទ្ធ / ភ្នំពេញៈ យុវជនពីរនាក់ ជិះម៉ូតូឌុបគ្នា វ៉ាជែង ជ្រុលទៅប៉ះពីក្រោយរថយន្ត រេចង្កូតឆ្លងផ្លូវទៅបុក ចូលក្រោមរថយន្ត មួយគ្រឿងទៀត ក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាល ឲ្យស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសស្រាល។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅម៉ោងជាង ៩ យប់ ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវជាតិ លេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
សមត្ថកិច្ច បានឲ្យដឹងថាៈ ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ម៉ុន គួង អាយុ១៩ឆ្នាំ មានស្រុកកំណើត នៅភូមិបន្ទាយចាស់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាៈ មុនពេលកើតហេតុ គេបានឃើញយុវជន ពីរនាក់ បើកម៉ូតូឌុបគ្នា ម៉ាកហុងដា ឌ្រីម សេ ១២៥ ពាក់ស្លាកលេខ បាត់ដំបង 1AD-1820 ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង យ៉ាងលឿន។ នៅពេលមកដល់ ចំណុចកើតហេតុ ម៉ូតូនោះ បានទៅប៉ះពីក្រោយរថយន្ត នៅខាងមុខ មិនចាំម៉ាក រួចក៏ជ្រុលចង្កូត ឆ្លងផ្លូវទៅបុកចូលក្រោមរថយន្ត ម៉ាក TOYOTA VIGO ពាក់ស្លាកលេខ 2AA-2121 ដែលបើកក្នុងទិសដៅពីខាងជើង ទៅខាងត្បូង ( ទិសផ្ទុយគ្នា) បណ្តាលឲ្យរថយន្ត កិនស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសស្រាល ។ ចំណែក អ្នកបើករថយន្ត ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាន។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែង យកម៉ូតូ និងរថយន្ត ទៅ រក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយ នៅពេលក្រោយ។ ចំណែកសព ប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕/V-PC