ដោយៈ ប.ខុន / ភ្នំពេញៈ ស្ថានីយបូមទឹកទាំងបួនកន្លែង នៅលើប្រព័ន្ធធារាសាស្ត្រវ៉ៃកូ ដោយប្រើថាមពលអគ្គិសនី បានតម្លើង និងភ្ជាប់ចរន្តរួច បានប្រើប្រាស់ សាកល្បង បញ្ជូនទឹក ទៅកាន់តំបន់ ដែលកសិករ ត្រូវការទឹកយ៉ាង មានប្រសិទ្ធភាពធ្វើឱ្យផ្ទៃដីដាំដុះ ស្រូវប្រាំង ក្នុងខេត្តព្រៃវែង មានការកើនឡើងច្រើន នៅឆ្នាំនេះ ហើយអាចកើនដល់ ១៤ ម៉ឺនហិកតា នៅរដូវប្រាំង ឆ្នាំ២០២១-២០២២ ខាងមុខ។
លោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែងបានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ថាៈ ស្ថានីយបូមទឹក ទាំងបួននៅលើប្រព័ន្ធ វ៉ៃគោ បានសាងសង់រួចរាល់ហើយ តែស្ថិតនៅក្រោមការគ្រប់គ្រង់ និងទទួលខុសត្រូវ ដោយភាគីចិនមួយរយៈ មុននឹងប្រគល់ឱ្យមកក្រសួងធនធាន ទឹក និងឧតុនិយម គ្រប់គ្រងបន្ត។
ប្រធានមន្ទីរខាងលើ បាននិយាយថាៈ លោក និងលោក ម៉ី លីហួត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធាន មុខព្រួញខេត្តព្រៃវែងបានចុះសម្រប សម្រួល ជាមួយភាគីមិត្តចិន ក្នុងការបូមទឹកអន្តរា គមន៍ ពីស្ថានីយ៍បូមទឹកទី២ នៃប្រព័ន្ធ ស្រោចស្រព វ៉ៃគោ១ ដាក់ចូលប្រឡាយ មេទី១ មានចម្ងាយប្រវែង ២៨ គីឡូម៉ែត្រ ដើម្បី ជួយអន្តរាគមន៍ សង្គ្រោះស្រូវ រដូវប្រាំង របស់ប្រជាកសិករ ចំនួនប្រមាណជា ១.២៨០ ហិកតា នៅក្នុងចំណោម ៦.០០០ ហិកតា នៅក្នុងឃុំចំនួន៥ នៃស្រុកស្វាយអន្ទរ។
លោក ឃុត សាខឿន បាននិយាយឱ្យដឹងទៀតថាៈ ការងារអន្តរាគមន៍ ខាងលើបានបញ្ចប់ ហើយបន្ទាប់ពីបានបញ្ជូនទឹក ដាក់ពេញប្រឡាយ តាមការស្នើសុំរបស់ប្រជា កសិករ នៅប្រឡាយមេខ្សែទី១ ឯនៅប្រឡាយមេខ្សែទី២ មិនទាន់ខ្វះទឹកទេ ។ ការងារដាំដុះ ស្រូវប្រាំង នៅក្នុងខេត្តព្រៃវែង មកដល់ពេលនេះ អនុវត្តបានដល់ចំនួន ៨៨.០០០ហិកតា ហើយ។ ផ្ទៃដីស្រូវវស្សា ត្រូវបានដាំដុះបន្ថែម ដោយស្រូវប្រាំង បន្ទាប់ពីនៅតាមប្រព័ន្ធ ធារាសាស្ត្រវ៉ៃគោ មានទឹកគ្រប់គ្រាន់ ។ នៅឆ្នាំនេះយើង មិនទាន់ផ្សព្វផ្សាយឱ្យមានការ ពង្រីកផ្ទៃដីដាំដុះ ស្រូវប្រាំងនៅឡើយទេ ដោយសារប្រព័ន្ធ ស្ថិតនៅក្នុងការប្រើប្រាស់ សាកល្បង តែប្រជាកសិករ បានបង្កើនការដាំដុះ ច្រើនរួចទៅហើយ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ថាៈ ស្ថានីយ បូមទឹកទាំង ៤ កន្លែងនៅតាមប្រព័ន្ធវ៉ៃគោ បានតភ្ជាប់រួចរាល់ អស់ហើយ និងបានដំណើការ សាកល្បង រួចហើយដែរ តែតម្រូវការប្រើប្រាស់ទឹក ទើបមាន មួយកន្លែង គឺស្ថានីយ៍តូចលេខ២ ដើម្បីអន្តរាគមន៍បូមទឹក ដាក់នៅស្រុកស៊ីធរកណ្តាល និង ស្វាយអន្ទរ ដែលបច្ចុប្បន្ន ប្រជាពលរដ្ឋ បានចាប់ផ្តើមធ្វើស្រូវប្រាំង បានប្រមាណជា ៦.០០០ ហិកតា។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ នៅឆ្នាំក្រោយ ផ្ទៃដីស្រូវ ប្រាំង ក្នុងខេត្តព្រៃវែង អាចនឹងបង្កើនប្រមាណជា ៥ ម៉ឺនហិកតាទៀត បន្ទាប់ពីប្រព័ន្ធវ៉ៃគោ បានរៀបចំរួចរាល់ ទាំងស្ថានីយបូមទឹក សម្រាប់បញ្ជូនទឹកស្រោចស្រព ផ្ទៃដីស្រូវប្រាំង នៅស្រុកស៊ីធរកណ្តាល ស្វាយអន្ទរ កញ្ជ្រៀច កំចាយមារ មេសាង និង ស្រុកកំពង់ត្របែក ដែលស្ថិតនៅសងខាងប្រព័ន្ធវ៉ៃគោ ។ បច្ចុប្បន្ន ខេត្តព្រៃវែង មានផែនការផលិតស្រូវប្រាំង ៧៥.០០០ ហិកតា តែជាក់ស្តែង កសិករដាំដុះ បានដល់ជាង ៨ ម៉ឺនហិកតា រួចទៅហើយ។
លោក ចាន់ យុត្ថា បានឱ្យដឹងទៀតថាៈ ផ្ទៃដីជាង ៥ ម៉ឺនហិកតា ដែលកន្លងមក កសិករ ធ្វើតែស្រូវវស្សា ត្រូវបានគេគ្រោង ផលិតស្រូវប្រាំងបន្ថែម ចាប់ពីឆ្នាំ ក្រោយទៅ បន្ទាប់ពីប្រព័ន្ធវ៉ៃគោ មានលទ្ធភាពទឹកគ្រប់គ្រាន់ ដើម្បីស្រោចស្រព។ នៅឆ្នាំក្រោយ ខេត្តព្រៃវែង អាចមានលទ្ធភាព ផលិតស្រូវប្រាំង ប្រមាណជា ១៤ ម៉ឺនហិកតា ដែលជាខេត្ត ធ្វើស្រែប្រាំងច្រើនជាងគេ។
ចំណែកឯការងារអន្តរាគមន៍បូមទឹក នៅពេលនេះ លោក ចាន់ យុត្ថា បាននិយាយថាៈ មិនទាន់បានបូមទឹក នៅស្ថានីយពីទន្លេតូច មកប្រើនៅឡើយទេ ដោយប្រើត្រឹមស្ថានីយតូច បូមទឹកចេញ ពីបឹងកាពិត ដាក់ចូលប្រឡាយមេ។ ដោយឡែក នៅខេត្តស្វាយរៀង ក៏នឹងបន្ថែមផ្ទៃដី ផលិតស្រូវប្រាំង បន្ថែមទៀតដែរ នៅក្នុងស្រុកស្វាយជ្រុំ ក្រុងស្វាយរៀង កំពង់រោទ៍ និងស្រុករំដួល សរុបស្មើប្រមាណជា ៧.០០០ ហិកតាទៀត៕/V-PC/សរន