ប្រែសម្រួលៈវាសនា/តេអេរ៉ង់៖ មុននេះកាលពីថ្ងៃអាទិត្យ បញ្ជាការកណ្តាលអាម៉េរិកអាម៉េរិក(CENTCOM)បានប្រកាសថា យន្តហោះទម្លាក់គ្រាប់បែកB-52មួយគ្រឿងបានហោះល្បាតនៅមជ្ឈិមបូព៌ា ជាលើកទី២ដោយហៅវាថាជា« ផ្នែកសំខាន់មួយនៃស្ថានភាពការពារខ្លួនរបស់CENTCOM» តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ចាវ៉ាត ហ្សារីហ្វ បានថ្កោលទោសការល្បាតនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ចាវ៉ាត ហ្សារីហ្វ
លោកហ្សារីហ្វ បាននិយាយថា« បើការល្បាតរបស់B-52របស់អ្នកដើម្បីបំភិតបំភ័យឬព្រមានអ៊ីរ៉ង់ យកល្អអ្នកគួរចំណាយលុយរាប់ពាន់លានទាំងនេះទៅលើសុខភាពអ្នកបង់ពន្ធរបស់អ្នក…។នៅពេលយើងមិនដែលបានចាប់ផ្តើមសង្គ្រាមណាមួយនៅក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ យើងក៏មិនខ្លាចកំទេចពួកឈ្លានពានដែរ…»។
សម្តីរបស់ហ្សារីហ្វ បានកើតឡើងក្រោយបញ្ជាការកណ្តាល CENTCOM អាម៉េរិកបានសរសេរបង្ហោះថាយន្តហោះB-52បានធ្វើការហោះល្បាតនៅតំបន់មជ្ឈិមបូព៌ាលើកទី២នៅឆ្នាំ២០២១ ដើម្បីជាផ្នែកសំខាន់នៃស្ថានភាពការពារខ្លួនរបស់CENTCOM។
CENTCOMបាននិយាយថា ការល្បាតនេះជាបេសកកម្មទី៥នៃកងកម្លាំងកាងាររបស់យន្តហោះទម្លាក់គ្រាប់បែកនៅមជ្ឈិមបូព៌ានៅប៉ុន្មានខែមកនេះ។
មុននេះក៏មានសេចក្តីរាយការណ៍ថា យន្តហោះB-52ចំនួន២គ្រឿងត្រូវគេឃើញហោះនៅក្នុងដែនអាកាសអ៊ីស្រាអែល ឆ្ពោះទៅកាន់ឈូងសមុទ្រពែក្ស។
វត្តមានយោធាអាម៉េរិកនៅមជ្ឈិមបូព៌ាបានបង្កការព្រួយបារម្ភនៅអ៊ីរ៉ង់ដែលទាមទារអោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ឈប់«ការផ្សងព្រេងក្រៅដែនដី»និងឈប់អ្វីដែលរដ្ឋាភិបាលក្រុងតេអេរ៉ងពណ៌នាថាជា«គោលនយោបាយជ្រៀតជ្រែកនិងសាបព្រួសការបែកបាក់ក្នុងចំណោមប្រទេសនៅក្នុងតំបន់»។
សូមបញ្ជាក់ថា វត្តមានយោធាអាម៉េរិករយៈពេលយូរនៅមជ្ឈិមបូព៌ាបានកើនឡើងជាថ្មីក្រោយពីការធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់កាលពីខែមករាឆ្នាំ២០២០តាមបញ្ជារបស់ប្រធានាធិបតីត្រាំ ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបញ្ជូនយន្តហោះនិងនាវាចម្បាំងបន្ថែមចូលក្នុងតំបន់។នៅខែនេះ ក្រសួងការពារជាតិអាម៉េរិកបានបញ្ជាអោយនាវាដឹកយន្តហោះ USS Nimitzបន្តនៅមជ្ឈិមបូព៌ាបន្ទាប់ពីបញ្ជូនវាទៅកាន់តំបន់នេះកាលពីខែមេសាឆ្នាំមុនចំពេលមានសញ្ជាគំរាមពីអ៊ីរ៉ង់៕