ដោយៈ សរិទ្ធ / ភ្នំពេញៈ សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះ បានបញ្ជូនខ្លួនជនសង្ស័យ ២នាក់ ប្តីប្រពន្ធ ដែលជាបក្ខពួក របស់ជនដៃដល់ អ៊ា ណារ៉េន នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី តាមផ្លូវច្បាប់។
លោកវរសេនីឯក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានបញ្ជាក់ ប្រាប់ថាៈ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ២នាក់ ប្តីប្រពន្ធ ដែលជាបក្ខពួករបស់ជន ដៃដល់ អ៊ា ណារ៉េន នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយការចាប់ខ្លួន កម្លាំងសមត្ថកិច្ច បានដកហូតកាំភ្លើងខ្លី មួយដើម និងគ្រាប់មួយចំនួន។
បក្ខពួកជាប្តីប្រពន្ធខាងលើ គឺជាអ្នកផ្តល់មធ្យោបាយ នូវម៉ូតូមួយគ្រឿង ដល់ជនដៃដល់ យកជិះគេចខ្លួនបន្ត។ ការចាប់ខ្លួននេះ ជនសង្ស័យ ទាំង២នាក់ ប្តីប្រពន្ធជាប់ពាក់ព័ន្ធនឹង គ្រឿងញៀនផងដែរ ដែលធ្លាប់បានធ្វើសកម្មភាព ជួញដូរគ្រឿងញៀន ជាមួយជនដៃដល់។ នេះបើតាមសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹង។
ក្រោយការចាប់ខ្លួនភ្លាម ជនសង្ស័យទាំង ២នាក់ ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។ ចំពោះសាកសពជនដៃដល់ ត្រូវបានសមត្ថកិច្ចដឹកយក ទៅតម្កល់ នៅក្នុងវត្ត រង់ចាំប្រពន្ធកូន និងក្រុមគ្រួសារ មកទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថាៈ ជនដៃដល់ ដែលបានបាញ់សម្លាប់ នាយរងនគរបាលព្រហ្មទណ្ឌ បានស្លាប់ ក្រោយពេលផ្ទុះអាវុធ មួយប្រាវ ជាមួយសមត្ថកិច្ច នៅខេត្តក្រចេះ ដោយសារជននេះ បានបាញ់តដៃ មិនព្រមប្រគល់ខ្លួន។
ករណីផ្ទុះអាវុធនេះ បានកើតឡើង នៅល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅចំណុចអូរកណ្តៀង ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាល ស្រុកសំបូរ ខេត្តក្រចេះ និងនគរបាលខេត្តស្ទឹងត្រែង ឡោមព័ទ្ធជនដៃដល់។
ជនដៃដល់ដែលត្រូវបាញ់ស្លាប់ ក្រោយតដៃជាមួយសមត្ថកិច្ចនេះ មានឈ្មោះ អ៊ា ណារ៉េន ដែលបានបាញ់សម្លាប់ លោកវរសេនីយ៍ រ៉េត ស៊ីណាត នាយរង ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីមានទំនាស់ ដោយសាររឿងគ្រោះថ្នាក់ចរាចរណ៍ នៅមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ។
មុនពេលគ្រោះថ្នាក់ចរាចរណ៍នោះ ជនដៃដល់ ដែលជាខ្មាន់កាំភ្លើង និងបក្ខពួកម្នាក់ទៀត បានជិះរថយន្តមួយគ្រឿង ម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ តាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៉ី លុះជិះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត Ford Rapter របស់ជនរងគ្រោះ បណ្តាលឲ្យបែកស្តុប ខាងក្រោយ បន្ទាប់ពីបុកហើយ ភាគីទាំងពីរ ក៏បានបើករថយន្ត ចូលខាង ដើម្បីសម្របសម្រួលគ្នា បន្ទាប់ពីសម្រួលគ្នាអស់រយៈពេលជិត កន្លះម៉ោង ហើយក៏មិនត្រូវគ្នា ស្រាប់តែមួយសន្ទុះ ក្រោយមកទៀត ជនដៃដល់ បាន ដើរទៅឡាន ទាញកាំភ្លើងយកមកបាញ់ជនរងគ្រោះ ត្រូវចំក្បាល និងដងខ្លួនបណ្តាលឲ្យ ស្លាប់នៅកន្លែង ហើយនាំគ្នាបើករថយន្ត រត់គេចខ្លួនតែម្តង។
ក្រោយប្រតិបត្តិការស្រាវជ្រាវ ដោយដោយនគរបាលព្រហ្មទណ្ឌ និងនគរបាលមូលដ្ឋាន រហូតដល់រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនបាន ជនសង្ស័យម្នាក់ ដែលជាបក្ខពួក របស់ខ្មាន់កាំភ្លើង ហើយជាអ្នកបើក រថយន្ដ នៅថ្ងៃបង្កហេតុ។ បក្ខពួករបស់ខ្មាន់ កាំភ្លើងម្នាក់នេះ ឈ្មោះ កែ ចាន់មាន ដែលត្រូវបានលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ចោទប្រកាន់ចំនួន ពីរបទល្មើស រួមមាន៖ សមគំនិតក្នុងអំពើឃាតកម្ម និងជួញដូរ គ្រឿងញៀន ហើយត្រូវបានតុលាការ ឃុំខ្លួនជាបណ្តោះអាសន្ន៕/V-PC