ដោយៈ ភ្នំស្វាយ / ព្រំដែនកម្ពុជា ថៃៈ កងកម្លាំងយោធា , នគរបាលការពារព្រំដែន កម្ពុជា ថៃ នៅខេត្តជាប់ព្រំដែន ដូចជា បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ កោះកុង និងពោធិសាត់ ពិសេសគឺបានច្រកព្រំដែនវាលរាប និងងាយចេញចូលបាននឹងបន្ត ទ្រោល ទទួលខុសត្រូវ ការទប់ស្កាត់ពលករខ្មែរវិលពីថៃ ដែលជ្រៀតចេញ ហើយរត់គេចពី ការធ្វើចត្តាឡីស័ក។
កម្លាំងទាំងនោះ បានពង្រឹងការល្បាត និងដាក់កម្លាំងប្រចាំការ តាមគោលដៅ មុខសញ្ញា ចាស់ និងមុខសញ្ញាថ្មី ក្នុងប្រតិបត្តិការទប់ស្កាត់ បង្ក្រាបការលួចជ្រៀត ចេញចូលក្នុងបំណង ចូលរួមទប់ស្កាត់ ការរីករាយដាល នៃជំងឺកូវីដ ១៩ ចូលសហគមន៍កម្ពុជា តាមរយៈពលករ ខ្មែរ ដែលវិលត្រឡប់ ពីប្រទេសថៃ ជាទីដែលផ្ទុះនូវ ការរីករាលដាល ជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ពេញទំហឹងនោះ។
សូមរំលឹកថា កន្លងមក មានពលករខ្មែរមួយចំនួនតូច លួចរត់គេចពី ការត្រូតពិនិត្យ និងធ្វើចត្តាឡីស័ក ក្នុងនោះ មានខ្លះបានលួចឆ្លងដែន តាមច្រករបៀង ហើយចូលទៅ ដល់ផ្ទះ និងសហគមន៍តែម្តង ។ ខ្លះបានប៉ុនប៉ងហក់ចុះ ពីរថយន្តយោធា ដឹកពលករ និងពីមណ្ឌលចត្តាឡីស័ក ។
បើគិតនៅបណ្តាខេត្ត ឬនៅស្រុក ក្រុងនានា ករណីពលករ រត់គេចពីចត្តាឡីស័កមានជាបន្ត បន្ទាប់ រាប់សិបនាក់ហើយ ។ ប៉ុន្តែមួយចំនួន ត្រូវមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ច ជាក្រុមការងារ តាមទៅចាប់ដឹកតាមឡានពេទ្យ ត្រឡប់មកមណ្ឌលវិញ ។ ដូចកន្លងមក កម្លាំងអាវុធហត្ថ នគរបាល មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បានប្រើគ្រប់មធ្យោបាយ ដើម្បីពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យពលករខ្មែរ ត្រឡប់ពីប្រទេសថៃ ជាទីដែលកូវីត ១៩ ផ្ទុះពេញបន្ទុកនៅក្នុង សហគមន៍ ។
ករណី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការ កងឯកភាពរដ្ឋបាលខេត្ត ប្រាប់កាសែតរស្មីកម្ពុជា កាលពីព្រលប់ថ្ងៃទី១៦ ខែមករាថាៈ វិធានការពង្រឹងសន្តិសុខ និងការបង្ការ ទប់ស្កាត់ពលករខ្មែរ លួចជ្រៀតឆ្លងដែនដោយមិន បានធ្វើចត្តាឡីស័ក ឬរត់គេចពីចូលមណ្ឌលធ្វើចត្តាឡីស័ក ត្រូវបានបន្តពង្រឹង រឹតបន្តឹង។ ព្រោះថា ការឆ្លងកូវីដ១៩ ក្នុងសហគមន៍នៅថៃ ក៏មិនបានធូរស្រាល។ ឯពលករខ្មែរវិលពីថៃ មកធ្វើចត្តាឡីស័ក ក៏កើនដល់ ៤.០០០ នាក់ នៅខេត្តបន្ទាយមានជ័យ។ ក្នុងនោះ អ្នកវិជ្ជមានកូវីដ ១៩ កើនដល់ ៣៦ នាក់ ហើយទើបមាន ៤ នាក់ បានសះស្បើយ៕/V-PC