ដោយ: សុខុម / ស្ទឹងត្រែង: អ្នកជាប់ឃុំចំនួន ៨៧ នាក់ ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រេចផ្ទេរចេញពីពន្ធនាគារ ខេត្តក្រចេះ មកឃុំខ្លួននៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២១ ម្សិលមិញ។
លោក ឈុន ដារ៉ា ប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី ១៨ ខែមករានេះថាៈ ពិតជាមានការផ្ទេរ អ្នកទោសចេញពីពន្ធនាគារ ខេត្តក្រចេះ មកខេត្ត ស្ទឹងត្រែង ចំនួន ៨៧ នាក់ ពិតប្រាកដមែន។ ការផ្ទេរនេះ ធ្វើឡើង បន្ទាប់ពីមានការស្នើសុំ ពីពន្ធនាគារខេត្តក្រចេះ ទៅអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ ហើយថ្នាក់លើ ក៏បានសម្រេច ឱ្យអ្នកទោសទាំងនោះ ដឹកមកឃុំខ្លួនបន្ត ក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែង។
លោក នុត សាវនា នាយករងអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានប្រាប់រស្មីកម្ពុជា តាមទូរសព្ទ នៅព្រឹកថ្ងៃទី១៨ ខែមករានេះថាៈ ការផ្ទេរអ្នកជាប់ឃុំ ជាង ៨០ នាក់ ចេញពីក្នុងពន្ធនាគារ ខេត្តក្រចេះ មកកាន់ខេត្តស្ទឹងត្រែង ដោយសារនៅក្នុងពន្ធនាគារ ខេត្តក្រចេះ មានចំនួនអ្នកជាប់ឃុំ រហូតដល់ទៅ ៧០៧ នាក់។ បច្ចុប្បន្នពន្ធនាគារនៅខេត្ត ក្រចេះ អាចដាក់អ្នកជាប់ឃុំបានក្រោម ៤០០ នាក់ប៉ុណ្ណោះ ពីព្រោះទីតាំងមានលក្ខណៈ តូចចង្អៀត។
ដោយឡែក ពន្ធនាគារ នៅខេត្តស្ទឹងត្រែង មានលក្ខណៈធំទូលាយ និងមានការសង់អគារ បន្ថែម ជាបន្តបន្ទាប់ ដាក់អ្នកជាប់ឃុំ បានចំនួនច្រើន។ ម្យ៉ាងទៀត ពន្ធនាគារខេត្តក្រចេះ និងស្ទឹងត្រែង ស្ថិតនៅភូមិភាគឦសាន តែមួយ បង្កលក្ខណៈងាយស្រួល សម្រាប់សាច់ញាតិ សួរសុខទុក្ខជនជាប់ឃុំ។ បន្ថែមពីនេះ ការនាំខ្លួនអ្នកជាប់ឃុំ ឡើងសវនាការ ទៅសាលា ដំបូងខេត្ត ក្នុងតំបន់ជិតគ្នា ក៏កាន់តែមានលក្ខណៈងាយស្រួលផងដែរ៕/V-PC