ដោយៈ សុផល / ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ចាន់ស៊ូ ប្រធានសភាប្រជាជន ទូទាំងប្រទេស នៃសាធារណរដ្ឋ ប្រជាមានិតចិន បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ រវាងសភាប្រទេសទាំងពីរ តាមប្រព័ន្ធវីដេអូ នៅវេលាម៉ោង ២ រសៀល នាថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។
ក្នុងឱកាសនៃជំនួបទ្វេភាគីនេះ ប្រធានរដ្ឋសភាកម្ពុជា និងប្រធានសភាប្រជាជនចិន ទូទាំងប្រទេស នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងឱកាសបើក នៃកិច្ចប្រជុំ បន្ទាប់មក សមភាគីទាំងពីរ នឹងផ្តល់វេទិកា ជូនគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជា ដឹកនាំដោយ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អមដោយគណៈ កម្មការជំនាញ ចំនួន៤ របស់រដ្ឋសភា ចំណែកគណៈប្រតិភូជាន់ខ្ពស់ សភាប្រជាជនចិន តំណាងទូទាំងប្រទេស ដឹកនាំដោយលោក ចាន់ ឈុនស៊ាន អនុប្រធានសភាប្រជាជនចិន ទូទាំងប្រទេស អមដោយគណៈកម្មាធិការជំនាញ ចំនួន៤ របស់សភាប្រជាជនចិន ទូទាំងប្រទេស ដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈយោបល់ និងការចែករំលែក បទពិសោធន៍ ជាមួយគ្នា ទៅវិញទៅមក លើប្រធានបទសំខាន់ៗ មួយចំនួន ដើម្បីជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការ សភាប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី មានដូចជាៈ -ការផ្លាស់ប្តូរ បទពិសោធន៍ និងកិច្ច សហប្រតិបត្តិការផ្នែកច្បាប់ – កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹងរោគរាតត្បាត – ការស្តារសេដ្ឋកិច្ច នាដំណាក់កាល ក្រោយរោគរាលដាល និងស្ថានភាពអន្តរជាតិ និងក្នុងតំបន់៕/V-PC