ចាប់ដំណើរការ​កាត់​លះ​មែកឈើ​ដើម​ធំៗ​នៅតាម​បណ្តោយ​វិថី​ព្រះ​អង្គឌួង និង​វិថី​ក្រមួនស​ឬ​លើ​សួន​កាណាឌីយ៉ា ដោយ​អាជ្ញាធរ​រាជធានី​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: អនុវត្តតាម​ការណែនាំ​ផ្ទាល់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៨ មករា​នេះ​បាននិងកំពុង​ធ្វើ​សកម្មភាព​កាត់ និង​លះ​មែកឈើ​ដើម​ធំៗ នៅតាម​បណ្តោយ​វិថី​ព្រះ​អង្គឌួង និង​វិថី​ក្រមួនស​ឬ​នៅលើ​សួន​កាណាឌីយ៉ា​មុខ​ពេទ្យ​ព្រះ​អង្គឌួង ក្នុង​ខណ្ឌដូនពេញ​។​

​លោក សំ សាមុត បានឱ្យដឹង​នៅ​ព្រឹក​នៅ​ព្រឹក​ថ្ងៃ​១៨ មករា​នេះ​ថា​៖ ដើម​ឈឺ​ធំៗ​នៅ​សួន​កាណាឌីយ៉ា​មុខ​ពេទ្យ​ព្រះ​អង្គឌួង​នេះ​មាន​ចំនួន​១០៥​ដើម ហើយ​ក្នុង​ចំនួន​នេះ​មាន​ដើម​គ្រាប់បែក​ឬ​ដើម​គីនីន​ចំនួន​ជាង​៤០​ដើម ក្រៅ​នេះ​មាន​ដើម​គគី ឥន្ទនេល​និង​ឈើទាល ។​ដើមឈើ​ធំៗ​និង​ចាស់ៗ​មាន​ចំនួន​៥០​ដើម ដែលមាន​អាយុកាល​រាប់រយឆ្នាំ​ហើយ​។​

​លោក​សំ សាមុត បន្តថា​៖ ចំពោះ​សកម្មភាព​ខាងលើនេះ ក្រុមការងារ​កាត់​លះ​មែកឈើ​ខាងលើនេះ​ពិតជា​មានការ​លំបាក​ខ្លះ ដោយសារតែ​យើង​ឡើង​កាប់​មួយ​មែក​ម្តង​ជាមួយ និង​ការ​ចងខ្សែ​ទម្លាក់​មកក្រោម មួយ​មែក​ម្តងៗ​ផងដែរ ព្រោះតែ​ខ្លាច​ខូច​ថ្នល់​និង​កា​រឺ​ឡា​។ ការងារ​នេះ​នឹង​ប្រើប្រាស់​ពេលវេលា​យូ​បន្តិច​។ ដូច្នេះហើយ​លោក​សូម​ការយោគយល់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ត្រូវ​ឆ្លងកាត់​ផ្លូវ​នេះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ក្រុមការងារ​នឹង​សម្រុក​ធ្វើការ​ងារ​នេះ​ឱ្យបាន​រួចរាល់​បាន​មុន​គម្រោង​ដែរ​បាន​គ្រោងទុក​។​

​គួរ​បញ្ជាក់ថា​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាល​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០២១​នេះ កន្លងមកនេះ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខណ្ឌ​ចុះ​ពិនិត្យមើល​ស្ថានភាព​ដើមឈើ​បី​ដើម​ដែល​ត្រូវ​កាប់​ចេញ​នោះ លោក​ឃួ​ង ស្រេង​សម្រេច​មិនឱ្យ​កាប់​ចេញ​នោះទេ​។ ដោយ​តម្រូវឱ្យ​កាត់​និង​លះ​មែក​ជាមួយនិង​ការធ្វើ​ទម្រ​ទប់​ដើម​ផងដែរ​។ បន្ថែម​ពីលើ​នេះ​ទៀត កាលពី​ថ្ងៃទី​១៥​មករា មកនេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​សេចក្តីជូនដំណឹង​ជុំវិញ​កា​រតាត់​លះ​មែកឈើ​នេះ​ផងដែរ ដោយ​ក្រុមការងារ​នឹង​ប្រើប្រាស់​រយៈពេល​១​ខែ​។​

​យោងតាម​សេចក្តីជូនដំណឹង​នេះ​បានឱ្យដឹងថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាបជូន ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាបថា​៖ ដើមឈើ​ធំៗ​នៅតាម​បណ្តោយ​វិថី​ព្រះ​អង្គឌួង និង​វិថី​ក្រមួន​សមាន​អាយុកាល​ច្រើន​ឆ្នាំ មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​មាន​ដុះ​មែកឈើ​ស៊ុបទ្រុប​ដែល​ធ្វើឱ្យ​ដើម​មិនអាច​ទ្រទ្រង់បាន រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើការ​លះ​មែកឈើ​មួយចំនួន​ចេញ ព្រមទាំង​បន្ត​ថែទាំ​និង​រក្សាទុក​ដើមឈើ​ធ្វើ​ទម្រ​ទប់​ដើម ដោយ​ចំណាយពេល​អនុវត្ត​ការងារ​រយៈពេល ០១​ខែ ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ តទៅ​។​

​ដើម្បីឱ្យ​ការងារ​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស​ការធ្វើដំណើរ​ឆ្លង​កាត់​ទីតាំង​ខាងលើ បើ​មិនមាន​ការចាំបាច់ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​និង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ ព្រោះ​ដោយសារ​ក្រុមការងារ ត្រូវ​ប្រើប្រាស់​ឧបករណ៍​សម្រាប់​កាត់​មែកឈើ និង​រថយន្ត​ធុន​ធំ​ដែល​អាច​បង្ក​ការកកស្ទះ​ចរាចរណ៍​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular