រឿងអាស្រូវ​កាហ្វេ​លាយ​ថ្មពិល​នៅ​វៀតណាម​កាន់តែ​បែកធ្លាយ​! ៥​នាក់​ត្រូវ​ចាប់ខ្លួន ម្រេចខ្មៅ​វៀតណាម​ក៏​លាយ​ថ្មពិល​ដែរ​

5342
ចែករម្លែក
  • 10.9K
    Shares

​កាសែត​នគរបាល​ប្រជាជន​វៀតណាម​(Cong An Nhan Dan)​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​មេសា​ថា ប៉ូលិស​វៀតណាម​បាន​ចាប់ខ្លួន​មនុស្ស​៥​នាក់​ពី​បទ​សង្ស័យ​​ថា​បាន​ប្រើ​វត្ថុ​ធាតុគីមី​ក្នុង​ថ្មពិល​ប្រើ​ហើយ​ដើម្បី​ធ្វើអោយ​គ្រាប់​កាហ្វេ​ឡើង​ខ្មៅ និង​ទំនងជា​ប្រើ​លើ​ម្រេចខ្មៅ​ថែមទៀត​។​

​វៀតណាម​ជា​ប្រទេស​នាំចេញ​ម្រេច​ធំ​បំផុត​នៅក្នុង​លោក ប្រមាណ​ពាក់កណ្តាល​នៃ​ពាណិជ្ជកម្ម​ពិភពលោក​។​ប្រទេស​នេះ​ក៏​ផលិត​កាហ្វេ​Robusta ធំ​បំផុត​លើ​លោក​ផង​​ដែរ​។​

​របាយការណ៍​បាន​និយាយថា ជនសង្ស័យ​៥​នាក់​ដឹកនាំ​ដោយ​ឈ្មោះ ង្វៀន ធី​ ​ថាញ់ ល័ន អាយុ​៤៣​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការរំលោភច្បាប់​ស្តីពី​សុវត្ថិភាព​ចំណីអាហារ​​ក្រោយ​ប៉ូលិស​បាន​រកឃើញ​ការ​ហ្វេ​ខ្មៅ​លាយ​ថ្មពិល​ខូច​។​ប៉ូលិស​បាន​រឹបអូស​យក​បាន​ទឹកខ្មៅ​សំរាប់​ជ្រលក់​កាហ្វេ​៤០​លីត្រ ជាមួយ​កាហ្វេ​ជ្រលក់​ទឹក​ថ្មពិល​ហើយ​ចំនួន​២១​តោន និង​ថ្មពិល​ប្រើ​ហើយ​ជាង​២០០​គីឡូក្រាម​នៅផ្ទះ​របស់​ចែ ល័ន​ក្នុង​ខេត្ត​ដាក​ណុង​ដែល​ជា​តំបន់​ផលិត​កាហ្វេ​ធំ​បំផុត​របស់​វៀតណាម​។​ខេត្ត​នេះ​ក៏​ដាំ​ម្រេច​ច្រើន​​ជាង​គេ​ផង​ដែរ​។​

​កាសែត​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​នេះ​បាន​និយាយថា ចែ ល័ន​បាន​លក់​កាហ្វេ​លាយ​ថ្មពិល​នេះ​ចំនួន​៣​តោន​ទៅ​អោយ​ក្រុមហ៊ុន​លក់​ម្រេច​មួយ​នៅក្នុង​ខេត្ត​​ប៊ីញ ភួក ជាប់​គ្នា​នោះ​។​

​តែ​កាសែត​យុវជន​( Tuoi Tre)​បាន​និយាយថា ប៉ូលិស​បាន​រឹបអូស​ម្រេច​លាយ​ជាមួយ​កាហ្វេ​លាយ​ថ្មពិល​៩​តោន​នៅ​ក្រុមហ៊ុន​ខាងលើ និង​ថា​ក្រុមហ៊ុន​នេះ​បាន​រក​​ស៊ី​លក់​ម្រេច​លាយ​កាហ្វេ​ជ្រលក់​ថ្មពិល​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ​។​

​ទោះជា​យ៉ាងណា មន្ត្រី​ពាក់ព័ន្ធ​របស់​វៀតណាម​បាន​ចេញ​មក​អះអាង​ថា រឿងអាស្រូវ​នេះ​មាន​លើ​ក្រុមហ៊ុន​តូចតាច​មួយ​និង​មិន​ទំនង​ជា​ប៉ះពាល់​ការនាំ​ចេញ​ម្រេច​​វៀតណាម​ទេ​។​វៀតណាម ទទួលខុសត្រូវ​លើ​ពាណិជ្ជកម្ម​ម្រេច​ក្នុង​លោក​ចំនួន​៦០-៦៥​ភាគរយ និង​តំលៃ​ម្រេច​កំពុង​ធ្លាក់ចុះ​៕ដោយ៖វាសនា

អានអត្ថបទមុន៖ ដល់ក​! រោងចក្រ​មួយ​នៅ​វៀតណាម​ផលិត​កាហ្វេ​ចេញពី​ថ្មពិល​បោះចោល​

ចែ ង្វៀន ធី ថាញ់ ហ័ន ម្ចាស់​សិប្បកម្ម​ផលិត​កាហ្វេ​លាយ​ថ្ម​ពិល ត្រូវបាន​ចាប់ខ្លួន​ជាមួយ​មនុស្ស​៤​នាក់​ផ្សេង​ទៀត​។​បើ​ត្រូវបាន​តុលាការ​រក​ឃើញ​កំហុស ជន​ទាំង​៥​អាច​ជាប់គុក​២០​ឆ្នាំ

​កាហ្វេ​លាយ​ថ្មពិល​ត្រូវបាន​រឹបអូស​នៅ​ខេត្ត​ដាក​ណុង

ទីតាំងផ្សាយពាណិជ្ជកម្ម