ដោយ: ប.ខុន / ភ្នំពេញ: អាកាសធាតុត្រជាក់ខ្លាំង នឹងមកដល់នៅយប់ថ្ងៃទី១៨និង ទី១៩ខែ មករាឆ្នាំ២០២១ ហើយនៅចុងសប្តាហ៍នេះ អាចនឹងភ្លៀងធ្លាក់តិចតួចនៅលើផ្នែកខាងត្បូង នៃប្រទេសកម្ពុជា ជាពិសេសនៅតំបន់មាត់សមុទ្រ ដោយសារឥទ្ធិពលសម្ពាធទាបមួយ រុញមកពីសមុទ្រចិនខាងត្បូង។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៨ខែមករាឆ្នាំ២០២១ថា អាកាសធាតុត្រជាក់លើកទី៤ នៅក្នុងរដូវរំហើយនេះ បានមកដល់ទៀតហើយ ដោយការចុះត្រជាក់ខ្លាំងនឹងកើតមាននៅយប់ថ្ងៃទី១៨និង១៩ខែមករា គឺត្រជាក់ដូចការ ត្រជាក់លើកទី៣កន្លងទៅ ដែលនៅកន្លែងខ្លះសីតុណ្ហភាពអប្បបរមា បានចុះដល់រង្វង់៨ អង្សាសេ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើបានបញ្ជាក់ថា ធាតុអាកាសត្រជាក់ខ្លាំង កើតមានឡើងនៅតំបន់ជួរភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន។ ឯតំបន់វាលទំនាប ក៏ត្រជាក់ខ្លាំងដែរ តែដល់ថ្ងៃទី២១ខែមករា សីតុណ្ហភាពចាប់ផ្តើមកើនឡើងវិញបន្តិច ដោយសារឥទ្ធិពលសម្ពាធទាបរុញខ្លាំងមកពីសមុទ្រចិនខាងត្បូង។
លោក ចាន់ យុត្ថា និយាយឱ្យដឹងទៀតថា សម្ពាធទាបដែលបានដើរកាត់លើ ប្រទេសហ្វីលីពីនចូលក្នុងសមុទ្រចិនខាងត្បូង រួចងាកទៅលើ(ជើង) រកកោះតៃវ៉ាន់ នឹងបង្កឱ្យមានភ្លៀងធ្លាក់នៅលើផ្នែកខាងត្បូង នៃប្រទេសកម្ពុជា ពិសេសនៅតំបន់ មាត់សមុទ្រនាចុងសប្តាហ៍នេះ។ សីតុណ្ហភាពចាប់ផ្តើមងើបឡើងវិញ នៅអំឡុងថ្ងៃទី២១ខែមករានេះ គឺឡើងដោយសន្សឹមៗ៕srn