ដោយៈបូកគោ/កំពតៈ ប្រជានេសាទនៅខេត្តកំពត បានអះអាងថា ដោយសារទូកនេសាទធំៗ ចូលមកធ្វើសកម្មភាពដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ធ្វើឱ្យ ពួកគាត់ជួបការលំបាកក្នុងការនេសាទលើផ្ទៃសមុទ្រ ដែលជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ម្ល៉ោះហើយ ទើបពួកគាត់សំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធជួយទប់ស្កាត់ដើម្បីពួកគាត់មានឱកាសរកស៊ីបន្ត។
ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ អ្នកនេសាទមួយរូបរស់នៅសង្កាត់ត្រើយកោះ ក្រុងកំពតបានរៀបរាប់ថា របរនេសាទសព្វថ្ងៃជួបបញ្ហាលំបាក ហើយអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ ក្រុមជនខិលខូចដែលមិនខ្វល់ពីភាពហិនហោចចំពោះពពួកមច្ឆជាតិទៅថ្ងៃក្រោយនោះបានយកឧបករណ៍ឆក់មកធ្វើសកម្មភាពដោយគ្មានកោតញញើតបន្តិចចណាឡើយ។ ក្រៅពីកត្តាគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ រលកធំៗ ភ្លៀងផ្គររន្ទះ អ្នកនេសាទតូចតាចត្រូវប្រឈមនូវការដេញបុកពីប្រភេទទូកអូសគូដែលប្រើប្រាស់សុទ្ធតែឧបករណ៍ល្មើសបែបទំនើបផងដែរ។
ប្រភពដដែលបានបញ្ជាក់ថា ការចូលមកធ្វើសកម្មភាពលើ្មសច្បាប់ក្នុងដែនសមុទ្រខេត្តកំពតមិនមែនទើបតែកើតមានទេ ពោលគឺអូសបន្លាយយូរឆ្នាំមកហើយ ប៉ុន្តែការបង្ក្រាបហាក់ដូចជាពុំមានប្រសិទ្ធភាពសោះ។ ក្នុងនាមអ្នកនេសាទតូចតាចដែលតែងគោរពច្បាប់រដ្ឋ សំណូមពរដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធបង្កើនការទប់ស្កាត់ដើម្បីឱ្យពួកគាត់មានឱកាសរកស៊ីបន្តផង។
លោកស សូរិន នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តកំពតបានបំភ្លឺថា ទូកអូសគូជាប្រភេទទូកដែលមានតែនៅខាងប្រទេសវៀតណាម។ ដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩នេះ សមត្ថកិច្ចវៀតណាមរឹតបន្តឹងមិនឱ្យប្រជាពលរដ្ឋខ្លួនឆ្លងចូលប្រទេសជិតខាងដាច់ខាត។
លោកបានបញ្ជាក់ថា ជាក់ស្តែងក្នុងដែនរបស់គេឈមនឹងផែគីឡូដប់ពីរ ឃុំកោះតូចមានកប៉ាល់វៀតណាមបួន-ប្រាំគ្រឿង ប្រចាំការ ដើម្បីទប់ស្កាត់អ្នកនេសាទគេមិនឱ្យចូលមកខាងកម្ពុជា។ ប៉ុន្តែ អ្នកនេសាទខ្មែរមានឆ្លៀតចូលទៅខាងគេ ដូចករណីប៉ុន្មានថ្ងៃមុន សមត្ថកិច្ចវៀតណាមបានឃាត់ជាប់ប្រាំទូក ហើយត្រូវកម្លាំងនគរបាលជើងទឹកទៅនាំមកវិញ។
លោក ស សូរិន បានសម្តែងក្តីសង្ស័យថា អ្នកនេសាទដែលព្យាយាមនិយាយមិនល្អពីសមត្ថកិច្ច និងមន្ត្រីជំនាញអាចពាក់ព័ន្ធការប្រកាសប្រមូលពន្ធប្រចាំឆ្នាំ ព្រោះទម្លាប់មិនល្អនេះតែងកើតឡើងដដែលៗ។
នៅឆ្នាំ២០២០កន្លងទៅបងប្អូនប្រជានេសាទទូទាំងខេត្តខកខានមិនបាន បង់មួយឆ្នាំទៅហើយ។ នៅខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលជលផលបានប្រកាសលើកទីពីរដោយតម្រូវឱ្យបង់ពន្ធប្រចាំឆ្នាំបញ្ចប់ត្រឹមថ្ងៃទី៣១ ខែមីនា។ ជាលេសឆ្លើយតបចំពោះការប្រកាសនេះ ពួកគាត់បានលើកហេតុផលមួយចំនួន ដូចជា ករណីទូកនេសាទវៀតណាមឆ្លងដែនចូល ការចាក់ដីលុបសមុទ្រធ្វើឱ្យបាត់បង់កន្លែងនេសាទ និងបញ្ហាអាកាសធាតុប្រែប្រួលមានព្យុះភ្លៀងជាដើម៕