ដោយ: ភ្នំខៀវ / បាត់ដំបង: កសិករក្នុងខេត្តបាត់ដំបងជោគជ័យលើមុខរបរចិញ្ចឹមគោយកសាច់ចាប់តាំងពី ៦ក្បាលរហូតចាប់ដៃគូជាមួយយុវជនពលករខ្មែរនៅក្រៅប្រទេសពង្រីកក្រុមហ៊ុនផ្គត់ផ្គង់ចំណីអាហារចូលទីផ្សារក្នុងស្រុក។
លោក ឈិន ផាន់ណូ អគ្គនាយកក្រុមហ៊ុនអានស៊ីនអាវីសែនជ័យ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះបានបញ្ជាក់ឲ្យដឹងថា ផ្អែកលើបទពិសោធន៍ និងភាពជោគជ័យលើវិស័យកសិកម្មរយ:ពេលជាង ៥ឆ្នាំកន្លងមកនេះ ស្ថាបនិកជាយុវជនកូនកសិករក្នុងខេត្តបាត់ដំបង រួមជាមួយពកលករខ្មែរនៅប្រទេសកូរ៉េ និងជប៉ុនបានប្រមូលថវិការួមគ្នាក្នុងទំហំទឹកប្រាក់ ១លានដុល្លាអាមេរិក នៅដើមឆ្នាំ២០២១នេះ ឈានទៅពង្រីកមុខរបរបើកកសិដ្ឋានចិញ្ចឹមសត្វគោ ក្របី ពពែ មាន់ ទា និងត្រីផងដែរ ដែលជាប្រភេទផលិតផលក្នុងស្រុកមានការធានាគុណភាព អនាម័យត្រឹមត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងកសិកម្មរុក្ខាប្រកាញ់ និងនេសាទ។
តាមផែនការគ្រោងទុកនៅដំណាក់កាលទី២ ដើមឆ្នាំ២០២២ ក្រុមហ៊ុនគ្រោង និងវិនិយោគពង្រីកកសិដ្ឋានលើផ្ទៃដីចំនួន ៣០ហិកតាបន្ថែមទៀត និងរៀបចំបុត្រសម្ព័ន្ធជាច្រើននៅតាមភោជនីយដ្ឋាន ក្រុមសំណង់ ក្រុមហ៊ុន ឬដេប៉ូផ្គត់ផ្គង់ចំណីសត្វ វ៉ាក់សាំង ក៏ដូចជាបរិក្ខាកសិកម្មផ្សេងៗ។
លោក ឈិន ផាន់ណូ បានបន្តថា គោលការណ៍គ្រឹះចំបងរបស់កសិដ្ឋានផ្តោតលើកត្តាជីវសុវត្ថិភាព អនាម័យ ស្របតាមបទដ្ឋានរាប់ទាំងទីតាំងសាងសង់ បច្ចេកទេសក្នុងការអនុវត្តជ្រើសរើសពូជ ពិសេសធានាសត្វមិនមានជំងឺ ឬសាច់ដែលមានប្រវត្តិចេញពីកន្លែងផ្ទុះជំងឺជាដើម ក្នុងជំហានសាកល្បងជាយុទ្ធសាស្ត្រចំពោះមុខកសិដ្ឋានអានស៊ីនអាវីសែនជ័យ និងបង្កើតការងារដល់ប្រជាពលរដ្ឋឲ្យបាន១.០០០កន្លែង ក្នុងខេត្តគោលដៅរួមមាន: ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។
ចំណែកលោក ធី រ៉ាវុធ ប្រធានក្រុមប្រឹក្សាភិបាលបានលើកឡើងដែរថា កសិដ្ឋានដែលផ្តើមដោយក្រុមយុវជនកូនខ្មែរខាងលើនេះ មិនត្រឹមតែជាទីតាំងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់សាច់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានផ្តល់នូវចំណេះដឹង ចែករំលែកបច្ចេកទេសដល់បងប្អូនប្រជាកសិករទាំងអស់ផងដែរដែលមានបំណងចង់យល់ដឹងពីបច្ចេកទេសសម័យទំនើបដើម្បីពង្រីកមុខរបរ អាជីកម្មលើកកម្ពស់ជីវភាពគ្រួសាររបស់ខ្លួន។
បច្ចុប្បន្នក្រុមហ៊ុនបានផ្តល់ការងារជួយដល់ប្រជាពលរដ្ឋបានប្រមាណជិត ៥០០នាក់ និងនៅដើមឆ្នាំ ២០២២ គ្រោងនឹងបង្កើតសាខាពេញលេញនៅទូទាំងប្រទេសរអាចជួយផ្តល់ឱកាសការងារដល់ប្រជាជនហូតដល់ ៥.០០០ ទៅ ១០.០០០នាក់ ចូលរួមកាត់បន្ថយការធ្វើចំណាកស្រុករបស់យុវជនបានមួយភាគយ៉ាងល្អប្រសើរ។
ក្រុមហ៊ុនអានស៊ីនកកើតចេញពីក្រុមយុវជនជំនាន់ក្រោយនៅក្នុងស្រុក និងពលករនៅបរទេសបានបន្តការផ្តាំផ្ញើរផងដែរ ទៅដល់ស្រទាប់មហាជនទាំងអស់សូមបន្តជឿទុកចិត្តជាមួយក្រុមហ៊ុនរបស់កូនខ្មែរមួយនេះ ដោយហ៊ានអះអាងថាពិតជាផ្តល់នូវផលិតផលមានប្រភពច្បាស់លាស់ធានាគុណភាព បរិស្ថាន អនាម័យ រួមគ្នាលើកកម្ពស់សុខមាលភាពអ្នកទទួលទាន សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលឲ្យរីកចម្រើនទៅមុខ និងទប់ស្កាត់ការនាំចូលផលិតផលមានសារធាតុគីមីប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ៕