ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ នៅពេលដែលលោកដូណាល់ ត្រាំសម្លឹងមើលជាលើកចុងក្រោយពីឧទ្ធម្ភាគចក្ររបស់គាត់មកលើសួនសេតវិមាននៅថ្ងៃពុធទី២០មករានោះច្បាស់ជាឃើញកម្ទេចកម្ទីបាក់បែកសល់ពីអាណត្តិប្រធានាធិបតីរបស់គាត់ចៀសមិនរួចនោះឡើយ។
បុរសសក់ទង់ដែង ដែលចូលកាន់តំណែងប្រធានាធិបតីកាលពី៤ ឆ្នាំមុន បានសន្យាយ៉ាងភ្ញាក់ផ្អើលដល់ហ្វូងមនុស្សនៅក្នុងសុន្ទរកថាថ្ងៃសម្ពោធតំណែងរបស់គាត់ថា គាត់នឹងបញ្ចប់”ការសម្លាប់ជនជាតិអាម៉េរិក”។ប៉ុន្តែលោកត្រាំ ដែលនិយាយលើកខ្លួនឯងថាជាប្រធានាធិបតីពូកែផុតលេខ ដែលគ្មានប្រធានាធិបតីណាម្នាក់អាចធ្វើបានដូចគាត់ បែរជាឥឡូវក្លាយអ្នកសម្លាប់អាម៉េរិកទៅវិញ។
ពីឧទ្ធម្ភាគចក្រ Marine One លោកត្រាំអាយុ ៧៤ ឆ្នាំនឹងឃើញផ្ទាល់នឹងភ្នែកដែលរដ្ឋធានីនឹងប្រែក្លាយទៅជាជំរំប្រដាប់អាវុធ បន្ទាប់ពីកុបកម្មលើវិមានសភាពីសំណាក់អ្នកគាំទ្ររបស់លោកកាលពីថ្ងៃទី ៦ ខែមករា។
ទាហានឆ្មាំជាតិប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិកំពុងឈរយាមកាមពាសពេញទីក្រុងវ៉ាស៊ីនតោន។ របាំងការពារមានលួសបន្លាត្រូវបានដាក់ពង្រាយជាច្រើនកន្លែងក្នុងរដ្ឋធានីដែលឈុតឆាកនេះធ្លាប់តែឃើញនៅទីក្រុងបាកដាដតែប៉ុណ្ណោះ។
ឥឡូវកងទ័ពត្រូវបានដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោនច្រើនជាងនៅអាហ្វហ្គានីស្ថានទៅទៀត។ ជនជាតិអាម៉េរិកការពារជនជាតិអាម៉េរិកប្រឆាំងនឹងជនជាតិអាម៉េរិកដទៃទៀត។
ហើយនៅពេលដែលគាត់សម្លឹងមើលកំពូលពណ៌សនៃអគារកាពីតូល លោកត្រាំច្បាស់ជាឆ្ងល់ថាតើកាលពីឆ្នាំ២០១៧គាត់ចូលកាន់តំណែងដោយរបៀបណា។ កាលណោះគណបក្សសាធារណរដ្ឋបានគ្រប់គ្រងសេតវិមាននិងសភាទាំងពីរជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍។ កាលណោះ គាត់យល់ឃើញថាគ្មានឆ្អឹងទទឹងកគាត់នោះឡើយ។
កាលណោះគាត់បានប្រាប់អ្នកគាំទ្ររបស់គាត់ថា “យើងឈ្នះពេករហូតដល់ថ្នាក់ធុញនឹងឈ្នះ”។ ប៉ុន្តែនៅព្រឹកថ្ងៃពុធ លោកត្រាំនឹងចាកចេញពីទីក្រុងទាំងចាញ់ហើយចាញ់ទៀត។
គាត់គឺជាប្រធានាធិបតីមួយអាណត្តិ ដែលប្លែកខុសពីគេព្រោះត្រូវសភាចោទប្រកាន់ពីរដង។ ហើយឥឡូវសមាជិកសភាបក្សប្រជាធិបតេយ្យមិនមែនបក្សសាធារណរដ្ឋទៀតទេនឹងគ្រប់គ្រងសេតវិមាននិងសភាទាំងពីរ ដោយសារត្រាំបានធ្វើឱ្យបាត់បង់អាសនៈសុវត្ថិភាពដ៏សំខាន់នៅរដ្ឋចចចា។
មិនមែនអ្វីៗទាំងអស់សុទ្ធតែជាកំហុសរបស់ត្រាំនោះទេ។
ជំងឺរាតត្បាតកូវីដ១៩ ដែលឆ្លងចូលសហរដ្ឋអាម៉េរិកប្រហែលមួយឆ្នាំកន្លងទៅគឺជាគ្រោះមហន្តរាយធំបំផុត ដែលបណ្តាប្រទេសអ្នកមានជាច្រើនពិបាកឬបរាជ័យក្នុងការទប់ស្កាត់។ហើយជំងឺរាតត្បាតនេះបានបង្កើតឱ្យមានរលកនៃភាពអត់ការងារធ្វើ ការដួលរលំអាជីវកម្ម និងការទារពន្ធខ្ពស់ពីប្រជាជនដើម្បីរក្សាលំនឹងសេដ្ឋកិច្ច ខណៈជនជាតិអាម៉េរិកស្លាប់ជិត៤០ម៉ឺននាក់ពីជំងឺនេះ។
ខណៈត្រាំត្រូវគេចោទប្រកាន់ថាដោះស្រាយវិបត្តិសុខភាពមិនបានល្អ ប្រហែលជាគ្មានប្រធានាធិបតីណាម្នាក់អាចទប់ជាប់នឹងរលកយក្សស៊ូណាមីនៃដំណឹងអាក្រក់ជាហូរហែបាននោះឡើយ។
ប៉ុន្តែលោកត្រាំអះអាងថា គាត់គឺជាមនុស្សខុសពីគេ។ គាត់ជាពូជមនុស្សផ្សេងពីគេ។
គាត់បានអួតយ៉ាងល្បីរន្ទឺកាលពីឆ្នាំ ២០១៨ ថា គាត់ “មិនមែនជាមនុស្សឆ្លាតទេ តែជាអ្នកប្រាជ្ញ។ ហើយជាអ្នកប្រាជ្ញមានទេពកោសល្យថិតថេរខ្លាំងណាស់”។
– ពីដំបូង មនុស្សនាំគ្នាសើចចម្អកឱ្យត្រាំ
ត្រឡប់ទៅឆ្នាំ ២០១៦ ជនជាតិអាម៉េរិកភាគច្រើនសើចចម្អកចំពោះគំនិតរបស់ត្រាំចង់កាន់តំណែងនៅសេតវិមាន។
ដោយមើលឃើញត្រាំចូលចិត្តលេងពណ៌សក់ ចូលចិត្តអាហារ Fast-food និងញៀននឹងមើលទូរទស្សន៍ មនុស្សភាគច្រើនយល់ឃើញថាបុរសញូវយ៉កចូលចិត្តនិយាយតាម Twitterឥតឈប់រូបនេះគ្រាន់តែពញ្ញាក់អារម្មណ៍នយោបាយលេងៗប៉ុណ្ណោះ។
ប៉ុន្តែនៅក្នុងការបោះឆ្នោត អ្នកនយោបាយឡប់ឡែរូបនេះបែរជាផ្ដួលលោកស្រីហ៊ីលឡារី គ្លីនតុន ដែលជាគីឡូធ្ងន់របស់បក្សប្រជាធិបតេយ្យដែលកាលណោះនរណាៗក៏យល់ឃើញដែរថាលោកស្រីនឹងឈ្នះយ៉ាងងាយ។
មិនយូរប៉ុន្មាន ពេលត្រាំឡើងកាន់តំណែងនៅទីក្រុងវ៉ាស៊ីនតោន គាត់បានអនុវត្តនយោបាយជាតិនិយមដែលបានអួតក្អេងក្អាងទៅលើអ្វីៗគ្រប់យ៉ាង។
ការដែលគូប្រជែងកាន់តែព្យាយាមបញ្ឈប់គាត់ គាត់កាន់តែជោគជ័យរឹតតែខ្លាំង។
ការស៊ើបអង្កេតរយៈពេល ២ ឆ្នាំទៅលើការផ្សារភ្ជាប់គ្នារវាងការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦ និងយុទ្ធនាការបោះឆ្នោតរបស់លោកត្រាំ បានបញ្ចប់ទៅទាំងបរាជ័យ។
បន្ទាប់មក នៅពេលដែលសមាជិកសភាបក្សប្រជាធិបតេយ្យបានចាប់ផ្តើមដំណើរការចោទប្រកាន់លើកដំបូងលើលោកត្រាំក្នុងឆ្នាំ ២០១៩ គណបក្សសាធារណរដ្ឋដែលធ្លាប់រារាំងលោកត្រាំមិនឱ្យឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីពីដំបូងនោះ បានគាំទ្រគាត់។ ត្រាំរួចផុតពីការចោទប្រកាន់យ៉ាងងាយ។
បន្ទាប់មក ឈុតឆាកចលាចលជាច្រើនទៀត ដែលអាចទម្លាក់ប្រធានាធិបតីយ៉ាងងាយស្រួលដូចជាបណ្តឹងតុលាការពីសំណាក់តារាសិចការចោទប្រកាន់អំពីការកេងចំណេញលុយរដ្ឋតាមរយៈការឱ្យបុគ្គលិករដ្ឋាភិបាលជួលទីតាំងកូនហ្គោលរបស់គាត់ និងការដាក់គុកមេធាវី បែរជាជំរុញអំណាចរបស់ត្រាំកាន់តែខ្លាំងក្លាទៅវិញ។
ដោយយក Twitterធ្វើជាអាវុធនិងកេណ្ឌអ្នកគាំទ្រពាក់មួកក្រហមរបស់គាត់ទ្រង់ទ្រាយធំក្នុងរបៀបដូចធ្វើយុទ្ធនាការបោះឆ្នោតជាអចិន្ត្រៃយ៍លោកត្រាំបានធ្វើសង្គ្រាមមិនត្រឹមតែប្រឆាំងនឹងអ្នករិះគន់ប៉ុណ្ណោះទេ ប៉ុន្តែស្ទើរតែគ្រប់ស្ថាប័នទាំងអស់របស់អាម៉េរិក។
ក្រុមអ្នកជំទាស់គីឡូធ្ងន់ៗនៅសេតវិមានបានខ្ទាតចេញតាមមាត់ទ្វារអស់រលីង។ អ្នកសារព័ត៌មានបានក្លាយជា “សត្រូវរបស់ប្រជាជន”។ បណ្តាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់និង FBI ត្រូវបានប្រែក្លាយជាបិសាចក្នុងកែវភ្នែកប្រជាជន។ អ្នកប្រឆាំងនៅក្នុងសភាត្រូវបានចាត់ទុកជា “មនុស្សកុហក” “មនុស្សឆ្កួត” និង “ជនក្បត់ជាតិ”។
ដូចដែលត្រាំធ្លាប់បាននិយាយលើ Twitter ក្នុងឆ្នាំ ២០១២ ៖ “នៅពេលនរណាម្នាក់វាយខ្ញុំ ខ្ញុំតែងវាយតបវិញ … ខ្លាំងជាង ១០០ ដង។ ជីវិតគឺបែបហ្នឹង!”។
– គ្មានប្រធានាធិបតីណាដូចគាត់
នៅលើឆាកពិភពលោក វាជារឿងដូចគ្នា។
ដោយគ្រវាត់ចោលការកសាងសម្ព័ន្ធមិត្តរឹងមាំរាប់ទសវត្សរ៍ លោកត្រាំបានប្រែក្លាយសម្ព័ន្ធមិត្តរបស់អាម៉េរិកទៅជាទំនាក់ទំនងពាណិជ្ជកម្មអារកទៅវិញ។
ដៃគូសម្ព័ន្ធមិត្តដូចជាកូរ៉េខាងត្បូងអាល្លឺម៉ង់និងកាណាដាត្រូវបានចោទប្រកាន់ពីបទព្យាយាមហែកអាម៉េរិកជាចំរៀក។ផ្ទុយទៅវិញសត្រូវនិងគូប្រជែងរបស់អាម៉េរិកដូចជាកូរ៉េខាងជើងនិងចិនត្រូវបានអញ្ជើញឱ្យចរចាគ្នាសិនមុននឹងអារក។
ជាការពិតមានរឿងមួយជាក់ច្បាស់។
មិនថានៅបរទេស នៅក្នុងស្រុក ឬនៅកន្លែងណានោះទេ អ្វីៗគឺត្រូវតែអំពីបុរសធំ (ត្រាំ) ភរិយារបស់គាត់ជាអតីតតារាបង្ហាញម៉ូត មេឡានៀ កូនប្រុសប្រកបដោយមហិច្ឆិតារបស់គាត់ និង ជាក់ស្តែងអ្នកគាំទ្រងប់ងុលរបស់គាត់។
គាត់បានហៅខ្លួនគាត់ថា “អ្នកដែលគេចារពីបុព្វេ”។ គាត់បានអួតអំពី “ប្រាជ្ញាដ៏អស្ចារ្យនិងឥតខ្ចោះ” របស់គាត់។ គាត់បាននិយាយទៀតថា “លើកលែងតែអាប្រាហាំ លីនខូន ខ្ញុំជាប្រធានាធិបតីអស្ចារ្យជាងគេ”។
គាត់បាននិយាយរឿងជាច្រើនអំពីខ្លួនគាត់។ ភាគច្រើននៃរឿងទាំងនោះជារឿងមិនពិត ព្រោះយោងតាមក្រុមត្រួតពិនិត្យការពិតនៃកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានរកឃើញថាត្រាំនិយាយមិនពិតឬកុហក ៣០.០០០ ដង។
មានតែការអះអាងចម្លែកមួយគត់របស់គាត់គឺជាការពិត គឺ “គ្មានប្រធានាធិបតីណាដូចប្រធានាធិបតីត្រាំ”។
– ជាវីរបុរសរបស់វណ្ណៈកម្មករ
មុនឆ្នាំ ២០១៦ លោកត្រាំល្បីឈ្មោះតែចំពោះតួអង្គគ្មានធម៌មេត្តាក្នុងកម្មវិធីកម្សាន្តលើទូរទស្សន៍ ហៅថា “The Apprentice” និង ល្បីឈ្មោះខាងសង់អគារប្រណីតនិងក្លិបវាយកូនហ្គោល។
ខាងនយោបាយឯណេះវិញ ការចូលរួមចំណែកសំខាន់របស់គាត់គឺជំរុញទ្រឹស្តីអាថ៍កំបាំង ដែលមនុស្សភាគច្រើនយល់ថាជាការប្រកាន់ពូជសាសន៍ ព្រោះទ្រឹស្តីនោះលើកឡើងថា លោកបារ៉ាក់ អូបាម៉ាមិនបានកើតនៅសហរដ្ឋអាម៉េរិកទេ ដូច្នេះគាត់មិនមែនប្រធានាធិបតីស្របច្បាប់ឡើយ។
ប៉ុន្តែក្នុងឆ្នាំ ២០១៦ អ្នកនយោបាយក្មេងខ្ចីរូបនេះបានចាក់ចំបេះដូងប្រទេសជាតិ គឺ ជួយសម្រាលការខកចិត្តរបស់វណ្ណៈកម្មករ បន្ទាប់ពីឧស្សាហកម្មធ្លាក់ចុះជាច្រើនឆ្នាំ និង បទដ្ឋានសង្គមសេរីរីករាលដាលរហ័សពេក។
លោកត្រាំបានប្រើបណ្តាញសង្គមធំៗដូចជា Twitter, Facebook និងទូរទស្សន៍ Fox News ធ្វើជាបណ្តាញផ្សព្វផ្សាយគាត់ជាអ្នកសង្គ្រោះមនុស្សបុរសស្រីទាំងឡាយដែលគេបំភ្លេចចោល៕