Home ព័ត៌មានសំខាន់ៗ សេដ្ឋវិទូ​ក្រ...

សេដ្ឋវិទូ​ក្រើន​រលឹក​ពី​ការប្រើប្រាស់​លុយ​បាន​ពី​ធនធាន​ប្រេង​គួរ​ធ្វើឡើង​ដោយ​ ​ប្រយ័ត្នប្រយែង​

​ដោយៈ ច្រាយ ចំណាន​/​ភ្នំពេញៈ កម្ពុជា​បានចាប់ផ្ដើម​ទទួល​តំណក់​ប្រេង​ដំបូង​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២៩ ធ្នូ​ឆ្នាំ​២០២០​កន្លងទៅនេះ ហើយ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​យូរ​មកហើយ​ក្នុងការ​ទាញយក​អត្ថប្រយោជន៍​ពី​ធនធានធម្មជាតិ​បាតសមុទ្រ​របស់ខ្លួន​។​

​ទន្ទឹមនឹង​ការមកដល់​នេះ​សេដ្ឋវិទូ​បានផ្ដល់​ជា​ទស្សនទាន​ឱ្យ​កម្ពុជា​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការចាយវាយ​ថវិកា​ដែល​បានមកពី​ការ​បូម​ប្រេង​នេះ​។​លោក​បណ្ឌិត​ម៉ី​កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា​នៅក្នុង​ប្រទេសមួយ​មិន​ខុសពី​គ្រួសារ​មួយ​ទេ​។​នៅពេលដែល​យើង​មាន​ធនធាន​មិនសូវ​សម្បូរ​ធូរធារ​គឺអាច​បញ្ជូន​កូន​ទៅ​រៀន​ត្រឹម​ឌី​ប្លូ​ម ឬ​បាក់​ឌុប​។ តែ​នៅពេល​យើង​ចាប់ផ្ដើម​មាន​ធនធាន ដែល​មកពី​កេរ​ដូច​តា យើង​អាច​បញ្ជូន​កូន​ទៅ​រៀន​ថ្នាក់​បរិញ្ញាបត្រ អនុបណ្ឌិត ឬ​បណ្ឌិត​រហូតដល់​ក្រៅប្រទេស ដើម្បីឱ្យ​ពួកគេ​មានចំណេះ​ហើយ​អាច​រកលុយ​បាន​ច្រើន​។​

លោក​បន្តថា​“​ការទទួលបាន​ប្រេង​នៅពេលនេះ​ក៏​ដូចគ្នា​ដែរ​បើសិនជា​បាន​លុយ​មកពី​ការ​បូម​ប្រេង​ហើយ​យកទៅ​វិនិយោគ​នៅ​កន្លែង​ណា​ដែល​ត្រឹមត្រូវ​ពេល​អស់​ប្រេង​ក៏​យើង​មាន​ធនធាន​ហើយ​នៅតែ​អាច​រកលុយ​បាន​បន្តបន្ទាប់​ទៀត​”​។​លោក​ថា​“​យើង​ត្រូវតែ​ចាយលុយ​ដោយ​ប្រយ័ត្នប្រយែង​ហើយ​ត្រូវ​ពិចារណា​ថា ប្រទេស​យើង​ត្រូវការ​អ្វី យើង​វិនិយោគ​លើ​នោះ​គឺ​អត់​ខុស​ឡើយ​ដោយ​មិន​យកលុយ​ទៅ​ទិញ​សម្ភារ ទិញ​ឡាន​ទំនើបៗ​ជិះ​ក្ឌុង​ក្ឌាំង​នោះទេ​”​។​

​លោក​បន្តថា លុយ​ដែល​បានមក​ក៏​អាច​ចាយ​ទៅវិញ ហើយ​វា​ក៏​អាច​ត្រឡប់មកវិញ​ម្ដងទៀត​ដែរ តែ​ចំពោះ​ប្រេង​ដែល​កំពុង​បូម​នេះ បើកាលណា​បូម​អស់ហើយ វា​នឹង​លែង​មក​ម្ដង​ទៀតហើយ ដូច្នេះហើយ​យើង​ត្រូវ​ប្រយ័ត្ន​ឱ្យ​មែនទែន​។​

​រដ្ឋាភិបាល​កម្ពុជា​ដាក់​ទិសដៅ​ដោយ​យក​ចំណូល​បានមកពី​វិស័យ​ប្រេង​សម្រាប់​វិនិយោគ​លើ​ការអប់រំ​សុខាភិបាល​ដោយសារតែ​រដ្ឋាភិបាល​ច​ង់​វិនិយោគ​លើ​ធនធានមនុស្ស​ដើម្បី​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​៤.០​។​ក្រៅពី​ធនធានមនុស្ស​គឺ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​វិស័យ​ផ្សេងៗ​ទៀត ជា​បន្តបន្ទាប់​ទៅតាម​លទ្ធភាព​របស់រ​ដ្ឋា​ភិ​បាល ។​

​តាម​ការប៉ាន់ស្មាន​រប​ស់​អ្នកជំនាញ​បានបង្ហាញ​ថា ទីតាំង​កំពុង​បូម​ប្រេង​នឹង​ទទួលបាន​ប្រេង​ជាង​៧៥០០​បារ៉ែល​ក្នុង​មួយថ្ងៃ​ដែលជា ចំនួន​តិចតួច​ខណៈ​ប្រទេស​បូម​ប្រេង​ដទៃ​គឺ​បាន​ចំនួន​ច្រើនជាង​កម្ពុជា​រាប់សិប​ដង​។​ទោះបីជា​ទិន្នផល​ដែល​ទទួលបាន​មាន​ចំនួន​តិចតួច បរិមាណ​នេះ​ត្រូវបាន​រាយការណ៍​ថា នឹង​បង្កើតបាន​ប្រាក់ចំណូល​ថ្មី​ចំនួន​៥០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕​សរន​


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular