Home ព័ត៌មានជាតិ សេដ្ឋកិច្ច ពលរដ្ឋ​ក្រុង​...

ពលរដ្ឋ​ក្រុង​ខេមរភូមិន្ទ ពេញ​ចិត្តនឹង​ទទួលបាន​ផ្លូវ​អេ​ស៊ី ប្រវែង​ជាង ៣ គីឡូម៉ែត្រ​

ដោយៈ សុ​ផានី​តា / កោះកុងៈ ក្រុម​ប្រជាពលរដ្ឋ រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ បាន​សម្តែង​នូវ ការពេញចិត្ត​ជាខ្លាំង នៅពេល​ទទួលបាន ផ្លូវ​បេតុង ប្រភេទ​អេ​ស៊ី​ថ្មី ប្រវែង​ជាង ៣ គីឡូម៉ែត្រ ដែលជា​គម្រោង​អភិវឌ្ឍន៍ រដ្ឋបាល​ខេត្តកោះកុង សម្រាប់​ឆ្នាំ​២០២០ ដែល​ផ្លូវ​នេះ ជាការ បង្ក​ការងាយស្រួល ដល់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ ទៅមក​ទាំង​ពេលយប់ និង​ពេល​ថ្ងៃ ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ជំនួស​ឱ្យ​ផ្លូវ​ចាស់ រង​ការខូចខាត ទ្រុឌទ្រោម​ទៅហើយ នោះ​។​

​រដ្ឋបាល​ខេត្តកោះកុង បាន​បញ្ចេញ​ថវិកា សម្រាប់​ដំណើរការ​ស្ថាបនា ផ្លូវ​អ៊ុត​បេតុង​អេ​ស៊ី ប្រវែង ១.៥០០ ម៉ែត្រ និង​ទទឹង ២០ ម៉ែត្រ ក្នុង​សង្កាត់​ស្មាច់មានជ័យ និង​សង្កាត់​ដងទង់ ខណៈ​សព្វថ្ងៃ សម្រេចបាន​ស្ទើរតែ ១០០ ភាគរយ​ហើយ សំដៅ​ដល់​ការលើកកម្ពស់ សុវត្ថិភាព​ចរាចរណ៍​។​

​លោក អន ដា​វុ​ធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង បានលើកឡើង នៅ​ថ្ងៃទី​១៨ ខែមករា ២០២១​ថាៈ គិត​តាំងពី​ថ្ងៃទី​២៩ ខែធ្នូ ២០២០ ដល់​ថ្ងៃទី ១៨ ខែមករា ២០២១ សកម្មភាព​ការងារ យ៉ាង​មមាញឹក អ៊ុត​ផ្លូវ​បេតុង អេ​ស៊ី​ដ៏​ថ្មី​សន្លាង នៅក្នុង​ទី​រួម​ខេត្ត សម្រេច​ជិត​រួចរាល់​ហើយ ដោយនៅ​សេសសល់ បន្តិចបន្តួច​ប៉ុណ្ណោះ ស្ថិតក្នុង​គម្រោង អភិវឌ្ឍន៍ ថវិកា​របស់​រដ្ឋបាល​ខេត្ត រីឯ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ជា​អ្នកទទួលខុសត្រូវ ស្ថាបនា​ឡើង​។​

​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង បានឱ្យដឹង​ទៀតថាៈ គម្រោង​ទី​១ នៃ​ការអនុវត្ត​អ៊ុត​ផ្លូវ​បេតុង​អេ​ស៊ី ខាងលើ មាន​កម្រ​ស់ ០,០៦ ម៉ែត្រ ដោយ​ផ្តើមចេញពី​ផ្លូវកែង កងរាជអាវុធហត្ថ​ខេត្ត រហូតដល់​ផ្លូវកែង​ផ្សារ​ដងទង់ ជា​គម្រោង​ទី​១​។ ការងារ​ស្ថាបនា ផ្លូវ​បេតុង​អេ​ស៊ី​នេះ ជា​គម្រោង​អភិវឌ្ឍន៍ នៅ​ឆ្នាំ​២០២០ ក្នុង​គោលបំណង ដើម្បី​លើក កម្ពស់​សុខ សុវត្ថិភាព​ច​រា​រណ៍ ធ្វើដំណើរ ព្រមទាំង​ដឹក​ជ​ញ្ចូ​ន​ទំនិញ ពាណិជ្ជកម្ម​ខ្នាតតូច ទៅមក​ជូន​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​លោក អន ដា​វុ​ធ បានឱ្យដឹង​បន្ថែមថាៈ ក្រោយ​បញ្ចប់​ការងារ គម្រោង​ទី​១ ក្រុមការងារ ជំនាញ នឹង​បន្ត​អនុវត្ត​គម្រោង​ទី​២ ប្រវែង ២ គីឡូម៉ែត្រ​បន្តទៀត ស្ថិតនៅ​ភូមិ​៤ សង្កាត់​ដងទង់ ចាប់ពី​ចំណុច​កែង​ផ្ទះ លោកស្រី​អភិបាលខេត្ត រហូតដល់​កែង​ផ្លូវ​សេរីការ ដែល​ក្រុមហ៊ុន ម៉ៅការ សាងសង់​ផ្សេង អនុវត្ត​។​

​ជាមួយនឹង​ការទទួលបាន​ផ្លូវ​បេតុង​ថ្មី​នេះ ប្រជាពលរដ្ឋ និង​អាជីវករ បាន​សម្តែង​នូវ​ក្តី​ពេញចិត្ត ខណៈ​មាន​ផ្លូវ​ស្អាត​ល្អ បើ​ធៀប​នឹង​ពេល មិនទាន់​កែលម្អ​ថ្មី​។ នៅពេល​មិនទាន់​អ៊ុត​កៅស៊ូ ស្ថានភាព​ផ្លូវ មាន​រង​ការ​ខូ​ត​ខាត ជា​បំណែក​តូច ជាច្រើន នាំឱ្យ​ពិបាក​ធ្វើដំណើរ និង​ប្រឈម នឹង​គ្រោះថ្នាក់​ផ្សេងៗ​។​

​ទោះបីជា​ការស្ថាបនា ផ្លូវ​បេតុង​អេ​ស៊ី មាន​តិចតួច​ក្តី តែ​ពួកគាត់​រំពឹងថា រដ្ឋបាលខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ នឹង​បន្ត​ស្ថាបនា​កែលម្អ បណ្តោយ​ផ្លូវ​ផ្សេងៗ​ទៀត​។ ដើម្បី​សុវត្ថិភាព និង​រក្ស​គុណភាព​ផ្លូវ គង់វង្ស​យូរអង្វែង ប្រជាពលរដ្ឋ ក៏​ស្នើ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ត្រូវ​ចូលរួម​គោរព ច្បាប់​ចរាចរណ៍ តាមរយៈ​កុំ​បើកបរ​ហួស​ល្បឿន​កំណត់ កុំ​លក់ដូរ​បំពាន លើ​ចិញ្ចើមផ្លូវ ឬ​ដឹកទំនិញ​លើស​កំណត់ ជាដើម​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular