ដោយៈ វ៉ៃកូ / ស្វាយរៀងៈ បុរសម្នាក់ បានឈ្លោះគ្នា ជាមួយនឹងប្រពន្ធ ដោយគំរាមអារ-ក ប្រពន្ធ ធ្វើអោយប្រពន្ធ ភ័យរត់ទៅប្តឹងមេភូមិ។ នៅពេលមេភូមិ មកសួរនាំ បុរសនោះ ក៏បានកាប់មេភូមិនោះ បណ្ដាលឱ្យរងរបួស រួចហើយដុតម៉ូតូ និងដុតផ្ទះខ្លួនឯងថែមទៀត។ អំពើហិង្សានេះ បានកើតឡើង កាលពីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិ ត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។
លោក ពិន អាន អធិការនគរបាល ស្រុកស្វាយជ្រំ បានឱ្យដឹងតាមទូរស័ព្ទថាៈ ជនសង្ស័យ ឈ្មោះ កែវ ធូ អាយុ ២៨ ឆ្នាំ មានមុខរបរ មិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុ ខាងលើ ហើយបុរសនេះ ទើបបានត្រឡប់ មកពីភ្នំពេញ។ ចំណែកលោកមេភូមិ ដែលរងគ្រោះ ឈ្មោះ សួស សារី អាយុ ៧០ ឆ្នាំ ត្រូវជនសង្ស័យ យកពូថៅកាប់ត្រូវ ៦ កន្លែង។
លោកបានបន្តថាៈ មុនកើតហេតុ ជនសង្ស័យ បានធ្វើដំណើរ ត្រឡប់ពីភ្នំពេញ មកលេង ស្រុកកំណើត ក្នុងភូមិឃុំកើតហេតុ ខាងលើ។ បន្ទាប់ពីមកដល់ផ្ទះ ជនសង្ស័យ បានរករឿង ឈ្លោះ ជាមួយប្រពន្ធ និងបានគំរាមអារ.ក ធ្វើឱ្យប្រពន្ធភ័យ ក៏បានរត់ចេញផ្ទះ ទៅប្តឹងលោក មេភូមិត្របែកប្រហោង។ ក្រោយមក លោកមេភូមិ បានជិះម៉ូតូ មកដល់ ស្រាប់តែជនសង្ស័យ បានយកពូថៅកាប់ និងវាយត្រូវក្បាល និងដងខ្លួនលោកមេភូមិ បណ្ដាលឱ្យរងរបួសធ្ងន់ ហើយក៏បានយក ដែកកេះ កេះដុតផ្ទះ និងម៉ូតូ បង្កការភ្ញាក់ផ្អើលតែម្ដង។ សម្ភារៈខូចខាត រួមមាន ម៉ូតូហុងដាឌ្រីម ឆេះអស់ទាំងស្រុង និងសម្ភារៈផ្សេងៗ មួយចំនួនទៀត។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យនោះ សមត្ថកិច្ច បានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យ ជាលទ្ធផលវិជ្ជមាន គឺមានសាធាតុញៀន ក្នុងខ្លួន៕/V-PC