ដោយៈសរិទ្ធ/កណ្ដាលៈ ភាគីកូនកំលោះ៤នាក់ និងភាគីកូនក្រមុំ២នាក់ បានបើកឆាកប្រយុទ្ធផ្អើលពេញរោងការ ក្រោយពីផឹកស៊ីស្រវឹងរៀងៗខ្លួននោះ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់សំណាញ់ឃាត់ខ្លួនកាលពីម៉ោង៩យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នៅ ក្នុងរោងការភូមិព្រែករោង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យមាន២ក្រុមរួមមាន៖ ក្រុមទី១ជាភាគីខាងកូនកំលោះមានគ្នា៤នាក់ (ប្រុសទាំងអស់) មាន៖ ឈ្មោះ ម៉េត សុភីន ភេទប្រុស អាយុ២២ឆ្នាំ ជាកូនកំលោះ មានរបួសស្នាមបែកក្បាល, ឈ្មោះ ម៉េត លាភ ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាពូរបស់កូនកំលោះមានរបួសស្នាមបែកសៀតផ្កា, ឈ្មោះ ងួន សុភា ភេទប្រុស អាយុ២០ឆ្នាំ ត្រូវជាភ្ញៀវមានរបួសស្នាមបែកចិញ្ចើម។ ទាំងបីនាក់រស់នៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ដូចគ្នា និងឈ្មោះ អេង រដ្ឋា អាយុ២៩ឆ្នាំទីលំនៅភូមិខ្លាក្រហ៊ឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់ ត្រូវជាភ្ញៀវមានរបួសស្នាមបែកក្បាល។
ចំណែកក្រុមទី២ មានគ្នា២នាក់ (ប្រុសទាំងអស់) ជាភាគីខាងកូនក្រមុំ ៖ ឈ្មោះអេង មិនា អាយុ២២ឆ្នាំ ត្រូវជាបងជីដូនមួយខាងកូនក្រមុំមានរបួសស្នាមរយះត្រង់កខាងឆ្វេង និង-ឈ្មោះ ផន តុលា អាយុ២៤ឆ្នាំ ត្រូវជាបងជីដូនមួយខាងកូនក្រមុំមានរបួសស្នាមហើមត្រង់ភ្នែកខាងស្តាំ។ ទាំង២នាក់មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ។
ប្រភពដដែលបន្តថា កាលពីពេលវេលាម៉ោងកើតហេតុខាងលើ មានកម្មវិធីរៀបមង្គលការដោយមានភ្ញៀវទាំងសងខាងបានចូលរួមផឹកស៊ីរាំរែក សប្បាយគ្រប់គ្នា។លុះផឹកស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ភាគីទាំង២បានឌឺដងដាក់គ្នារហូតឈ្លោះប្រកែកគ្នា បានយកកៅអី ចាន កែវ ថូផ្កា គប់គ្នាទៅវិញទៅមកបណ្តាលឲ្យមានរបួសស្នាមរៀងៗខ្លួនតែម្តង។ ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ចុះទៅឃាត់ខ្លួនជនសង្ស័យទាំង២ក្រុមយកមកចាត់ការតាមនីតិវិធីតែម្តង ៕សរន