ដោយៈ រិទ្ធិសែន / ពោធិសាត់ៈ អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ សកម្មភាពសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ឆ្នាំ២០២០ និងលើកទិសដៅ អនុវត្តបន្ត ឆ្នាំ២០២១ នៅទីស្នាក់ការសាខាខេត្ត នៅរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។
កិច្ចប្រជុំនេះ មានគោលបំណង គឺដើម្បីស្តាប់ការរាយការណ៍ ពីលទ្ធផល និងសកម្មភាពការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២១ ព្រមទាំងសិក្សាពីបញ្ហាប្រឈមមួយចំនួន ដែលសាខា អនុសាខាកាកបាទក្រហម ក្រុង ស្រុក ទាំង៧ ក្រុមការងារប្រតិបត្តិ និងយុវជនស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់ បានជួបប្រទះ កន្លងមក។
នៅក្នុងកិច្ចប្រជុំនេះ លោក ម៉ៅ ធនិន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា សាខា អនុសាខាទាំងអស់ ដែលបានខិតខំ ប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងសកម្មភាពការងារមនុស្សធម៌ យ៉ាងសកម្មផុសផុល រយៈពេលមួយឆ្នាំ កន្លងមក ដោយបានសហការគ្នាល្អប្រសើរ រវាងគណៈកម្មាធិការសាខា ជាមួយក្រុមប្រតិបត្តិសាខា និងអាជ្ញាធរមូលដ្ឋាន បើទោះបីសមាជិក សមាជិកា ខ្លះមិនបានចូលរួម ដោយសារជាប់រវល់ ការងារស្នូលយ៉ាងណាក្តី។ ជាមួយគ្នានេះ លោក ម៉ៅ ធនិន បានផ្តាំផ្ញើដល់ ក្រុមប្រតិបត្តិសាខា អនុសាខា ទាំងអស់ ពេលមានគ្រោះមហន្តរាយ កើតឡើង ត្រូវទំនាក់ទំនង ជាមួយអាជ្ញាធរ ភូមិ ឃុំ ស្រុក ដើម្បីដោះស្រាយ និងឆ្លើយតប ឱ្យបានទាន់ពេលវេលា ៕/V