ដោយៈ ភ្នំស្វាយ – មុនីរ័ត្ន / បន្ទាយមានជ័យៈ សាកលវិទ្យាល័យមានជ័យ (National Meanchey University : N U M) នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២០-២០២១ របស់ខ្លួនហើយ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំធំ ចំពេលដែលគ្រឹះស្ថាននេះ បានត្រូវរាជរដ្ឋាភិបាល បានបន្ថែមឈ្មោះ ពីលើឈ្មោះដើមថា សាកលវិទ្យាល័យមានជ័យ និងស្តារ កែទម្រង់ ឬអាចថា បានព្យាបាលជំងឺផ្ទៃក្នុងរបស់ខ្លួននោះ ។
លោក ជ័យ សារិន ប្រធានគណៈកម្មការគ្រប់គ្រង សាកលវិទ្យាល័យជាតិមានជ័យ បានមានប្រសាសន៍ថាៈ សាកលវិទ្យាល័យជាតិមានជ័យ ផ្តួចផ្តើមកសាងឡើង ដោយលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ក្នុងឆ្នាំ២០០៧ ដែលបានដើរតួនាទី ជាគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល ស្រាវជ្រាវ និងផលិត ធនធានមនុស្ស ។ ១៣ឆ្នាំ កន្លងមកនេះ គ្រឹះស្ថានឧត្តមសិក្សារដ្ឋមួយនេះ បានផលិតធនធនមនុស្ស កម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់ បរិញ្ញប័ត្រ និងបរិញ្ញាប័ត្ររង លើ ១៤ ជំនាញ នៅតាមមហាវិទ្យាល័យ ចំនួន៥ ពោលគឺមាននិស្សិត រាប់ពាន់នាក់ បានបញ្ចប់ការសិក្សា រួចមកហើយ។
លោកបានបន្តថាៈ ដើម្បីធានាបាននូវគុណភាព នៃការបណ្តុះបណ្តាល និងការសិក្សារបស់និស្សិត ដែលឆ្លើយតបនឹងតម្រូវការទីផ្សារ នាបច្ចុប្បន្ន និងទៅអនាគត ១ ឆ្នាំចុងក្រោយនេះ ក្រោមការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងពេញទំហឹង របស់លោក ស សុខា ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យនេះ បានដាក់ចេញនូវកម្មវិធីកែទម្រង់ ៦ ចំណុចគឺៈ ទី១.ការពង្រឹងអភិបាលកិច្ច ។ ទី២.ការគ្រប់គ្រងថវិកា និងហិរញ្ញវត្ថុ ការគ្រប់គ្រងបុគ្គលិក ទ្រព្យសម្បត្តិរដ្ឋ ការកែលម្អបរិស្ថាន ការកែលម្អសេវានិស្សិត និងការកែលម្អកម្មវិធីសិក្សា និងការស្រាវជ្រាវ។ ទន្ទឹមនឹងនោះ សាកលវិទ្យាល័យ ក៏ត្រូវបានប្តូរឈ្មោះ ជាសាកលវិទ្យាល័យ ជាតិមានជ័យ និងប្តូរនិមិត្តរូបថ្មី ហើយបានរៀបចំផែនការ យុទ្ធសាស្ត្រ រយៈពេល ៥ ឆ្នាំ និងផែនការអភិវឌ្ឍន៍ សាកលវិទ្យាល័យ។
លោកបណ្ឌិត ជ័យ សារិន បានបន្តថាៈ ក្នុងឆ្នាំសិក្សានេះ សាកលវិទ្យាល័យជាតិមានជ័យ មានសាស្ត្រាចារ្យ និងបុគ្គលិកអប់រំ ១១៦ នាក់ ក្នុងនោះមាន ក្របខ័ណ្ឌរដ្ឋ ៨០ នាក់ ។ ឯនិស្សិតកំពុងសិក្សា ពីឆ្នាំទី២ ឡើងទៅ មាន ៤៥៩ នាក់ / ស្រី ២៧៥ នាក់ ។ សម្រាប់ឆ្នាំថ្មីនេះ ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ មាន ៥ ជំនាញ បរិញ្ញាប័ត្រ មាន ១៦ ជំនាញ និងបរិញ្ញាប័ត្ររង មាន ៤ ជំនាញ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមគាំទ្រ និងអបអរចំពោះសមិទ្ធផល បង្កើតគ្រឺះស្ថាន ឧត្តមសិក្សា ក៏ដូចលទ្ធផល ដែលការបណ្តុះបណ្តាល សម្រេចបាន ជាពិសេស សូមគាំទ្រលើដំណើរការ កែទម្រង់ និងធ្វើបច្ចុប្បន្នភាព របស់សាកលវិទ្យាល័យនេះ ទើបឈានទៅប្រកួតប្រជែង ដើម្បីសម្រេចគោលដៅ របស់ខ្លួនបាន ។
លោក វ៉ាង សុវណ្ណ តំណាងបុគ្គសិក្សា និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យជាតិមានជ័យ បានបង្ហាញចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្ត ១០ ចំណុច គាំទ្រ និងចូលរួមចំណែក អនុវត្តផែនការយុទ្ធសាស្ត្រ កំណែទម្រង់របស់ សាកលវិទ្យាល័យ អោយទទួលជោគជ័យ បន្ថែមទៀត ។
លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង សាកលវិទ្យាល័យជាតិមានជ័យ បានលើកទឹកចិត្ត និសិត្សទាំងអស់ ត្រូវប្រកាន់គោលជំហរ និងមានជំនឿជឿជាក់ លើខ្លួនឯង ត្រូវតស៊ូព្យាយាម អត់ធ្មត់ ក្នុងការសិក្សា ដើម្បីឈានទៅសម្រេចបាន នូវក្តីស្រមៃ និងក្តីបំណងប្រាថ្នា នៅពេលអនាគត។
លោក ស សុខា បានបន្តទៀតថាៈ សិស្សានុសិស្ស និស្សិតទាំងឡាយ ត្រូវលះបង់នូវពាក្យចំនួន ៥ យ៉ាង ដែលមិនគួរនិយាយគឺ ១.ពាក្យថាពិបាក។ ក្រោយពេលដែលយើង និយាយពាក្យថា ពិបាកនោះ វានឹងរារាំងដល់ សមត្ថភាពរបស់យើង។ ២.ពាក្យថា ធ្វើមិនបាន ព្រោះពាក្យនេះ វានឹងក្លាយទៅជា ភាពទន់ជ្រាយ ។ ៣.កុំអស់សង្ឃឹម។ ៤.ពាក្យថា ខ្ជិល និង ៥.ពាក្យថា ហត់។
លោកបានបន្តទៀតថាៈ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដើរតួជាបុគ្គល នៅមុខ ជាឪពុកម្ដាយ ទីពីរ ជាអ្នក ស្រាវជ្រាវ ជាអ្នកប្រឹក្សា និងជាអ្នកច្នៃប្រឌិត ព្រមទាំងខិតខំប្រឹងប្រែង អភិវឌ្ឍន៍សមត្ថភាពខ្លួន ជាប្រចាំ ទាំងខាងចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន ភាសាបរទេស ដើម្បីយក ចំណេះដឹងថ្មីៗ គរុកោសល្យថ្មី មកបង្ហាត់បង្រៀន ដល់និស្សិត ឲ្យមានចំណេះដឹង ទំលំទូលាយ និងអភិវឌ្ឍន៍ខ្លួន ជាអ្នកបន្ត សម្រាប់អនាគត។
សាកលវិទ្យាល័យមានជ័យ ត្រូវខិតខំពង្រឹង សក្ដានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្ធ ទាំងសេវាបង្រៀន និងរៀនឲ្យស័ក្កិសម ជាទីកន្លែង សម្រាប់អប់រំ និងបណ្ដុះបណ្ដាល កំណត់ស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញំញីផ្លូវចិត្ត ផ្លូវកាយ ទៀតឡើយ៕/V