ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនបានបញ្ជាក់ថាការប្រជែងគ្នារវាងមហាអំណាចអាម៉េរិក និងចិនដែលនាដើមអាណត្តិរបស់ប្រធានាធិបតីត្រាំ(Trump)បានចាប់ផ្តើមពីការបង្កសង្គ្រាមពាណិជ្ជកម្មនោះបានរីករាលដាលដល់សមរភូមិ ផ្សេងទៀតមាន សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា យោធា ចារកម្ម ល្បែងទម្លាក់កំហុស និងបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងមនោគមវិជ្ជា។
រូបថតៈប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន
លោកបន្ថែមថា ទោះបីជាមានការព្យាករថា ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាម៉េរិក (លោក ចូ បៃដិន)អាចផ្លាស់ប្តូរទិសដៅគោលនយោ បាយការបរទេស ពី «អាម៉េរិកជាចម្បង» មកផ្តោតលើ «ប្រព័ន្ធពហុភាគីនិយម» វិញក៏ដោយ ក៏ពុំមានសញ្ញាណណាមួយបង្ហាញថា ការប្រជែងឥទ្ធិពល និងអំណាចនេះបានថមថយចុះនោះទេ។ ផ្ទុយទៅវិញ វាអាចបន្ថែមនូវថាមវន្តកាន់តែខ្លាំង និងបង្កនូវការលំបាក ការប្រឈម និងកង្វល់ស្មុគស្មាញដល់ប្រទេសតូចៗ ដូចកម្ពុជា ទាំងនយោបាយ ទាំងសេដ្ឋកិច្ចផង។
ការបញ្ជាក់របស់ប្រមុខការទូតកម្ពុជាបានធ្វើឡើងនៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ នៅថ្ងៃទី១៨ ខែមករានេះ។លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា អ្វីដែលធ្ងន់ធ្ងរនោះគឺការរួមបញ្ចូលគ្នានៃកត្តាទាំងពីរ ក្នុងពេលតែមួយ។ ពោលគឺរដ្ឋាភិបាលត្រូវចាត់វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដផង និងដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ច និងសង្គម ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺនេះផង។ធ្ងន់ធ្ងរបំផុតទៅទៀតសម្រាប់កម្ពុជាគឺថែមពីលើអម្រែកទាំងសងខាងស្មារបស់ យើង គឺការដករបបអនុគ្រោះពន្ធក្រោមប្រព័ន្ធអ៊ីប៊ីអេ( EBA)២០ ភាគរយ។ “ទណ្ឌកម្ម” ដែលអ៊ីយូ( EU)បានសម្រេចដាក់មក លើកម្ពុជាក្នុងគ្រាដែលប្រទេសតូចរបស់យើងកំពុងប្រមូលកិច្ចប្រឹងប្រែងគ្រប់យ៉ាងធនធានគ្រប់ប្រភេទនិងមធ្យោបាយចម្រុះដើម្បីទប់ទល់នឹងការរាលដាលនៃជំងឺកូវីដ-១៩ ផង និងទប់កុំឱ្យសេដ្ឋកិច្ចដួលរំលំផងត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីហៅយ៉ាងច្បាស់ក្នុងសុន្ទរកថា ទៅកាន់មហាសន្និបាត អ.ស.ប. លើកទី៧៥ ថាជា “ភាពអយុត្តិធម៌”។
រូបថតៈពិធីប្រកាសដាក់ឲ្យប្រើប្រាស់យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣
សម្តេចបានថ្លែងថានាឱកាសនោះថា «រឿងអយុត្តធម៌នេះ រំលឹកខ្ញុំអំពី “ស្លាកស្នាម” ប្រវត្តិសាស្ត្រ។ ប្រមាណជាង៤០ឆ្នាំមុន កម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលប្រជាជនកម្ពុជាជាង២លាននាក់បានបាត់បង់ជីវិតនៅក្នុងរបបដ៏ព្រៃផ្សៃ នេះ។ អ្នករស់រានមានជីវិតទាំងបាក់ស្មារតី និងសល់តែបាតដៃទទេ គឺជាអ្នកដែលស្តារប្រទេសជាតិពីគំនរផេះផង់។អ្វីដែលគួរឱ្យហួស ចិត្តគឺអ្នកដែលរស់រានមានជីវិតទាំងនោះបែរជាទទួលរងទណ្ឌកម្មពីសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិដែលថែមទាំងបានអនុញ្ញាតឱ្យមេពិឃាតខ្មែរក្រហមកាន់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិទៅវិញ។រដ្ឋាភិបាលទាំងនោះដែលបានផ្សព្វផ្សាយឥតឈប់ ឈរអំពីលទ្ធិប្រជាធិបត្យេ និងសិទ្ធិមនុស្ស គឺជាអ្នកដែលបានរារាំងប្រជាជនយើងពីការទទួលបាននូវសិទ្ធិមូលដ្ឋានបំផុតរបស់មនុស្ស គឺ ចំណីអាហារ សុខុមាលភាព ការអប់រំ ផ្ទះសម្បែង ការអភិវឌ្ឍ និងជាពិសេសសុខសន្តិភាព អស់រយៈពេលជាង១២ឆ្នាំ។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ការដែលសហភាពអឺរ៉ុបដកហូត EBA មួយផ្នែកពីកម្ពុជានៅពេលដែលប្រទេសនេះកំពុង ប្រឹងប្រែងតស៊ូជម្នះជំងឺរាតត្បាតកូវីដ១៩គឺជារឿងច្រំដែលនៃប្រវត្តិសាស្ត្រ។ទោះបីយ៉ាងណាក៏ដោយក៏កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ដូចដែលខ្លួនធ្លាប់បានធ្វើអស់រយៈពេល៤០ឆ្នាំកន្លងមកនេះ ក្នុងការការពារនូវអ្វីដែលខ្លួនជឿជាក់ថាជាមាគ៌ាដ៏ត្រឹមត្រូវ នោះគឺការពារអធិបតេយ្យជាតិនិងថែរក្សាសន្តិភាពដែលកសាងបានយ៉ាងលំបាកលំបិននិងទទួលបានការសាទរពេញទំហឹងដោយប្រជាជាតិកម្ពុជា ទាំងមូល ដែលបានឆ្លងកាត់សោកនាដកម្មដ៏ខ្លោចផ្សាបំផុត និងកំពុងតែងើបឈរឡើងជាប្រជាជាតិមួយ ស្មើមុខមាត់ ស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងសកលោក៕សរន
រូបថតៈពិធីប្រកាសដាក់ឲ្យប្រើប្រាស់យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣