ដោយៈតារារិទ្ធ/ភ្នំពេញ៖លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថាវាជាអកុសលណាស់ដើមធ្នង់គឺជាសត្រូវជាមួយប្រជាជននៅក្នុងតំបន់ឧទ្យានជាតិ តេជោសែនឫស្សីត្រឹប,ព្រោះនៅពេលដែលដើមធ្នង់មានអាយុ ២០ ឆ្នាំ ធំប៉ុនភ្លៅមនុស្ស គឺប្រជាជននាគ្នាកាប់គ្មានសល់ ១ សប្តាហ៌ពួកគាត់ចូលទៅកាប់ដើមធ្នង់ក្នុងរង្វង់ពី ២ ពាន់ទៅបីពាន់ដើមហើយពួកគេកាប់យកតែត្រឹមមួយម៉ែត្រប៉ុណ្ណោះក្នុងមួយដើម ។
លោកបណ្ឌិត សុខ ទូច បានលើកឡើងបែបនេះនៅក្នុងក្នុងសន្និសីទសារព័ត៌មានស្ដីពីការអភិរក្សព្រៃឈើនៅឧទ្យា នជាតិតេជោសែនឫស្សីត្រឹប ដែលរៀបចំដោយអង្គភាពអ្នក នាំពាក្យរាជរដ្ឋាភិបាលនៅទីស្ដីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ ។ លោកបានលើកឡើងថាលោកស្រក់ទឹកភ្នែកនៅពេលដែលឃើញប្រជាជនគាត់កាប់ ដើមធ្នង់ដែលជាឈើប្រណិតបែបនេះ ។ លោកបានបន្តថានៅទីនោះផ្ទះប្រជាជន ១៥ ផ្ទះគឺមានឈើធ្នង់គរនៅក្រោយផ្ទះទាំង១៥ ផ្ទះ ។
លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថាប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានជាតិខាងលើនេះភាគច្រើនប្រកបមុខ របរកាប់ព្រៃឈើដើម្បីយកឈើលក់ឱ្យឈ្មួញនិងដើម្បីយកជ័រ លក់(ជ័រច្បោះ) ដែលនាំឱ្យមានការបាត់បង់ព្រៃឈើអស់ជាច្រើន ។ក្រៅពីនេះពួកគាត់ក៏តែងតែកាប់រានព្រៃឈើនៅរដូវប្រាំងមានទាំងការដុតបំផ្លាញព្រៃដើម្បីយកដីធ្វើស្រែនៅរដូវវស្សាដែលជាហេតុនាំឱ្យមានភ្លើងឆេះព្រៃជាញឹកញាប់។ដោយឃើញនូវសកម្មភាពខុសច្បាប់ដែលនាំ ទៅដល់ភាពហិនហោចព្រៃឈើនៅក្នុងឧទ្យានជាតិយ៉ាងដូច្នេះហើយរាជបណ្ឌិត្យសភាកម្ពុជាក៏បានសហការជាមួយអាជ្ញាធរខេត្ត-ស្រុកនិងមន្ទីរ-អង្គភាពពាក់ព័ន្ធចុះទប់ស្កាត់ និង អប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជារឿយៗអំពីបញ្ហាទាំងនេះ ព្រមទាំងរកទីតាំងលំនៅដ្ឋានថ្មីជូនពួកគាត់សម្រាប់ផ្លាស់ចេញពីតំបន់ឧទ្យានជាតិនេះដោយផ្ដល់ដីអាស្រ័យផល បង្កើតឱ្យមានប្រភពទឹកប្រើប្រាស់ដូចជាការជីកអណ្ដូងជីកស្រះ តបណ្ដាញអគ្គិសនី ព្រមទាំងកសាង ឱ្យមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាមានផ្លូវថ្នល់ សាលារៀន វត្តអារាម ផ្សារជាដើមពិសេសគឺរាជបណ្ឌិត្យសភាកម្ពុជាកំពុងខិតខំបង្កើតឱ្យមានឱកាសការងារជូនប្រជាពលរដ្ឋនៅទីនោះខណៈគោលដៅនៅចំពោះមុខគឺស្វែង រកអ្នកវិនិយោគលើវិស័យទេសចរណ៍។
ឧទ្យានជាតិតេជោសែនឫស្ស៉ីត្រឹបត្រូវបានបង្កើតឡើងតាមរយៈព្រះរាជក្រឹត្យលេខ រស/នកត/០៤០១៤/៤៣៦ចុះថ្ងៃទី១៧ខែមេសាឆ្នាំ២០១៤ដែលមានផ្ទៃដីសរុប១១,៤៣៥ ហិកតាផ្តោតសំខាន់លើការអភិរក្សព្រៃឈើ អភិរក្សវប្ប ធម៌ ព្រមទាំងមានការអភិវឌ្ឍផងដែរ ។
លោកបណ្ឌិត សុខ ទូច បានទម្លាយឱ្យដឹងដែរថានៅពេលលោករួមជាមួយក្រុមឧទ្យានុរក្សចុះចាប់សកម្មភាពដឹក ឈើក្រុមឧទ្យានុរក្សចង់កសាងសំណុំរឿងបញ្ជូនខ្លួនពលរដ្ឋ អ្នកប្រព្រឹត្តបទល្មើសជាក់ស្ដែងទាំងនោះទៅតុលាការ ប៉ុន្តែដោយការអាណិតអាសូរនិងការគិតគូរអំពីការរស់នៅរបស់ពួកគាត់ លោកក៏បានអង្វរទៅកាន់ក្រុមឧទ្យានុរក្សដើម្បី សុំកុំឱ្យកសាងសំណុំរឿងនេះពីព្រោះលោកយល់ថាប្រសិនបើចាប់ពួកគាត់ដាក់ពន្ធនាគារគ្រួសាររបស់ពួកគាត់នឹងជួបនូវការលំបាកដោយបាត់បង់អ្នកទីពឹងដែលរកស៊ីចិញ្ចឹម គ្រួសារប្រចាំថ្ងៃ ។ ដូច្នេះទើបលោកព្យាយាមចរចាជាមួយឧទ្យានុរកដើម្បីដោះស្រាយជាមួយប្រជាពលរដ្ឋតាមវិធីផ្សេង។
លោកបណ្ឌិត សុខ ទូច បានឲ្យដឹងទៀតថាបច្ចុប្បន្នលោកមានប្រជាពលរដ្ឋចំនួន៣១ គ្រួសារចូលទៅរស់នៅក្នុងតំបន់ឧទ្យានជាតិតេជោសែនឫស្ស៉ីត្រឹបដោយប្រកបរបរធ្វើ ស្រែវស្សាលើដីដែលកាប់រានព្រៃពីរដូវប្រាំងរួចហើយហើយមានការចូលព្រៃរកអនុផលព្រៃឈើផ្សេងៗដូចជា ដកផ្សិត បេះផ្លែរពាក់ ជីកទំពាំងជាដើម។មុខរបរមួយទៀតគឺកាប់ ឈើយកជ័រដោយក្នុងឈើមួយដើមយកបានជ័រដល់ទៅ៥លីត្រប៉ុន្តែប្រជាពលរដ្ឋទាំងនោះចូលចិត្តកាប់រំលំដើមឈើទាំងមូលដើម្បីបានជ័រច្រើនជាងនេះ ។
លោកបណ្ឌិតបានលើកឡើងថាលោកមានបំណងរៀបចំឧទ្យានជាតិតេជោសែនឫស្ស៉ីត្រឹប ទៅជាតំបន់ទេសចរណ៍ ៥ ប្រភេទ៖ទី១.ទេសចរណ៍បរិស្ថាន ដោយខិតខំរក្សាព្រៃ ឈើនិងសត្វព្រៃនៅក្នុងតំបន់នោះ ។ ២.ទេសចរណ៍ វប្បធ៌ម ដោយសារនៅទីនោះមានបងប្អូនជនជាតិគួយរស់ហើយបានបន្សល់ទុកនូវវប្បធ៌ម និងប្រពៃណី ដែលអាចឲ្យទេ សចរណ៍អាចស្វែងយល់ពីវប្បធ៌មរបស់ជនជាតិភាគតិចរបស់ផងដែរ ។ ៣.ទេសចរណ៌ផលិតផល ។ ទី៤.ទេសចរណ៍សប្បនិមត្តិដោយយើងបង្កើតប៉មមួយនៅចំកណ្តាលឧ ទ្យានដើម្បីឲ្យទេសចរណ៍អាចគយគន់មើលព្រៃប្រឹក្សាក្នុងរង្វង់ ១ ម៉ឺនហិចតាបានហើយយើងនិងធ្វើនៅលើភ្នំបែកចានដែមមានកម្ពស់ ១៧០ ម៉ែត្រពីនិវោទឹកសមុទ្រ និង ទី៥. គឺទេសចរណ៍លំហែរអារម្មណ៍ សម្រាប់ការសម្រាកលំហែររបស់មនុស្សចាស់ ហើយយើងនិងរកវិនិយោគទៅសាងសង់ផ្ទះលំហែរគឺព្រោះទីនោះគឺជាឋានសួគ៌នៃសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ ។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាក៏បានឲ្យដឹងផងដែរថាបច្ចុប្បន្ននេះលោកបានចិញ្ចឹមគោយកទឹក ដោះនៅទីនោះប្រមាណ១០០ក្បាល ។ចំនួនគោទាំងនេះ មិនអាចផ្គត់ផ្គង់តាមតម្រូវការអ្នកទិញប្រចាំថ្ងៃបានឡើយហេតុនេះលោកត្រូវការគោបន្ថែមទៀតយ៉ាងហោចណាស់ក៏ ៣០០ក្បាលដែរ។ លោកក៏បានឲ្យដឹងផងដែរថាការវិនិ យោគទៅលើការចិញ្ចឹមគោយកទឹកដោះនេះលោកបានយកប្លង់ផ្ទះទៅខ្ចីលុយធនាគារដោយសារថារាជរដ្ឋាភិបាលបានជួយគោ៥០ក្បាលសម្រាប់យកចិញ្ចឹមនៅក្នុងឧទ្យាន ជាតិតេជោសែនឫស្សីត្រឹបប៉ុន្តែដោយសារលុយនោះធ្លាក់មកយឺតពេកលោកក៏សម្រេចចិត្តខ្ចីធនាគារតែម្តង។
បើតាមគំនិតរបស់លោកបណ្ឌិត សុខ ទូច គឺលោកចង់ចិញ្ចឹមគោយកទឹកដោះនេះទៅធ្វើជាមូលធិទឹកដោះគោដើម្បីចែកជូនកូនខ្មែរទទួលទានដោយឥតគិតថ្លៃនិងដើម្បីសរសេរសៀវភៅស្តីពីការចិញ្ចឹមគោយកទឹកដោះដោយដៃកូនខ្មែរផ្ទាល់ដំបូងគេដើម្បីទុកជាឯកសារសម្រាប់កូនខ្មែរជំនាន់ក្រោយ។លោកក៏បានច្រានចោលចំពោះការ ចោទប្រកាន់ថាលោកកំពុងធ្វើអាជីវកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងឧទ្យានជាតិតេជោសែនឫស្សីត្រឹប ។
លោកបណ្ឌិត សុខ ទូច បន្តថាដើម្បីឲ្យទឹកដោះគោស្រស់ឫស្សីត្រឹបផ្គត់ផ្គង់គ្រប់តាមតម្រូវការទីផ្សាគឺរាជ្យបណ្ឌិត សភាកម្ពុជាត្រូវការចិញ្ចឹមគោរហូតដល់៣០០ ក្បាលខណៈបច្ចុ ប្បន្នមាន១០០ក្បាលតែប៉ុណ្ណោះ ។ លោក សុខ ទូច បានគូសបញ្ជាក់ថាគោឲ្យទឹកដោះគឺមានរយៈពេលកំណត់ម្ដង ៩ ខែប៉ុណ្ណោះនឹងអស់ទឹកដោះសម្រាប់ផ្គត់ផ្គង់ ។
លោកបណ្ឌិត សុខ ទូច បានអះអាងថាការអភិរក្សនៅឧទ្យានជាតិតេជោសែនឫស្សីត្រឹប ពិសេសការចិញ្ចឹមគោយកទឹកដោះនេះអាចដំណើរការទៅបានដោយសារមានការ ជួយជ្រុមជ្រែងពីរាជរដ្ឋាភិបាលបើគ្មានរាជរដ្ឋាភិបាលជួយជ្រុមជ្រែងនោះទេមិនអាចដំណើរការបានមកដល់ពេលនេះឡើយ។ ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹបក្រៅពី ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកហើយនោះ កន្លងមកក៏បានចែកចាយនិងផ្ដល់ជូនដោយឥតគិតថ្លៃជូនមណ្ឌលកុមារកំព្រានិងសិស្សានុសិស្សបានចំនួន១៥,៩៦៣នាក់រួចមកហើយផងដែរ ។ លោក សុខ ទូច បានបង្ហាញមហិ ច្ឆតាដែរថានឹងជំរុញការផ្គត់ផ្គង់ទឹកដោះគោស្រស់នេះទៅកាន់ទីផ្សារក្រៅស្រុកផងដែរនាពេលអនាគត។
សូមរំលឹកថាទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹបជាទឹកដោះគោស្រស់សុទ្ធ១០០ភាគរយ មិនមានបន្ថែមសារធាតុគីមីឬសារធាតុរក្សាទុកដែលនាំឲ្យប៉ះពាល់ដល់សុខភាព របស់អ្នកប្រើប្រាស់នោះឡើយ។ ទឹកដោះគោនេះពោរពេញដោយប្រូតេអ៊ីននិងកាលស្យូមខ្ពស់ជួយដល់សុខភាពជួយដល់ការលូតលាស់បំប៉នឆ្អឹងប្រាជ្ញាឈ្លាសវៃ។ក្រៅពីការចិ ញ្ចឹមគោយកទឹកដោះហើយនោះនៅឧទ្យានជាតិតេជោសែនឫស្សីត្រឹបក៏មានចិញ្ចឹមពពែនិងចៀមផងដែរ។តួលេខដែលបង្ហាញដោយលោក សុខ ទូច ពពែទិញចូលសរុប ចំនួន២២២ក្បាលញី១៩១ក្បាលនិងចៀម ចំនួន១៣៨ក្បាល ញី១២៤ក្បាល ។
ប្រធានរាជបណ្ឌិតសភារូបនេះបានប្តេជ្ញាផងដែរថារយៈពេល បីឆ្នាំទៅមុខទៀតលោកនិងធ្វើឲ្យបាននូវអ្វីដែលលោ កបានរៀបចំគម្រោងអភិរក្សនិង អភិវឌ្ឍន៍ឲ្យចេញជារូបរៀងឡើងតាមរយៈកែប្រៃទម្លាប់ប្រជាជននៅតំបន់នោះ ដោយប្តូរមុខរបរ និង បង្កើតមុខរបរថ្មីនៅទីនោះ តាមរយៈការរុញវិស័យទេសចរណ៍ទៅក្នុងតំបន់នោះ ៕