ប្រែសម្រួលៈវាសនា៖ពួកមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទទី១៨មករាថា មនុស្សជាង៦០០នាក់ត្រូវបានចាប់ខ្លួនហើយទាហានត្រូវបានដាក់ពង្រាយក្រោយកើតមានកុបកម្មអស់៣យប់ជាប់គ្នានៅក្នុងទីក្រុងជាច្រើនរបស់ទុយនេស៊ី ។
ចលាចលនេះបានកើតឡើងបន្ទាប់ពីទុយនេស៊ីធ្វើការបិទខ្ទប់ទូទាំងប្រទេសដើម្បីទប់ស្កាត់កំណើននៃការឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ជាថ្ងៃដែលប្រទេសប្រារព្វខួបទី១០នៃការបណ្តេញមេផ្តាច់ការ ហ្ស៊ីន អែល អាប៊ីឌីន បេន អាលី ចេញពីអំណាច។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននិយាយថា មនុស្ស៦៣២នាក់ត្រូវបានចាប់ខ្លួន ភាគច្រើនជាយុវជនដែលបានដុតកង់ឡាននិងធុងសម្រាមដើម្បីរារាំងចលនារបស់កងកម្លាំងសន្តិសុខ។
ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា កងទ័ពបានបន្ថែមកម្លាំងជំនួយនៅតំបន់ជាច្រើនក្នុងប្រទេស។
ប៉ូលិស២នាក់បានរងរបួសក្នុងការប៉ះទង្គិច តែគេមិនដឹងថាតើខាងពួកកុបករបានរងរបួសដែរឬអត់។
ការប៉ះទង្គិចបានកើតឡើងនៅទីក្រុងជាច្រើននៅទូទាំងទុយនេស៊ី ភាគច្រើននៅតាមសង្កាត់វណ្ណៈកម្មករ ។ហេតុផលពិតប្រាកដគេនៅមិនទាន់ដឹងនៅឡើយទេ តែវាបានកើតឡើងចំពេលប្រជាជនទុយនេស៊ីជាច្រើនចាប់ផ្តើមខឹងនឹងសេវាសាធារណៈអន់និងវណ្ណៈនយោបាយមួយដែលបានបង្ហាញម្តងហើយម្តងទៀតថាខ្លួនមិនអាចគ្រប់គ្រងបានល្អនៅមួយទសវត្សរ៍ក្រោយបដិវត្តន៍ឆ្នាំ២០១១។
ផលិតផលសរុបក្នុងស្រុករបស់ប្រទេសនេះបានធ្លាក់ចុះ៩ភាគរយកាលពីឆ្នាំមុន ថ្លៃប្រើប្រាស់កើនឡើងជាប់នៅពេលយុវជន១ភាគ៣អត់ការងារធ្វើ។
ទុយនេស៊ីមានអ្នកឆ្លងកូវីដ១៩សរុបជាង១៧៧.០០០នាក់ និងជាង៥.៦០០នាក់ស្លាប់ដោយកូវីដ១៩។វិបត្តិសុខភាពនិងបញ្ហាសេដ្ឋកិច្ចបានបង្ខំអោយប្រជាជនទុយនេស៊ីជាច្រើនស្វះស្វែងចាកចេញពីប្រទេស៕
អ្នកប្រឆាំងតវ៉ាបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅជាយក្រុងមួយរបស់ទុយនេស៊ី