ដោយ: វណ្ណៈ / ព្រះសីហនុ: សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ស្ត្រី២នាក់ម្តាយនិងកូនលង់ទឹកស្លាប់ នៅចំណុចព្រែកកណ្ដាល ស្រះចិញ្ចឹមត្រី មួយកន្លែង វេលាម៉ោង០៤:៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ព្រោះតែចុះជួយសត្វឆ្កែ លង់ទឹក។
សមត្ថកិច្ចបានថ្លែងប្រាប់ថា សាកសពមានឈ្មោះ មិន សុភាព ភេទស្រី អាយុ ៤០ឆ្នាំ ត្រូវជាម្ដាយ និង ឈ្មោះ យឹម គឹមមួយ ភេទស្រី អាយុ១៦ឆ្នាំត្រូវជាកូន រស់នៅភូមិកើតហេតុខាងលើ។
សាក្សីនៅជិតកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថានៅវេលាម៉ោង១៤:៣០នាទី បានឃើញម្ដាយនិងកូនជិះម៉ូតូចូលទៅកន្លែងកើតហេតុ(ស្រះចិញ្ចឹមត្រី) តាមការសង្ស័យមូលហេតុខាងលើ បណ្ដាលមកពីឆ្កែធ្លាក់ចូលក្នុងស្រះ ហើយម្ដាយនិងកូនព្យាយាមជួយ ទើបបណ្ដាលឲ្យលង់ទឹកស្លាប់ទាំងពីរនាក់ដូច្នេះ។
សាកសពជនរងគ្រោះទាំងពីរ បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីសមត្ថកិច្ចជំនាញកោសល្យវិច្ច័យរួចរាល់៕