ដោយ: ភ្នំខៀវ / ប៉ៃលិន: មន្ត្រីជំនាញចុះពិនិត្យរកឃើញគ្រឿងសំអាង និងឡេមួយចំនួន ដែលអាជីករបន្លំដាក់លក់នៅក្នុងផ្សារប៉ាហ៊ីខេត្តប៉ៃលិន។
លោក ឈឹម វាសនា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប ខេត្តប៉ៃលិនបានប្រាប់ឲ្យដឹងថា ក្នុងការឆ្មក់ចុះត្រួតពិនិត្យចំណីអាហារនៅក្នុងផ្សារប៉ាហ៊ី ខេត្តប៉ៃលិននៅថ្ងៃ ១៨ ខែមករា ឆ្នាំ២០២១នេះមន្ត្រីជំនាញបានរកឃើញគ្រឿងសំអាង និងផលិតផលឡេមួយចំនួនទៀតត្រូវបានក្រុមអាជីករបន្លំភ្នែកដាក់លក់ឲ្យអតិថិជនប្រជាពលរដ្ឋ ខណ:គ្រឿងសមុទ្រ ពពុះសណ្តែក បាញ់កាញ់ គុយទាវ ប្រហិត គ្រឿងទេសលទ្ធផលបង្ហាញថាអវិជ្ជមានមិនមានផ្ទុកសារធាតុគីមីនាំអោយប៉ះពាល់ដល់សុខភាពនោះឡើយ។
ប្រភពខាងលើបន្តថា ទន្ទឹមនឹងការរកឃើញផលិតផលគ្រឿងសំអាង និងឡេប្រើប្រាស់លាបស្បែកហួសកាលបរិច្ឆេទកំណត់មន្ត្រី ក.ប.ប ក្រោមកិច្ចសហការជាមួយមន្ត្រីជំនាញនៃមន្ទីរពាណិជ្ជកម្មខេត្តបានអប់រំ ណែនាំ និងដកហូតជាការព្រមាន និងដើម្បីឲ្យក្រុមអាជីករទាំងអស់ចូលរួមសហការជាមួយ ជៀសវាងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនជាធំបង្កឲ្យមានការប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ក្នុងប្រការផ្សេងៗ។
កន្លងមកមន្ត្រីពាក់ព័ន្ធបានខិតខំប្រឹងប្រែងផ្សព្វផ្សាយ បំផុសដល់បងប្អូនប្រជាពលរដ្ឋឲ្យអនុវត្តតាមដាន ឬចេះត្រួតពិនិត្យនូវសុពលភាពប្រើប្រាស់ឲ្យបានច្បាស់លាស់ ជៀសវាងទិញទំនិញយកទៅប្រើប្រាស់ជាផលិតផលក្លែងបន្លំ ផុតកំណត់ និងមានសារធាតុគីមីអស់ទាំងថវិកាថែមទាំងប៉ះពាល់ដល់សុខភាពទៀត។
លោក ឈឹម វាសនា បានមានអំពាវនាវផងដែរដល់បងប្អូនក្រុមអ្នកលក់ដូរទាំងអស់សូមលះបង់គំនិតកេងប្រវញ្ច័លោភលន់យកប្រយោជន៍ជាធំហើយងាកមកចូលរួមជាមួយអាជ្ញាធរ មន្ត្រីជំនាញបញ្ឍប់រាល់ការនាំយកមកដាក់លក់នៅតាមតូបរបស់ខ្លួន ផ្ទុយទៅវិញត្រូវមានភាពស្មោះត្រង់ទទួលខុសត្រូវខ្ពស់គោរពតាមបទដ្ឋានបច្ចេកទេសផ្គត់ផ្គង់ម្ហូបអាហារលើទីផ្សារឲ្យខ្ជាប់ខ្ជួន៕