Home ព័ត៌មានជាតិ សេដ្ឋកិច្ច សាខា​កាកបាទក្...

សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​នាំយក​អង្ករ​ចំនួន​៦​តោន របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគល់ជូន​ដល់​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​

ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​នេះ អង្ករ​ចំនួន​៦​តោន ជា​អំណោយ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​លោក ឃួ​ង ស្រេង អភិ បាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ត្រូវបាន​នាំយកមក​ប្រគល់ជូន​ដល់​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ស្ថិតនៅ សង្កាត់ ឃ្មួញ ខណ្ឌ សែន សុខ ចំនួន ៤​តោន និង​មណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ (​ព្រៃ​ស្ពឺ​) ស្ថិតនៅ​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំនួន​២​តោន តាមរយៈ​លោក ជិន ប៊ុនធឿន នាយក​ប្រតិបត្តិ​សាខា​កាកបាទ​កម្ពុជា​រាជធានី​ ភ្នំពេញ​។​

​ក្នុងនាម លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា លោក ជិន ប៊ុនធឿន បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និង​បងប្អូន ដែល​ស្នាក់នៅ​មជ្ឈមណ្ឌល​ទាំងពីរ​ប្រកបដោយ​សេចក្តី​នឹករលឹក ។

​លោក​បាន​លើកឡើងថា ដោយមាន​ការគិតគូរ​យកចិត្ត​ទុក​ខ្ពស់​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​សុខទុក្ខ​របស់​បងប្អូន ជា​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន ជន​គ្មាន​ទីពឹង ជនពិការ ជនអនាថា ជន​វិបល្លាស​ស្មារតី ស្ត្រី​រកស៊ី​ផ្លូវភេទ ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ជួញដូរ ជាពិសេស​ក្នុងស្ថានភាព​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នេះ តាមរយៈ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ​នាំយក​អំណោយ​មនុស្សធម៌​ជា​អង្ករ​នេះ​មក​ប្រគល់ជូន ដើម្បី​ចូលរួម​ជួយ​រំលែក​នូវ​ការលំបាក​របស់​បងប្អូន ពោល “​ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​”​។ ជាក់ស្តែង​ដូច​នាពេលនេះ គឺ​ការជួយ​របស់​កាកបាទ​ក្រហម​កម្ពុជា ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់ ។

​ជាមួយគ្នានេះ លោកនាយក​ប្រតិបត្តិ​សាខា ក៏​សូម​បងប្អូន​ទាំងអស់​បន្ត​យកចិត្តទុកដាក់​ការពារ និង​រក្សា​អនាម័យ​ជានិច្ច តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់ បង្ការ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា ដោយ​ផ្តើមចេញពី​ខ្លួន​យើង ។​

​ជាមួយគ្នានេះ ដែរ​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច និង​អតីតយុទ្ធជន រាជធានី​ភ្នំពេញ ជំនួសមុខ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រី​បុគ្គលិក បងប្អូន​ដែល​ស្នាក់​នៅក្នុង​មជ្ឈមណ្ឌល​ទាំងពីរ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទ​កម្ពុជា រាជធានី​ភ្នំពេញ ជាពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូរ និង​បាន​ជួយឧបត្ថម្ភ​ជានិច្ច​ដល់​បងប្អូន​ដែល​ស្នាក់​នៅក្នុង​មជ្ឈមណ្ឌល​ទាំងពីរ ប្រកបដោយ​ទឹកចិត្ត​មនុស្សធម៌ មេត្តា ករុណា សណ្តោស​ប្រណី ។ ហើយ​បងប្អូន​ទាំងអស់​សូម​លើក​ម្រាមដៃ​ដប់ គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​គោរព​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សូម​ជួបប្រទះ​តែ​សេច​សុខ​និង​ជោគជ័យ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular