ប្រែសម្រួលៈវាសនា/ញូវយ៉ក៖ចំនួនមនុស្សស្លាប់ដោយជំងឺកូវីដ១៩កំពុងកើនឡើងជិត២ភាគ៣នៅក្នុងបណ្តារដ្ឋអាម៉េរិកនៅពេលរដូវរងាររុញចំនួនស្លាប់សរុបឆ្ពោះទៅកាន់ចំនួន៤០០.០០០នាក់ ចំពេលមានការព្រមានថា វីរុសកូរ៉ូណាប្រភេទថ្មីឆ្លងខ្លាំងមួយកំពុងបង្ហាញខ្លួននៅអាម៉េរិក។
ក្នុងពេលជាមួយគ្នាអភិបាលរដ្ឋញូវយ៉ក បានសុំអោយអាជ្ញាធរសហព័ន្ធរឹតបន្តឹងការធ្វើដំណើរមកពីប្រទេសដែលវីរុសកូរ៉ូណាប្លែងរូបថ្មីនេះកំពុងឆ្លងរាលដាល។ដោយចង់និយាយដល់វីរុសថ្មីដែលគេរកឃើញនៅអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល លោកអភិបាលរដ្ឋបាននិយាយថា «បញ្ឈប់កុំអោយមនុស្សចូលមកទីនេះ…ហេតុអ្វីបានជាអ្នកអនុញ្ញាតអោយមនុស្សចូលមកក្នុងប្រទេសមួយនេះនិងបន្ទាប់មកវាក្លាយជាយឺតពេលក្នុងការទប់ស្កាត់?»។
តាមពិតអាម៉េរិកបានរារាំងការធ្វើដំណើរមកពីទីកន្លែងខ្លះដែលកំពុងផ្ទុះវីរុសកូរ៉ូណាដូររូបរាងថ្មី ដូចជាអង់គ្លេសនិងប្រេស៊ីល ហើយថែមទាំងតំរូវអោយមានឯកសារបញ្ជាក់ថាមិនមានកូវីដ១៩ថែមទៀតសំរាប់អ្នកចូលមកពីក្រៅប្រទេស។
តែវីរុសកូរ៉ូណាប្រភេទថ្មី ដែលគេឃើញនៅអង់គ្លេសត្រូវបានគេជឿថាបានឆ្លងចូលអាម៉េរិករួចជាស្រេចហើយ និងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាម៉េរិក បានព្រមានថា វីរុសនេះប្រហែលជានឹងវាយប្រហារគ្រប់គ្រងលើអាម៉េរិកនៅយ៉ាងយូរត្រឹមខែមីនា។មជ្ឈមណ្ឌលនេះអះអាងថាវីរុសថ្មីនេះឆ្លងខ្លាំងជាងវីរុសកូរ៉ូណាមុនដល់ទៅ៥០ភាគរយ។
ឥឡូវរដ្ឋអាម៉េរិកជាច្រើនកំពុងស្ថិតក្រោមបន្ទុកធ្ងន់ធ្ងរណាស់ក្នុងការដោះស្រាយកំណើននៃការឆ្លងវីរុសកូរ៉ូណានៅពេលចំនួនស្លាប់ដោយកូវីដ១៩សរុបកើនហួស៣៩៩.០០០នាក់និងចំនួនឆ្លងសរុបឡើងហួស២៤,១លាននាក់។
រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃចន្ទបានក្លាយជារដ្ឋដំបូងគេដែលចំនួនឆ្លងវីរុសកើនហួស៣លាននាក់ហើយចំនួនអ្នកជំងឺកូវីដ១៩ស្លាប់មានចំនួនជាង៣៣.៦០០នាក់៕
សមាជិកងឆ្មាំជាតិជួយក្រុមគ្រូពេទ្យអាម៉េរិកក្នុងការទុកដាក់សពអ្នកជំងឺកូវីដ១៩។អាម៉េរិកឥឡូវអស់កន្លែងរក្សាទុកសពដោយបង្ខំប្រើទូរកុងតេន័រក្លាស្សេសំរាប់រក្សាទុកសពអ្នកជំងឺកូវីដ១៩