ដោយៈបញ្ញាសាស្ត្រ/ ភ្នំពេញៈ កំណើនសិស្សនិស្សិត កម្ពុជា ដែលបានទៅសិក្សានៅសហរដ្ឋអាមេរិក មានការកើនឡើង៨ ភាគរយ ក្នុងឆ្នាំសិក្សា ២០១៩-២០២០។ នេះបើយោងតាមរបាយការណ៍អប់រំឆ្នាំ ២០២០ Open Door ស្តីពីការផ្លាស់ប្តូរលើការសិក្សាអប់រំជាអន្តរជាតិ បានបង្ហាញឲ្យឃើញថា មាននិស្សិតកម្ពុជាចំនួន ៧៤២ នាក់បានសិក្សានៅក្នុងសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា ២០១៩-២០២០។
លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការ មជ្ឈមណ្ឌលប្រឹក្សា ការសិក្សានៅសហរដ្ឋអាមេរិក ស្ថិតក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាក្រុងសៀមរាប កាលពីព្រឹកថ្ងៃច័ន្ទ ទី១៨ មករា ២០២១ ថា ស្ថានទូតសហរដ្ឋអាមេរិក សង្ឃឹមថា នឹងមានកំណើននៃនិស្សិតកម្ពុជាបន្ថែមទៀត ទៅសិក្សានៅក្នុងសហរដ្ឋអាមេរិក ពិសេសអ្នករស់នៅតាមបណ្តាខេត្ត ក្រៅពីរាជធានីភ្នំពេញ។ ក្រោមជំនួយ គាំទ្រពីថវិការបស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក មជ្ឈមណ្ឌល EducationUSA ផ្តល់ព័ត៌មានទាន់ពេល ច្បាស់លាស់ ពេញលេញ មិនលំអៀង និងត្រឹមត្រូវ ស្តីពីស្ថាប័នអប់រំ ក្នុងសហរដ្ឋអាមេរិក ហើយផុ្តល់ការណែនាំចំពោះអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឲ្យចាប់យកឱកាសទាំងនោះ។
លោកបន្តទៀតថា បន្ទាប់ពីសិក្សានៅសហរដ្ឋអាមេរិក ពួកគេមានឱកាសច្រើន ក្នុងការចាប់យកការងារ ជាពិសេស ក្រោយពេលត្រឡប់មកពីអាមេរិក ពួកគេបានប្រើចំណេះជំនាញ ក្នុងការចូលរួម ដោយមានអ្នកខ្លះធ្វើការក្នុងជួររាជរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល ហើយពួកគេបានប្រើប្រាស់ជំនាញ ការគិតដោយមានការីកចម្រើន។
លោកបណ្ឌិត ជា សានច័ន្ទថន អធិការបតីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានមានប្រសាសន៍ថា ការសិក្សានៅសហរដ្ឋអាមេរិក មានចំណេះដឹងទូលំទូលាយ ការអប់រំខ្ពស់ ជាក់ស្តែងខ្លួនលោកផ្ទាល់បានអារហាររូបកណ៍ទៅសិក្សានៅអាមេរិក ហើយទទួលបានចំណេះដឹងខ្ពស់ និងចង់ត្រឡប់មកជួយជាតិខ្មែរ ដោយលោកបានចំណង់ចំណូលចិត្តផ្នែកអប់រំ និងបានបំរើការងារអប់រំនេះ ជាងម្ភៃឆ្នាំមកហើយ។
សូមជម្រាបថា មជ្ឈមណ្ឌល EducationUSA មានចំនួន ២ រួច មកហើយ នៅកម្ពុជា ដោយមានទីតាំងមួយ ស្ថិតនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ និងមួយទៀតស្ថិតនៅក្នុង សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅភ្នំពេញផងដែរ។ មជ្ឈមណ្ឌលថ្មី ស្ថិតក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា-សៀមរាប។
តាមរបាយការណ៍អប់រំឆ្នាំ ២០២០ Open Door ស្តីពីការផ្លាស់ប្តូរលើការសិក្សាអប់រំជាអន្តរជាតិ បានបង្ហាញឲ្យឃើញថា មាននិស្សិតកម្ពុជាចំនួន ៧៤២ នាក់បានសិក្សានៅក្នុងសហរដ្ឋអាមេរិក នៅឆ្នាំសិក្សា ២០១៩ – ២០២០។ ចំនួននេះគឺកើនជាង ៨% លើសឆ្នាំមុន ដែលបង្ហាញពីការបន្តនូវកំណើនជាវិជ្ជមាន ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ៕