ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន និងភរិយារបស់គាត់គឺ ជីល បៃដិន នឹងក្លាយជាអ្នករស់ថ្មីថ្មោងនៅក្នុងសេតវិមានក្រោយពេលដែលគាត់ចូលកាន់តំណែងនៅថ្ងៃពុធទី២០មករា។
លោកបៃដិនបានផ្តោតការយកចិត្តទុកដាក់លើក្រុមគ្រួសាររបស់គាត់ពេញមួយអាជីពរបស់គាត់ ហើយយុទ្ធនាការប្រធានាធិបតីឆ្នាំ ២០២០ របស់គាត់បានរុញពួកគេឱ្យលេចធ្លោជាសាធារណៈដោយមានសមាជិកខ្លះបង្កឱ្យមានភាពចម្រូងចម្រាស ប៉ុន្តែខ្លះទៀតអាចបំបែកជញ្ជាំងឧបសគ្គបាន។
សូមក្រឡេកមើលសមាជិក “គ្រួសារទីមួយ” ថ្មីរបស់អាម៉េរិក ៖
– ជំទាវទីមួយ
លោកស្រី ជីល បៃដិន ដែលជាសាស្ត្រាចារ្យសាកលវិទ្យាល័យ គ្រោងនឹងកែប្រែតួនាទីថ្មីរបស់លោកស្រី សូម្បីមុនពេលលោកស្រីឈានជើងចូលសេតវិមានទៅទៀត។
ខណៈជំទាវទីមួយបំពេញភារកិច្ចឧបកិច្ចជាទម្លាប់ “ដុកទ័រប៊ី” ដែលកូនសិស្សគាត់និយមហៅដូច្នេះ មានបំណងបន្តធ្វើការងារពេញម៉ោងជាសាស្ត្រាចារ្យភាសាអង់គ្លេស។
ក្នុងនាមជាជំទាវទីមួយ លោកស្រីជីលត្រូវគេរំពឹងថានឹងធ្វើការងារលើបញ្ហាអប់រំនិងចាប់ផ្តើមឡើងវិញនូវបេសកកម្ម “រួមកម្លាំង” ដើម្បីប្រមូលផ្តុំក្រុមគ្រួសារយោធា ដែលលោកស្រី និងលោកស្រី មីឆែល អូបាម៉ា បានចាប់ផ្តើមក្នុងឆ្នាំ ២០១១ ។
ប្តីប្រពន្ធបៃដិនបានជួបគ្នាក្នុងឆ្នាំ ១៩៧៥ គឺពីរបីឆ្នាំបន្ទាប់ពីសមាជិកព្រឹទ្ធសភារដ្ឋដេឡាវែរូបនេះបានជួបរឿងតក់ស្លុតបំផុតមិននឹកស្មានដល់គឺប្រពន្ធវ័យក្មេងនិងកូនស្រីរបស់គាត់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍។
ជារឿយៗ លោកបៃដិននិយាយថា ប្រពន្ធទី ២ របស់គាត់ បានធ្វើឱ្យគេទាំងអស់គ្នាជួបជុំគ្នាវិញ។
ប្តីប្រពន្ធនេះបានរៀបការក្នុងឆ្នាំ ១៩៧៧ ហើយលោកស្រីជីលបានក្លាយជា “ម៉ាក់” របស់កូនប្រុសឈ្មោះហាន់ធឺ និង បូ ដែលបានរួចផុតពីគ្រោះថ្នាក់ចរាចរណ៍។ប្តីប្រពន្ធបៃដិនក៏មានកូនស្រីម្នាក់ជាមួយគ្នាដែរ ឈ្មោះ អាស្ល៊ី ។
នៅពេលចិញ្ចឹមបីបាច់គ្រួសារ លោកស្រីជីលឥឡូវអាយុ ៦៩ ឆ្នាំក៏ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតពីរ ហើយទីបំផុតទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកអប់រំ។
លោកស្រីបានគាំទ្រប្តីតាមរយៈការប្រជែងតំណែងប្រធានាធិបតីចំនួនបីលើកមុនៗនិងជាអ្នកតស៊ូមតិខ្លាំងក្លាបំផុតនិងមិនចេះនឿយហត់អំឡុងពេលស្វាមីប្រជែងតំណែងប្រធានាធិបតីនាពេលថ្មីៗនេះ។
– កូនៗ
លោកបៃដិនតែងនិយាយជាញឹកញាប់អំពីរបៀបដែលទំនាក់ទំនងរបស់គាត់ជាមួយកូនប្រុសរបស់គាត់បានជួយគាត់ស៊ូទ្រាំនឹងការសោកសៅ នៅពេលគាត់កសាងអាជីពនយោបាយក៏ដូចជានៅពេលគាត់រៀបការជាមួយលោកស្រីជីល។
អស់រយៈពេលជាច្រើនឆ្នាំ នៅពេលគាត់ធ្វើការជាព្រឹទ្ធសមាជិក គាត់ធ្វើដំណើរដោយរថភ្លើងចំនួនពីរម៉ោងទៅវិញទៅមករវាងផ្ទះក្រុមគ្រួសារនៅរដ្ឋដេឡាវែនិងទីក្រុងវ៉ាស៊ីនតោនដើម្បីនៅទីនោះជួបកូនប្រុសហាន់ធឺនិងបូ។
បូត្រូវបានគេមើលឃើញថាជាអ្នកស្នងមរតកការងាររដ្ឋពីឪពុកគាត់និងមានជំនាញនយោបាយដ៏ប៉ិនប្រសព្វ។ គាត់បានបម្រើការក្នុងវិស័យយោធានៅអ៊ីរ៉ាក់និងក្លាយជាអគ្គរដ្ឋអាជ្ញារបស់រដ្ឋដេឡាវែ។
ប៉ុន្តែបូបានស្លាប់ដោយសារជំងឺមហារីកខួរក្បាលក្នុងឆ្នាំ ២០១៥ នៅអាយុ ៤៦ ឆ្នាំ គឺតិចជាងពីរឆ្នាំបន្ទាប់ពីគាត់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជំងឺនេះ។
លោកបៃដិនតែងនិយាយអំពីឈ្មោះកូនប្រុសបូនៅក្នុងសុន្ទរកថានយោបាយ ក៏ដូចជាប្រពន្ធដំបូងនិងកូនស្រីដំបូងរបស់គាត់ផងដែរ។
កូនប្រុសម្នាក់ទៀតគឺហាន់ធឺគឺសុំនៅឆ្ងាយពីក្រសែភ្នែកសាធារណៈ។ គាត់ជាមនុស្សញៀនស្រានិងសេពគ្រឿងញៀន និងត្រូវបានរំសាយពីកងទ័ពជើងទឹកក្នុងឆ្នាំ ២០១៤ បន្ទាប់ពីតេស្តិ៍វិជ្ជមានសារធាតុកូកាអ៊ីន។
ហានធឺបានក្លាយជាគោលដៅវាយប្រហារជាទៀងទាត់ពីសំណាក់លោកដូណាល់ ត្រាំនៅមុនការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកាសម្រាប់ការធ្វើជំនួញរបស់គាត់នៅអ៊ុយក្រែននិងចិន។
ហាន់ធឺឥឡូវជាវិចិត្រករអាយុ ៥០ ឆ្នាំនៅឡូសអេនជេឡេស បានសារភាពថា គាត់មិនប្រសព្វក្នុងការសម្រេចចិត្តផ្នែកជំនួញនោះទេ ប៉ុន្តែបដិសេធថាមិនដែលប្រព្រឹត្តខុសឆ្គងអ្វីនោះឡើយ។
ទោះយ៉ាងណា លោកបៃដិននៅតែគាំទ្រកូនប្រុសរបស់គាត់ឥតងាករ៉េ។ ក្នុងអំឡុងការជជែកដេញដោលប្រធានាធិបតីលើកចុងក្រោយ នៅពេលដែលត្រាំចម្អកដល់ការសេពកូកាអ៊ីនរបស់ហាន់ធឺ អតីតអនុប្រធានាធិបតីរូបនេះនិយាយយ៉ាងសាមញ្ញថា “ខ្ញុំមានមោទនភាពចំពោះគាត់។ ខ្ញុំមានមោទនភាពចំពោះកូនប្រុសរបស់ខ្ញុំ”។
– សត្វចិញ្ចឹម
បន្ទាប់ពីលោកត្រាំក្លាយជាប្រធានាធិបតីដំបូងក្នុងរយៈពេលជាងមួយសតវត្សរ៍ដែលមិនមានឆ្កែ គ្រួសារបៃដិននឹងនាំឆ្កែពីរក្បាលមករស់នៅសេតវិមាន។
ឆ្កែប៊ែកហ្សេឈ្មោះ ឆាមនិងមេយើ ក៏ដូចជាឆ្មាមួយក្បាល ដែលមិនទាន់ដឹងឈ្មោះនៅឡើយនោះ នឹងត្រូវផ្លាស់មករស់នៅសេតវិមាននៅថ្ងៃទី ២០ ខែមករា៕
ប្រធានាធិបតីជាប់ឆ្នោតចូ បៃដិន (កណ្តាល) ជាមួយលោកស្រីជីល និងសមាជិកគ្រួសារអបអរជ័យជម្នះបោះឆ្នោតកាលពីថ្ងៃទី៧វិច្ឆិកា២០២០ នៅទីក្រុងវីលមីងតុន រដ្ឋដេឡាវែ