ដោយ:សុខុម/ស្ទឹងត្រែង: ស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជកំពុងរៀបចំសាងសង់លើទឹកដីឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានតម្លៃខ្ទង់លានដុល្លារ។នេះគឺជាក្តីសង្ឃឹមមួយថានឹងទទួលបានជោគជ័យក្នុងការបង្កាត់ពូជត្រីដ៏កម្រ បន្ទាប់ពីមន្ត្រីជំនាញកំពុងព្រួយបារម្ភអំពីផលត្រីកាន់តែថយចុះនាពេលបច្ចុប្បន្ន ។
ខេត្តស្ទឹងត្រែង គឺជាតំបន់ត្រីមេពូជសំខាន់ៗរស់នៅ និងពងកូន ទៅតាមធម្មជាតិនៃដងទន្លេចំនួន៤គឺទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក។ ធនធានជលផលមួយនេះបានថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកក្តាមនុស្សមានការនេសាទកើនឡើង និងកក្តានៃបទល្មើសនាសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់។ មូលហេតុនេះ ហើយបានជាមានការសង្គ្រោះធនធានត្រីឱ្យត្រឡប់មកវិញ។
ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវផែនការសាងសង់ស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជនៅខេត្តស្ទឹងត្រែង លើផ្ទៃដីទំហំដី ១០ហិកតា ដែលត្រូវចំណាយថវិកាប្រមាណ ១,៧លានដុល្លារអាមេរិក។ ថវិកាហិរញ្ញប្បទានពីធនាគារពិភពលោក រួមជាមួយនឹងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាគទី១។
ស្ថានីយនេះ មានសំណង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននឹងត្រូវសាងសង់ រួមគ្នាក្នុងបរិវេណតែមួយរួមមាន រោងភ្ញាស់កូនត្រី រោងបំប៉នកូនត្រី អគារពិសោធន៍ អគារឃ្លាំង អគារស្នាក់នៅ អគារបណ្តុះបណ្តាល និងបណ្ណាល័យ រោងបូមទឹក ស្រះបំប៉នកូនត្រី ស្រះចិញ្ចឹមត្រីសាច់ ស្រះត្រីមេពូជ ស្រះស្តុកទឹកកខ្វក់ ស្រះស្តុកទឹកសម្រាប់ផ្គត់ផ្គង់ និងប្រព័ន្ធបង្ហូរទឹកជាដើម ។ល។
លោក ទុំ នីរ៉ូ នាយខណ្ឌ រដ្ឋបាលជលផលស្ទឹងត្រែងបានបញ្ជាក់ថា បន្ទាប់ពីការសាងសង់ហើយ ខណ្ឌរដ្ឋបាលជលផលនឹងខិតខំជម្រុញប្រជាពលរដ្ឋឲ្យធ្វើវារីវប្បកម្មដើម្បីបង្កើនជីវភាពគ្រួសារ។ម្យ៉ាងទៀតគឺកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើត្រីពីធម្មជាតិ ដែលធនធានទាំងនេះមិនអាចបន្តផ្គត់ផ្គង់ដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋតទៅទៀតទេ។
សព្វថ្ងៃនេះធនធានត្រីទឹកសាបត្រូវបានដឹកចេញពីខេត្តស្ទឹងត្រែងទៅចែកចាយស្ទើរតែ 25 ខេត្តក្រុងក្នុងប្រទេសហើយដើម្បីបំពេញតម្រូវការម្ហូបអាហារ។ ដូច្នេះ យើងមិនអាចពឹងតែលើត្រីធម្មជាតិបានទេ ត្រូវតែបង្កើតស្ថានីយបង្កាត់ពូជត្រីបន្ថែមទៀត។
លោកនាយខណ្ឌជលផលស្ទឹងត្រែងបានទទូចចំពោះបងប្អូនប្រជានេសាទទាំងអស់ សូមមេត្តាធ្វើនេសាទតែឧបករណ៍ស្របច្បាប់ ដើម្បីរួមគ្នាថែរក្សា ការពារ និងប្រើប្រាស់នូវធនធានជលផលដ៏កម្រនៃយើងឲ្យមាននិរន្តរភាពដល់កូនចៅជំនាន់ក្រោយៗ ៕សរន