Home ព័ត៌មានអន្តរជាតិ ទាហាន​អ​.​ស​....

ទាហាន​អ​.​ស​.​ប​ពីរ​នាក់​ត្រូវបាន​សម្លាប់​នៅ​អាហ្វ្រិក​កណ្តាល

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ បេសកកម្ម​របស់​អ​.​ស​.​ប MINUSCA បាន​និយាយថា ក្រុម​ឧទ្ទាម​បានសម្លាប់​កង​រក្សាសន្តិភាព​ពីរ​នាក់​នៅ​សាធារណរ​ដ្ឋ​អាហ្វ្រិក​កណ្តាល​កាលពី​ថ្ងៃ​ចន្ទ​គឺ​តែ​ប៉ុន្មាន​ម៉ោង​​បន្ទាប់​ពី​តុលាការ​កំពូល​បានបញ្ជាក់​ថា ប្រធានាធិបតី ហ្វូ​ស្ទីន អា​ឆេង ទូ​អាដេ​រ៉ា ជាប់ឆ្នោត​សាជាថ្មី​ក្នុង​ការបោះឆ្នោត​កាលពី​ខែ​ធ្នូ​។​

​កង​រក្សា​សន្តិភាព​ទាំង​ពីរ​នាក់​គឺ​ជនជាតិ​ហ្គា​បុង​និង​ម៉ារ៉ុក ត្រូវបាន​សម្លាប់​នៅ​ក្នុងការ​ពួន​ស្ទាក់​វាយប្រហារ​មក​លើ​ក្បួន​រថយន្ត​របស់​ពួកគេ​នៅ​ជិត​ទីក្រុង​បាង​ហ្គាស​ស៊ូ​ភាគខាងត្បូង​ដែល​អង្គការ​សហ​ប្រ​​ជា​ជាតិ​និយាយ​កាលពី​ចុង​សប្តាហ៍​ថា​ត្រូវ​បាន​ដណ្តើម​យក​បាន​វិញ​ពី​ក្រុម​ប្រដាប់អាវុធ ដែល​បាន​កាន់កាប់​ទីក្រុង​នេះ​កាលពី​ពីរ​សប្តាហ៍​មុន​។​

​ការវាយប្រហារ​ចុងក្រោយ ដែល​គេ​ស្តីបន្ទោស​ទៅ​លើ​ក្រុម​ចម្រុះ​នៃ​កង​ប្រដាប់អាវុធ​ដែល​ប៉ង​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​នៅ​មុន​ការបោះឆ្នោត​ថ្ងៃទី ២៧ ខែ​ធ្នូ បាន​នាំ​ឱ្យ​ចំនួន​កងទ័ព​របស់ MINUSCA ដែល​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ពេលនោះ​មក កើនឡើង​ដល់ ៧ នាក់​។​

​ប្រេសិត​ពិសេស​របស់​អ​.​ស​.​ប​ប្រចាំ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល លោក ម៉ាន់​កឺ អិន​ឌី​យ៉ា​យ៉េ និយាយថា MINUSCA “​បាន​បង់​តម្លៃ​យ៉ាងធ្ងន់ធ្ងរ​”​ប៉ុន្តែ​នៅតែ​ប្តេជ្ញាចិត្ត​បន្ត​អាណត្តិ​របស់​ខ្លួន​ដើម្បី​​ការពារ​ជន​ស៊ីវិល​និង​ធានា​សុវត្ថិភាព​ដល់​ការបោះឆ្នោត​។​

​ក្រុម​ចម្រុះ​នេះ​បាន​ព្យាយាម​រុល​មក​រដ្ឋធានី​បាង​ហ្គីកាល​ពី​ថ្ងៃទី ១៩ ធ្នូ​ក្នុង​ប្រតិបត្តិការ​មួយ​ដែល​លោក​ទូ​អាដេ​រ៉ា​និយាយថា​ជា​រដ្ឋប្រហារ​ពី​សំណាក់​អ្នក​ដឹកនាំ​មុន​របស់​លោក គឺ លោក ហ្វ្រង់​ស្វ័រ បូ​ហ្ស៊ីស​។​

​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ក្រុម​ឧទ្ទាម​នេះ​បាន​រុល​មក​កៀក​ទីក្រុង​បាង​ហ្គី ដោយ​វាយប្រហារ​មកលើ​ជាយក្រុង មុនពេល​ត្រូវ​វាយ​បណ្តេញចេញ​វិញ ដោយ​បណ្តាលឱ្យ​ស្លាប់​កង​រក្សាសន្តិភាព​ម្នាក់​៕

MINUSCA បានចាប់ផ្តើម​បេសកកម្ម​របស់​ខ្លួន​នៅ​ខែ​មេសា​ឆ្នាំ​២០១៤ ជាមួយនឹង​កងកម្លាំង​ជាង​១០.០០០​នាក់​ដើម្បី​ការពារ​ជន​ស៊ីវិល​នៅ​អាហ្វ្រិក​កណ្តាល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular