ដោយ: ពៅនិមល/ភ្នំពេញ: រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី នៅថ្ងៃទី២០ និង២១ ខែមករាខាងមុខនេះ នឹងបើកកិច្ចប្រជុំលើកទី១ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សារណៈដែលបានចុះហត្ថលេខាកន្លងមក និងពិនិត្យតាមដានវឌ្ឍនភាពការងារ រវាងភាគីទាំងពីរ ដែលនឹងប្រព្រឹត្តទៅតាមរយះប្រព័ន្ធវីដេអូ។
នៅក្នុងសេចក្តីប្រកាសព័តមាន ស្តីពីការរៀបចំកិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី តាមរយះប្រព័ន្ធវីដេអូ កាលពី រសៀលថ្ងៃទី១៨ មករា ឆ្នាំ២០២១កន្លងទៅ ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កិច្ចប្រជុំ នេះ នឹងរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមវត្តមានរបស់លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក អ៊ីស្វាន់ ចូ អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យ អភិវឌ្ឍការនាំចេញនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដោយមានការអញ្ជើញ ចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីក្រសួងពាក់ព័ន្ធនានាដែលជាសមាជិកគណៈកម្មការចម្រុះ។
កិច្ចប្រជុំនេះ នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការណ៍លើវិស័យសំខាន់ៗ ដូចជា៖ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច, គម្រោងឥណទាន (Tied Aid Credit Cooperation), កសិកម្ម សន្តិសុខស្បៀង និងរុក្ខាប្រមាញ់, ការគ្រប់គ្រងធនធានទឹក, វិស័យអប់រំ យុវជន និងកីឡា, វប្បធម៌, ទេសចរណ៍, ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអាកាសចរ ស៊ីវិល។
យោងតាមស្មារតីនៃកិច្ចព្រមព្រៀងរវាងពាណិជ្ជកម្មរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល ហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលបានចុះហត្ថលេខាដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងលោក ភីទើ ហ្ស៊ីយ៉ាតូ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ អំឡុងពេលទស្សនកិច្ចជាផ្លូវករ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងប៊ុយដាប៉េសប្រទេស ហុងគ្រី ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំបង្កើតគណៈកម្មការចម្រុះនៃកិច្ច សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ហុងគ្រី ដើម្បីពង្រឹងមិត្តភាព និងលើកកម្ពស់កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕/PC