ដោយៈ វណ្ណៈ/ព្រះសីហនុៈ យុវជនម្នាក់ បានបើកម៉ូតូ ក្នុងល្បឿនលឿន ហើយបានបុក សត្វឆ្កែមួយក្បាល បណ្តាលឲ្យដួល ខ្ទាតចូលរថយន្ត កិនស្លាប់ យ៉ាងអណោចអធម លើផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ ១៧៣-១៧៤ ស្ថិតនៅក្នុងភូមិ ត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។
សមត្ថកិច្ច បានឲ្យដឹងថាៈ អ្នកបើកបរម៉ូតូ ឈ្មោះ មុត មាន ភេទប្រុស អាយុ ១៨ ឆ្នាំ មានលំនៅ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់ក្នុង ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកឆ្កែ ដួលខ្ទាតចូលរថយន្ត បណ្តាលអោយរថយន្ត កិនស្លាប់នៅនឹងកន្លែងកើតហេតុ។
រថយន្តដែលបើកកិនជនរងគ្រោះ ស្លាប់នោះ មិនស្គាល់អត្តសញ្ញាណ បានបន្តបើកទៅមុខ ហើយគេចបាត់ស្រមោល។ ពេលនេះ សមត្ថកិច្ច កំពុងស្រាវជ្រាវតាមរក ដើម្បីនាំមកដោះ ស្រាយ តាមនីតិវិធីច្បាប់៕/V-PC