Home ព័ត៌មានជាតិ សេដ្ឋកិច្ច កម្ពុជា​កំពុង...

កម្ពុជា​កំពុងតែ​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម និង​ច្បាប់​ស្តីពី​វិធាន ពាណិជ្ជកម្ម​និង​បញ្ជីពាណិជ្ជកម្ម​

ដោយៈ​ស៊ា​ថាំង​/​ភ្នំពេញៈ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​មួយ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សំណើរ សុំ​កិច្ច​អន្តរាគមន៍​ជំរុញ​ការធ្វើ​វិសោធនកម្ម “​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម និង​ច្បាប់​ស្តីពី វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម​” ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ទៀត ។​

​មន្ត្រី​បានអោយដឹងថា​ខាងលើ​គឺជា​សំណើសុំ​អន្តរាគមន៍​របស់​ក្រសួងពាណិជ្ជកម្ម​, គោល បំណង​នៃ​ការធ្វើ​វិសោធនកម្ម “​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម និង​ច្បាប់​ស្តីពី​វិធាន ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម​” នេះ មាន​ចំនួន ៣ សំខាន់ៗ ដូចខាងក្រោម​៖

១. លើកកម្ពស់​ភាពងាយស្រួល​នៃ​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ។ កិច្ចការ​នេះ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្របសម្រួល​ជាមួយ​ក្រសួងពាណិជ្ជកម្ម​, ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ និង​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​រៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​រួម (​ហៅ​កាត់​ថា​ប្រព័ន្ធ CamDX) ដែល​បាន​សម្រួល​ដល់​ការចុះបញ្ជី​អាជីវកម្ម​មួយកម្រិត​ធំ ។ ទោះជា​យ៉ាងនេះ​ក៏ដោយ​, ដោយ​នីតិវិធី​ចាស់​នៅមាន​ចែង​ក្នុង​ច្បាប់​, ការធ្វើ​វិសោធនកម្ម ច្បាប់​ទាំងពីរ​ខាងលើនេះ គឺជា​កិច្ចការ​ចាំបាច់ ដើម្បីឱ្យ​ការអនុវត្ត និង​ប្រតិបត្តិការ​តាម​ប្រព័ន្ធ CamDX អាច​ដំណើរការ​ទៅបាន​ដោយ​រលូន និង​ប្រសិទ្ធភាព​ខ្ពស់​; ២. បំពេញបន្ថែម បទ​ប្ប​ញ្ញ​តិ្ត និង​នីតិវិធី​ឱ្យមាន​ភាពច្បាស់លាស់ សម្រាប់​ទ្រទ្រង់​យន្ត​ការដែល​បាននិងកំពុង អនុវត្ត​កន្លងមក និង ៣. ធានា​សង្គតិភាព​រវាង​ច្បាប់​ទាំងពីរ “​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម និង​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម​” នេះ ជាមួយនឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ ផ្សេងទៀត ដូចជា “​ច្បាប់​ស្តីពី​ការបោះ​ផ្សាយ និង​ការជួញដូរ​មូល​ប​ត្រ​មហាជន​និង​ច្បាប់​ស្តីពី គណនេយ្យ និង​សវនកម្ម​” ជាដើម ។​

​អង្គប្រជុំ បាន​ឯកភាព ជាគោលការណ៍​លើ​ភាពចាំបាច់ និង​បន្ទាន់​នៃ​ការធ្វើ​វិសោធនកម្ម ដោយ​ក្រសួងពាណិជ្ជកម្ម​ត្រូវ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បន្ត​សម្អាត និង​កែសម្រួល​ពាក្យពេចន៍ តាម​ការឯកភាព​រប​ស់​កិច្ចពិភាក្សា ។​

​លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ និង វាយតម្លៃ​ខ្ពស់ ដល់​ក្រុមការងារ​ក្រសួង ពាណិជ្ជកម្ម និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល បាន ខិតខំ​សម្របសម្រួល​ការងារ​ដ៏​មាន សារៈសំខាន់​នេះ និង​បាន​ណែ​នាំឱ្យ​ក្រុមការងារ​រៀបចំ​អនុសាសន៍​ស្របតាម​ស្មារតី នៃ​អង្គប្រជុំ ដើម្បី​បន្ត​នីតិវិធី​គោរព​ស្នើសុំ​ការអនុម័ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular