ដោយៈ រ៉ាម៉ន / ភ្នំពេញៈ លោកស្នងការនគរបាល រាជធានីភ្នំពេញ បានណែនាំដល់ក្រុម កីឡាបាល់ទះទាំងអស់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ ហ្វឹកហាត់ ពង្រឹងសមត្ថភាព បន្ថែមទៀត គោរពវិន័យកីឡា ដើម្បីត្រៀមប្រកួតដណ្តើមយក ពានរង្វាន់ថ្នាក់ជាតិ និងអន្តរជាតិ នាពេលខាមុខ។
ការណែនាំបែបនេះ របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាល រាជធានីភ្នំពេញ ក្នុងឱកាសដែលលោក បានអនុញ្ញាតឲ្យ ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ចូលសម្តែងការគួរសម និង សំណេះសំណាល នៅសាលប្រជុំនៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានសម្តែងសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនសមត្ថភាព ក្នុងការហ្វឹកហាត់ របស់ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដែលបានពង្រឹងសមត្ថភាព សាមគ្គីភាព និងទទួលជ័យជម្នះ ជាបន្តបន្ទាប់នាពេលកន្លង មក។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក ស ថេត បានប្រគល់ថវិកាមួយចំនួន ដើម្បីលើកទឹកចិត្ត ដល់ក្រុមគ្រូបង្ហាត់ និងក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញផងដែរ ៕/V-PC