ដោយៈ សរិទ្ធ / ភ្នំពេញៈ សមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានបញ្ជូនជនបរទេស ៣ នាក់ ដែលជាប់ពាក់ព័ន្ធ ករណីឆបោកដោយមាន ក្រុមចាត់តាំង និងសម្អាតប្រាក់ តាមរូបភាពលួចដកប្រាក់ របស់អតិថិជនពីក្នុងគណនី ធនាគារ កាណាឌីយ៉ា មកតុលាការ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ដើម្បី ចាត់ការតាមច្បាប់។ រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមករា នេះ លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ។
ជនបរទេស ៣ នាក់នោះ មានៈ ទី១-ឈ្មោះ Goyal sandeep Kumar ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិឥណ្ឌា ស្នាក់នៅអាផាតមិន បែលវីឡា ជាន់ទី៤ ផ្លូវលេខ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។ ទី២-ឈ្មោះ Mohibeen Lebe Mohammas Maharof ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិស្រីលង្កា ស្នាក់នៅផ្ទះលេខ១៨សេ ផ្លូវលេខ៥៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ទី៣-ឈ្មោះ Tai kokpoh ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិសឹង្ហបុរី ស្នាក់នៅផ្ទះលេខ១៧ ផ្លូវលេខ១៧៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ ជនសង្ស័យទាំង ៣ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបន្ត បន្ទាប់ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលពួកគេបានប្រព្រឹត្តបទល្មើសនៅក្នុង រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចដកប្រាក់ ពីគណនីធនាគារ របស់អតិថិជននោះ។
សមត្ថកិច្ច បានអះអាងថាៈ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ មានអតិថិជនរបស់ ធនាគារកាណាឌីយ៉ា ចំនួន៥នាក់ បានមកប្ដឹងពីការបាត់ប្រាក់ ក្នុងគណនីធនាគារ។ ក្នុងនោះអតិថិជនទី១. ឈ្មោះ ពេជ សូរិយា ភេទស្រី អាយុ ៤១ ឆ្នាំ បានបាត់ប្រាក់ចំនួន ៦ ម៉ឺនដុល្លារអាមេរិក ដោយត្រូវគេលួចផ្ទេរប្រាក់ ពីគណនីរបស់គាត់ ទៅគណនីលេខ ០០១០០០ ៤៨៦៦២៥៣ ដែលមានឈ្មោះ shop 24 on និងម្ចាស់គណនីឈ្មោះ Goyal sandeep Kumar ចំនួន ៣ លើក បាត់ប្រាក់សរុប ៦ ម៉ឺនដុល្លារអាមេរិក។ អតិថិជនទី២.ឈ្មោះ ឈួន ស្រីណូ ភេទស្រី អាយុ២៧ឆ្នាំ បានបាត់ប្រាក់ចំនួន ៤៣៥ ដុល្លារអាមេរិកដោយត្រូវ គេលួចផ្ទេរ ពីគណនីរបស់គាត់ ទៅគណនីរបស់ឈ្មោះ Goyal sandeep Kumar។ អតិថិជនទី៣.ឈ្មោះ ច័ន្ទ សុផា ភេទស្រី អាយុ៣៣ឆ្នាំ បានបាត់ប្រាក់ ចំនួន១ម៉ឺន ដុល្លារអាមេរិក។ អតិថិជនទី៤.ឈ្មោះ ម៉ិច កញ្ញា អាយុ២៨ឆ្នាំ បានបាត់ប្រាក់ចំនួន ៤.៩០០ ដុល្លារអាមេរិក។ និងទី៥.នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ក្រុមជន សង្ស័យ បានទៅដកប្រាក់ ពីធនាគារកាណាឌីយ៉ា ក្បែរវិមានឯករាជ្យ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនតែម្ដង។
មន្ត្រីនគរបាល បានបន្តថាៈ ល្បិចឆបោករបស់ ជនបរទេស ៣ នាក់ លួចដកប្រាក់ពីគណៈនី របស់អតិថិជន ដែលផ្ញើនៅធនាគារ កាណាឌីយ៉ានេះ ដំបូងអតិថិជន បានទទួលសារ ដែលពួកគេ បានបង្ហោះចូល ក្នុងទូរស័ព្ទដៃ របស់ពួកគាត់ តាមរយៈតេឡេក្រាមដោយប្រាប់ ថាៈ គណនីធនាគារ របស់ពួកគាត់ (ជនរងគ្រោះ) ត្រូវបានគេលួចចូល និងបានភ្ជាប់ គេហទំព័រ ឈ្មោះ www.canadias.com ជាគេហទំព័រ ក្លែងបន្លំរបស់ ធនាគារកាណាឌីយ៉ា។ ដូច្នោះជនសង្ស័យ ក៏បានណែនាំឲ្យអតិថិជន ធ្វើតាមគេ និងបានតម្រូវឲ្យបញ្ចូលព័ត៌មាន សម្ងាត់តាមអ្វី ដែលគេប្រាប់ បន្ទាប់មក ដោយមានការសង្ស័យ អតិថិជនបានឆែកមើល ទឹកប្រាក់ នៅក្នុងគណនីរបស់ខ្លួន ស្រាប់តែបាត់ប្រាក់ ដូចមានចំនួនរៀបរាប់ ខាងលើ ទើបបាននាំគ្នា ទៅផ្តល់ព័ត៌មានដល់ ធនាគារកាណាឌីយ៉ា ដើម្បីឲ្យចាត់ការចំពោះជន បរទេស ដែលមានគំនិតទុច្ចរិតនេះ៕/V-PC