ប្រែសម្រួលៈវាសនា/ស៊ីនជូ,តៃវ៉ាន់៖ទាហានតៃវ៉ាន់កំពុងប្រើរថក្រោះ កាំភ្លើត្បាល់ និងសព្វាវុធធុនតូចក្នុងសមយុទ្ធមួយកាលពីថ្ងៃអង្គារទី១៩មករាក្នុងបំណងត្រៀមវាយរុញច្រានការវាយប្រហារណាមួយចេញពីចិនដីគោក ដែលតែងអះអាងថាខ្លួននឹងប្រើកម្លាំងយោធាក្នុងករណីចាំបាច់ដើម្បីនាំកោះផ្តាច់ខ្លួននេះមកធ្វើការបង្រួបបង្រួមជាតិឡើងវិញ។
ឧត្តមសេនីយ៍ត្រី ចេន ចុងជី នាយកនៃនាយកដ្ឋានសង្គ្រាមនយោបាយ បាននិយាយអំពីសមយុទ្ធនៅខាងត្បូងក្រុងតៃប៉ិះនេះថា « មិនថាមានអ្វីកើតឡើងជុំវិញច្រកសមុទ្រតៃវ៉ាន់ ការតាំងចិត្តរបស់យើងដើម្បីការពារមាតុភូមិរបស់យើងនឹងមិនផ្លាស់ប្តូរទេ»។
លោកចេនបាននិយាយថា ការហ្វឹកហាត់យោធានេះមានបំណងបង្ហាញការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ដើម្បីរក្សាសន្តិភាពរវាងភាគីទាំងពីរតាមរយៈការបង្ហាញកម្លាំង។សមយុទ្ធនេះក៏ដើម្បីធានាអះអាងឡើងវិញចំពោះសាធារណជនថា យោធាកំពុងរក្សាការប្រុងប្រយ័ត្នរបស់ខ្លួននៅមុនពិធីចូលឆ្នាំថ្មីនៅខែក្រោយ នៅពេលទាហានជាច្រើននឹងឈប់សម្រាក។
សូមបញ្ជាក់ថា ដោយស្ថិតក្រោមសម្ពាធពីវត្តមាននាវានិងយន្តហោះចម្បាំងចិនកាន់តែច្រើនឡើងនៅជិតៗកោះសេរីនិយមនេះ ប្រធានាធិបតីតៃវ៉ាន់បានស្វះស្វែងពង្រឹងវិស័យយោធារបស់កោះដោយបញ្ជាទិញសព្វាវុធតំលៃរាប់ពាន់លានដុល្លារពីអាម៉េរិក រួមមានយន្តហោះ F-16 ដ្រូនប្រដាប់អាវុធ ប្រព័ន្ធរ៉ុក្កែតនិងកាំជ្រួចHarpoonដែលអាចបាញ់នាវានិងគោលដៅលើដី៕
ទាហានចូលរួមក្នុងសមយុទ្ធយោធានៅតៃវ៉ាន់ខាងជើងកាលពីថ្ងៃអង្គារ ដោយធ្វើដូចជាខ្លួនកំពុងប្រយុទ្ធនឹងទាហានចិនមកពីដីគោក