ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ ត្រូវបាននគរបាល ដឹកយកទៅបន្សាបសារធាតុញៀន បែរជាត្រូវជនមិនស្គាល់មុខ វាយបណ្ដាលឲ្យស្លាប់ កាលពីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវ២០១១ ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
ជនរងគ្រោះ ឈ្មោះ ម៉ូយ សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លើសាកសព មានស្លាកស្នាមបន្សល់ទុក ស្នាមជាំហើម នៅក្បាល ចំហៀងខាងស្ដាំ កកឈាម ចំនួន១ កន្លែង និងស្នាមជាំ នៅលើចុងដង្ហើម និងរង្វង់ភ្នែកសងខាង មានស្នាមជាំខ្មៅ។
តាមការបំភ្លឺរបស់ឈ្មោះ គង់ ឆុន និងឈ្មោះ ហែម សុផាន់ណា បានរៀបរាប់ថាៈ នៅមុន ពេលកើតហេតុ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាលខណ្ឌ សែនសុខ បានដឹកជន រងគ្រោះ ដោយមានភ្ជាប់ឯកសារផង ដើម្បីចូលសម្រាកព្យាបាល នៅមណ្ឌលជាតិ និងស្ដារនីតិសម្បទា និងបន្សាបគ្រឿងញៀន ដែលដាក់ជនរងគ្រោះ ស្នាក់នៅអគារខាងលិច បន្ទប់លេខ០៧ ជាមួយអ្នកព្យាបាល បន្សាបគ្រឿងញៀន ចំនួន ៣៨ នាក់។ បន្ទាប់មក ស្រាប់តែជនរងគ្រោះ មានអាការៈមិនប្រក្រតី ក៏បានបញ្ជូនជនរងគ្រោះ ទៅគ្រូពេទ្យប្រចាំ នៅមជ្ឈមណ្ឌល ដើម្បីសង្គ្រោះបន្ទាន់ តែដោយសារសភាពធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ ស្លាប់តែម្ដង។
តាមការពិនិត្យរបស់ កម្លាំងការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ បានសន្និដ្ឋានថាៈ ជនរងគ្រោះ បានស្លាប់ដោយសារ ការប៉ះទង្គិចក្បាល និងខ្លូនប្រាណធ្ងន់ធ្ងរ។ ដោយមានការឯកភាព ពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញឱ្យសមត្ថកិច្ច ប្រគល់ សពជនរងគ្រោះ ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕/V-PC