ដោយៈ សរិទ្ធ / បាត់ដំបងៈ យុវជនម្នាក់ ដែលបានរំលោភសេពសន្ថវៈ អនីតិជន អាយុក្រោម១៥ឆ្នាំ បានត្រូវកម្លាំងអធិការដ្ឋាន នគរបាលស្រុកបវេល ឃាត់ខ្លួនកាលពី រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ តាមពាក្យបណ្តឹងឪពុកជនរងគ្រោះ។
មន្ត្រីនគរបាកស្រុកបវេល បានឲ្យដឹងថា ក្នុងពាក្យបណ្ដឹងឈ្មោះ លុយ ប៉ី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ជាឪពុកក្មេងស្រី រងគ្រោះ បានបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក នៅចំណុចក្នុង បន្ទប់ទឹក នៃបរិវេណវត្តបឹងសំរោង ក្នុងឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបងគ្រាដែលក្មេងស្រី រងគ្រោះ ជិះកង់ចូលវត្ត ហើយមានយុវជនម្នាក់ ស្ទាក់ពីមុខ ចាប់អូសដៃ ចូលបន្ទប់ទឹក ខ្ទប់មាត់ក្មេងស្រី គំរាមមិនឲ្យស្រែក រួចចាប់រំលោភសេពសន្ថវ: បានសម្រេចតែម្តង។
ក្រោយទទួលពាក្យបណ្ដឹង និងដោយបានការសម្របសម្រួលនីតិវិធី ពីលោក គឺ ប៊ុ ណ្ណា រ៉ា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបាត់ដំបង នគរបាលស្រុកបវេល បានស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វុន វេត ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅវត្តបឹង សំរោង ស្ថិតនៅភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។
ក្រោយឃាត់ខ្លួន ជនសង្ស័យ បានសារភាពថាៈ ខ្លួនពិតជាបានចាប់រំលោភ ក្មេងស្រីរងគ្រោះ ដូចការចោទប្រកាន់ ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅ ការិយាល័យ ជំនាញខេត្ត ដើម្បីអនុវត្តបន្ត តាមនីតិវិធី៕/V-PC