ដោយៈ សុខុម/ស្ទឹងត្រែងៈ បងប្អូនជនជាតិដើមភាគតិចប្រូវ (ព្រៅ) មួយភូមិ រស់នៅភូមិ កាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង បានរក្សាទម្លាប់យកទឹកអូរ ដែលធ្លាក់ចេញពីភ្នំ ឫសឈើធម្មជាតិ ដងមុជ និងដងដាក់ធុង ទុកដាំស្ល។
ពេលយើងទៅដល់ភូមិនោះ មើលទៅហាក់បីដូចជា ភូមិកុលសម្ព័ន្ធ មួយដាច់ដោយឡែក។ តែភូមិនោះ មិនឆ្ងាយប៉ុន្មានពីទីរួមស្រុកសេសានឡើយ គ្រាន់តែជាទម្លាប់របស់អ្នកភូមិ ជនជាតិដើមភាគតិច រស់នៅតាមបែបធម្មជាតិ តែប៉ុណ្ណោះ។
លោក សុវណ្ណ ពិសិដ្ឋ អភិបាលស្រុកសេសាន បានប្រាប់ឲ្យដឹងថាៈ ដោយមើលឃើញពី ការរស់នៅ ទំនៀមទម្លាប់ របស់បងប្អូនជនជាតិដើមភាគតិច យកទឹកអូរ ពីប្រភពធម្មជាតិ ប្រើប្រាស់សំខាន់នោះ លោកក៏បានដឹកនាំមន្ត្រី សហការជាមួយបងប្អូនប្រជាពលរដ្ឋ នៅតំបន់នោះ យកបាវខ្សាច់ ទៅទប់ទឹកកែច្នៃ ឲ្យទៅជាកន្លែង ងាយស្រួល សម្រាប់ដង មុជប្រើប្រាស់ ប្រចាំថ្ងៃដល់អ្នកភូមិ។
លោកអភិបាលស្រុក បានបន្ថែមទៀតថាៈ បើសិនជាមានថវិកា គ្រប់គ្រាន់ណាមួយនោះ នឹងកែច្នៃតំបន់អូរនេះ ជាទំនប់តូចមួយ ដើម្បីងាយស្រួល សម្រាប់អ្នកភូមិប្រើប្រាស់។
លោកអភិបាលស្រុក បាននិយាយបន្តថាៈ នៅក្នុងស្រុករបស់លោក មានអណ្ដូងស្នប់ ដែលបានផ្ដល់ឱ្យពួកគាត់ ប្រើប្រាស់ដែរ ប៉ុន្តែជាទម្លាប់របស់ ជនជាតិដើមភាគតិច ធ្លាប់ប្រើប្រាស់ ទឹកហូរបែបនេះ ហើយគាត់នៅតែមានទម្លាប់ យកទឹកអូរដែលចេញពី ធម្មជាតិ មកប្រើប្រាស់ជាដដែល។ លោកគ្រោង នឹងរៀបចំអូរនេះ ឲ្យក្លាយជាទំនប់ទឹកមួយ បង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ នៅថ្ងៃខាងមុខ៕/V-PC