Home ព័ត៌មានសំខាន់ៗ អនុប្រធាន​ទី​...

អនុប្រធាន​ទី​២ រដ្ឋសភា​៖ ចំណងមិត្តភាព ជា​ប្រពៃណី​ដ៏​យូរលង់ និង​ជា​ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ រវាង​កម្ពុជា​-​ចិន មាន​លក្ខណៈពិសេស ហើយ​ធន់​នឹង​វិបត្តិ និង​ហេតុការណ៍ ផ្សេងៗ​

ដោយៈ សុផល / ភ្នំពេញៈ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធានរដ្ឋសភា បានលើកឡើង​ថាៈ « ចំណងមិត្តភាព ជា​ប្រពៃណី​ដ៏​យូរលង់ មិត្ត​ដែកថែប និង​ជា​ដៃគូ យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន មាន​លក្ខណៈពិសេស ហើយ​ធន់​នឹង​វិបត្តិ និង​ហេតុការណ៍​ផ្សេងៗ​»​។​

​ការលើកឡើង​បែបនេះ ធ្វើឡើង​នៅ​រសៀល ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ ក្នុងឱកាស​នៃ ការបើក​កិច្ចប្រជុំ ដំណាក់កាល​ទី​២ រវាង​លោក ចាង ឈុន​ស៊ាន (Zhang Chunxian) អនុប្រធាន​គណៈកម្មាធិកា​រ អចិន្ត្រៃយ៍​នៃ​សភា តំណាង​ប្រជាជន​ចិន ទូទាំងប្រទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន ទី​២ នៃ​រដ្ឋសភា និង​ដោយមាន​ការចូលរួម ថ្លែង​របស់​គណៈកម្មកា​រ​ជំនាញ ចំនួន​៤ របស់ រដ្ឋសភា​កម្ពុជា ទៅលើ​ប្រធានបទ​ផ្សេងៗ ដោយ​ផ្តោតជាសំខាន់ ទៅលើ​ថា តើ​សមាជិក សភា មាន​តួនាទី​យ៉ាងណា នៅក្នុង​បញ្ហា នាពេល​បច្ចុប្បន្ន ដូចជា​៖ កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ បទពិសោធន៍​ផ្នែក​ច្បាប់ លើ​ការងារ​ថែរក្សា ការពារ​បរិស្ថាន និង​ការអភិរក្ស ជីវៈចំរុះ សហប្រតិបត្តិការ​អន្តរជាតិ ក្នុងការ​ប្រយុទ្ធប្រឆាំង មេរោគ​រាតត្បាត​សកល កូ​វីដ​១៩ ការស្តារ​សេដ្ឋកិច្ច ក្រោយ​វិបត្តិ នៃ​មេរោគ​រាតត្បាត​សកល​កូ​វីដ​១៩ និង​សភាពការណ៍​តំបន់ អន្តរជាតិ នាពេល​បច្ចុប្បន្ន​។​

​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ ដំណាក់កាល​ទី​២ នេះ លោកស្រី ឃួន សុ​ដា​រី ក៏បាន​ឆ្លៀត​យក ឱកាស​នេះ អបអរសាទរ ភាពជោគជ័យ ជា​សមិទ្ធផល​បក្សកុម្មុយនិស្ត និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត​ប្រាជ្ញា​ឈ្លាស វៃ​របស់ លោក​ប្រធានាធិបតី ស៊ី ជិន​ពីង ក្នុងការ​ដឹកនាំ នាវា​ចិន ពុះពារ​ឆ្លងកាត់​រាល់ ឧបសគ្គ​ផ្សេងៗ នាំមក​នូវ​កំណើនសេដ្ឋកិច្ច គួរ​ជាទី​មោទនៈ ជាមួយនឹង​វិទ្យាសាស្ត្រ បច្ចេកទេស ដែល​ធ្វើឱ្យ​តួនាទី​អន្តរជាតិ​របស់​ចិន ត្រូវបាន​លើក​កំពស់​ជាង​ពេលណាៗ ទាំងអស់​។​

​លោកស្រី អនុប្រធាន​ទី​២​រដ្ឋសភា បាន​គូសបញ្ជាក់​បន្ថែមថាៈ កិច្ចពិភាក្សា​រវាង​សមាជិកសភា នៃ​សភា​ទាំងពីរ បាន​ប្រព្រឹត្តឡើង ចំ​ពេលដែល​ពិភពលោក កំពុង​ប្រឈម​នឹង​ការ​គំរាម កំហែង​ខ្ពស់ មិន​ធ្លាប់​ជួបប្រទះ នៃ​សភាពការណ៍​សកលលោក សភាពការណ៍​តំបន់ ការគំរាមកំហែង នៃ​ការ​រាតត្បាត ជា​សកល​ដោយ​មេរោគ​កូ​វីដ​១៩ ការប្រែប្រួល​អាកាសធាតុ និង​បរិស្ថាន វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ រួមទាំង​ជីវភាព​រស់នៅ របស់​មនុស្សជាតិ​។​

​មុននឹង​បញ្ចប់​ការ​ថ្លែង បើក​កិច្ចប្រជុំ ដំណាក់កាល​ទី​២​នេះ លោកស្រី បានបង្ហាញ​នូវ​ក្តីសង្ឃឹម និង​ជំនឿ​ជាក់​យ៉ាង​មុតមាំ ទៅលើ​គុណ​តំលៃ​សកល របស់​មនុស្សជាតិ​ដោយ​តាមរយៈ​ការ ធ្វើការ​រួមគ្នា យ៉ាង​ជិតស្និទ្ធ សាមគ្គី​ភាពជា​សកល ពិតជា​ចូលរួម​ដោះស្រាយ​វិបត្តិ​ពិសេស លើ​បញ្ហា​ធំៗ ការ​ប្រឈម​ជាស​កល តាមរយៈ​ស្ថាប័ន អង្គការ​អន្តរជាតិ​នានា​ដូចដែល ប្រទេស​ទាំងពីរ និង​ប្រទេស​នានា លើ​សកលលោក កំពុង​ធ្វើ​។​

​លោកស្រី បាន​សង្កត់ធ្ងន់ថា ក្នុងពេល​ដ៏​លំបាក ក្នុងពេល​មាន​អាសន្ន យើង​នឹង​អាច​រកបាន មិត្ត​ពិតប្រាកដ ដូចជា​សុភាសិត​ខ្មែរ និយាយថាៈ ” មិត្ត​ពិត ជួយ​គ្នា ក្នុង​គ្រាក្រ គ្រា​មាន អាសន្ន​” ។ ដូចនេះ ក្នុង​បរិបទ​កូ​វីដ​១៩ មិត្តភាព រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ ចិន​-​កម្ពុជា កាន់តែ​រឹងមាំ​បន្ថែមទៀត​”៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular